ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»

នៅឆ្នាំ១៩៩៦ នាងកញ្ញា មេឡានីញ៉ា ខ្នូស (Melania Knauss) បានធ្វើការជាច្រើនសប្ដាហ៍ នៅក្នុង​សហរដ្ឋ​អាមេរិក ជា​មួយ​នឹង​ទិដ្ឋការ​ទេសចរណ៍។ ជាទង្វើល្មើសមួយ ដែលមានទម្ងន់ទោស ស្មើនឹងការបណ្ដេញចេញ ពីទឹកដី​អាមេរិក ប្រសិន​ជា​លោក ដូណាល់ ត្រាំ (Donald Trump) បានឡើងកាន់​អំណាច តាំងពី​​សម័យ​នោះ។
ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»
អ្នកស្រី មេឡានី នៅក្នុងពេលលោក ដូណាល់ ត្រាំ ឃោសនារកសម្លេងឆ្នោត នាពេលកន្លងមក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០១ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 01, 2017
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅខណៈពេល ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីងអាមេរិក បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខារបស់​លោក​ នៅលើ​ក្រិត្យ​ថ្មី​មួយ ស្ដី​ពី​អន្តោប្រវេសន៍ នៅ​សហរដ្ឋ​អាមេរិក​នោះ ទីភ្នាក់ងារ​ព័ត៌មាន​ «Associated Press (AP)» បាន​ដឹកនាំ​ការ​សិក្សា​អង្កេត ទៅលើសំនុំរឿង​ដ៏​ចំណាស់​មួយ ទាក់ទង​នឹង​ស្ត្រី​ទី​មួយ​អាមេរិក គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ដែល​មាន​នាម​ដើម មេឡានីញ៉ា ខ្នូស (Melania Knauss)។ នេះ បើ​តាម​របាយ​ការណ៍​មួយ របស់សារព័ត៌មាន​ចេញផ្សាយ​ប្រចាំថ្ងៃ របស់អង់គ្លេស ឈ្មោះ​ «The​ Independent»។

សារព័ត៌មានបានពន្យល់ថា ប្រសិនជាលោក ដូណាល់ ត្រាំ បានជាប់ជាប្រធានាធិបតី នៅក្នុងទសវត្សន៍​ឆ្នាំ៩០​នោះ ម្លេះ​សម​អ្នកស្រី មេឡានី ត្រាំ ដែលជាស្ត្រី​ទីមួយអាមេរិក (ភរិយាលោក ត្រាំ) គឺ​ជា​ជន​អន្តោប្រវេសន៍​ទី​មួយ​ ដែល​ត្រូវ​បណ្ដេញ​ចេញ ពីសហរដ្ឋ​អាមេរិក ហើយនឹងត្រូវ​ជាប់ក្នុង​បញ្ជីខ្មៅ ដែលត្រូវ​ហាម លែង​ឲ្យ​ជាន់​ទឹកដី​អាមេរិក អស់​មួយ​ជីវិត។

របាយការណ៍បានរៀបរាប់ថា ស្ត្រីអន្តោប្រវេសន៍វ័យក្មេង ជាតិស្លូវ៉ាគី ដែលមានឈ្មោះ មេឡានីញ៉ា ខ្នូស បាន​មក​ដល់​សហរដ្ឋ​អាមេរិក នៅឆ្នាំ​១៩៩៦ ហើយភ្លាម​នោះ នាងបានធ្វើការ​មានប្រាក់ខែ ជាអ្នក​បង្ហាញ​ម៉ូដ​ ក្នុង​រយៈពេល​៧សប្ដាហ៍ ខណៈរូបនាង​មានទិដ្ឋការ ត្រឹមតែជាអ្នកទេសចរណ៍​ម្នាក់​ប៉ុណ្ណោះ (ទិដ្ឋការ​ទេសចរណ៍​ មាន​សិទ្ធិ​ត្រឹម​តែ​ធ្វើ​ទេសចរណ៍ប៉ុណ្ណោះ នៅក្នុងប្រទេស​លោក​ខាងលិច)។ នៅក្នុងរយៈពេល​នោះ នាង​កញ្ញា​ មេឡានីញ៉ា ខ្នូស ទទួល​បាន​ប្រាក់​បំណាច់ ប្រមាណជា ២ម៉ឺនដុល្លារ មុននឹង​ផ្លាស់ប្ដូរ​ស្ថានភាព ដើម្បី​ទទួល​បាន​ទិដ្ឋការ ដែលអាច​ឲ្យនាង​ធ្វើការ​បាន ដោយ​ស្របច្បាប់។

នៅក្នុងវិធានការចុងក្រោយបង្អស់ ដែលចេញដោយ​ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​កំណត់​តួនាទី ឲ្យបណ្ដាការិយាល័យ​អន្តោប្រវេសន៍​ទាំងអស់ នូវ​សិទ្ធិ​ជាអាទិភាព ក្នុង​ការបណ្ដេញ​ចេញ នូវ​រាល់​ជន​បរទេស​ណា​ក៏​ដោយ ដែលប្រព្រឹត្តិល្មើស ទៅនឹងកាតព្វកិច្ច​នៃ​ជន​អន្តោប្រវេសន៍ ដែលប្រទេស​អាមេរិក​បាន​អនុគ្រោះ ឬបាន​អនុញ្ញាត​ឲ្យ​ជាន់​ជើង ចូលមក​ក្នុង​ទឹកដីខ្លួន។ ហើយ​បើទោះ​ជា​អ្នកស្រី មេឡានី ត្រាំ មាន​សញ្ជាតិ​អាមេរិក និងជាស្ត្រី​ទីមួយ របស់ប្រទេស​មហា​អំណាច​ក៏ដោយ ក៏អ្នកស្រី​គួរត្រូវ​គេ​កោះ​ហៅ ទៅសាកសួរ​ជា​ថ្មី ក្រោមមូលហេតុ​​ដែល​អ្នកស្រី​មាន​ចេតនា បានរំលោភ ឬបានលាក់​ព័ត៌មាន​ខាង​លើ​នេះ នៅ​ពេល​អ្នកស្រី​បាន​ស្នើសុំ​សញ្ញាតិ។

«ពួកគេត្រូវចេញពីអាមេរិក...»

បន្ថែមពីលើនេះ លោក ដូណាល់ ត្រាំ នៅបានបញ្ជាទៅក្រសួងមហាផ្ទៃអាមេរិក ឲ្យធ្វើការស្វែងរក យ៉ាង​សកម្ម​ជា​ទី​បំផុត និង​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេសដើមវិញ នូវជនណា (ទោះមានសញ្ញាតិអាមេរិកហើយ ក៏​ដោយ) ដែល​បាន​រំលោភ​ច្បាប់​អាមេរិក ទោះស្ថិត​ក្នុង​សភាព​បែបណា​ក៏ដោយ។ បញ្ជានេះ មិនបាន​អនុគ្រោះ ចំពោះ​ភាព​ចន្លោះ​ប្រហោង ដែលបាន​កើត​ឡើង នៅក្នុងសម័យកាល​កាន់​អំណាច របស់លោក បារ៉ាក់ អូបាម៉ា (Barack Obama) ឬរបស់​ប្រធានាធិបតី​មុនៗ​នោះ​ទេ។

មេធាវីរបស់អ្នកស្រី មេឡានី ត្រាំ បានអះអាងថា ឯកសារដែលទីភ្នាក់ងារព័ត៌មាន «AP» ទទួល​បាន​នោះ មិន​មាន​ន័យ​អ្វី​សម្រាប់​កូន​ក្ដី​ខ្លួន​ទេ។ តែមេធាវីរូប​នោះ មិនបាន​បញ្ជាក់​ថា តើឯកសារ​នោះ​ពិត ឬក្លែងក្លាយ​ ឬ​ក៏​​អ្នក​ស្រី មេឡានី ពិតជា​បាន​ប្រព្រឹត្តិ​ល្មើស ឬយ៉ាងណ​នោះ​ដែរ។

ដោយឡែក មេធាវីមួយរូបទៀត ដែលជំនាញខាងអន្តោប្រវេសន៍ និងជនភៀសខ្លួន លោក «Cheryl David» បាន​ថ្លែង​ប្រាប់​សារព័ត៌មាន «Slate» របស់​អាមេរិក​ថា៖ «អ្នកស្រី មេឡានី ពិតជា​បាន​រំលោភ ពីស្ថានភាព​អនុគ្រោះ ជា​ជន​អន្តោ​ប្រវេសន៍​របស់​អ្នកស្រី នៅពេលនោះ។ ហើយប្រសិន​ជា​ការិយាល័យ​អន្តោប្រវេស ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ​នោះ គឺវាច្បាស់​ហើយ​ថា ពួកគេនឹងអនុវត្តន៍​និតិវិធី ដើម្បី​បណ្ដេញ​អ្នកស្រី មេឡានី ចេញ​ពី​សហរដ្ឋ​អាមេរិក។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...