មូលហេតុដែល ហ៊ុន សែន ប្រកាសប្រើទំព័រហ្វេសប៊ុក ជាផ្លូវការ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 25, 2015
- ប្រធានបទ: ហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើ់កឡើងថា ដោយកន្លងមក មានការបង្ហាញតាមប្រព័ន្ធ Social Media ពិសេសតាមប្រព័ន្ធ Facbook នូវ«ផេក»មួយចំនួន ដែលអះអាងថា ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចមានការភ័ន្ធច្រលំnM ខុទ្ធកាល័យនាយករដ្ឋមន្រ្តី សូមប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវផេកហ្វេសប៊ូឲុក លោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។
ការប្រកាសឲ្យប្រើប្រាស់ នូវទំព័រហ្វេសប៊ុកមួយនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ខ្លួនលោកបានចេញមុខបដិសេធ ជាច្រើនដង ថាលោកមិនដេលមានគណនេយ្យ ឬទំព័រហ្វេសប៊ុក ប្រើប្រាសនោះទេ។ សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីវិញ បានលើកឡើង ពីហេតុផលមួយចំនួន ដែលទំព័រ «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
នៅលើទំព័រផ្ទាល់របស់លោក អ្នកនាំពាក្យទីស្ដីការ ដែលសម្បូរដោយវោហាស័ព្ទ បានលើកឡើងថា លោក ហ៊ុន ហែន ជាប់ជានាយករដ្ឋមន្រ្តី ពីសម្លេងប្រជាពលរដ្ឋភាគច្រើន ហើយលោកក៏ចង់ដើរតួនាទី ជារាស្រ្តផង និងជានាយករដ្ឋមន្រ្តីផង។ លោក ស៊ីផាន បានបន្តថា លោក ហ៊ុន សែន ចង់ទទួលបាន នូវរបាយការណ៍ដោយផ្ទាល់ ពីមន្រ្តីគ្រប់ជាន់ថ្នាក់ ពិសេសពីប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាព អាចជួប និងជូនរបាយការណ៍ផ្ទាល់ដៃ មកដល់លោក។
លោកផៃ ស៊ីផាន បានសរសេរទៀតថា៖ «សម្តេចតេជោ នាយករដ្ឋមន្ត្រី (...) មានទស្សនៈទានយល់ឃើញវែងឆ្ងាយ រាប់ទាំងវិស័យសង្គម ដើម្បីសន្តិភាព ការរីកចំរើន និងឯកភាពជាតិ។ ហ្វេសប៊ុក របស់សម្តេចតេជោ គឺជាលំហរទស្សនៈសាធារណៈមួយ ដែលលោកទទួលបានដឹង និងយល់ពីសេចក្តីត្រូវការពិតប្រាកដ សេចក្តីបារម្មណ៍ពិតប្រាកដ ឬសំណូមពរពិតប្រាកដ របស់ប្រជាពលរដ្ឋ។ (...) របាយការណ៍ជាផ្លូវការរបស់មន្ត្រី និងរបាយការណ៍របស់ប្រជាពលរដ្ឋ ជូនផ្ទាល់ដល់សម្តេចតេជោ ។ (...) សម្តេចតេជោ មានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងកិច្ចប្រាស្រ័យទាក់ទង ផ្ទាល់ជាមួយមហាជនរបស់លោក ដូចជាការបង្ហាញនូវទស្សនៈ ឬសេចក្តីអំពាវនាវរបស់លោក ទៅកាន់សាធារណៈជន ក្នុងនាមជារាមច្បង ឬអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ នាំមុខរបស់រដ្ឋ។»
បន្ទាប់ពីបង្កើតបានជិតប្រាំឆ្នាំមកនេះ ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» មានអ្នកចូលទៅ«Like» រហូតដល់ជាងមួយលាននាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥នេះ។ ឃ្លាដំបូងគេ របស់ទំព័រហ្វេសប៊ុកនេះ មានសរសេរថា៖ «Become a true supporter of Samdech Hun Sen, Prime Minister of Cambodia today» កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១០។
ប៉ុន្តែចំនួនអ្នក «Like» របស់ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នៅតែមានចំនួន តិចជាងទំព័រហ្វេសប៊ុក «Sam Rainsy» របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ មានទទួលចំនួនអ្នក«Like» រហូតដល់ជាងមួយលានកន្លះ៕