អ៊ុំ សំអាន ថា​លោកតា រួមរឹត ផ្ដល់​អនុសាសន៍​​ចំនួន​៥ រឿង​ព្រំដែន

ក្រោយពីបាត់សម្លេងមួយរយៈធំ លោកតា រួម រិត បានចេញមុខជាថ្មី ឆ្លើយឆ្លងពីបញ្ហាព្រំដែន។ លោកតា​បាន​ផ្តល់ ជា​អនុសាសន៍ចំនួន​«៥» ដើម្បីធានាការពារអធិបតេយ្យភាព និងស្ថេរភាពទឹកដីរបស់កម្ពុជា។ នេះ​បើ​តាម​ការ​អះអាង របស់​​ទំព័រ​ហ្វេសប៊ុក​​​របស់​​លោក​តំណាង​រាស្ត្រ អ៊ុំ សំអាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២២ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 25, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមទំព័រហ្វេសប៊ុក របស់តំណាងរាស្រ្ត មណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​អះអាងថា «លោកតា រួមរឹត» ដែលតែងតែធ្លាប់ឆ្លើយឆ្លងលិខិត ជាមួយព្រះបរមរតនៈកោដ្ឋ កាលព្រះអង្គ​គង់​មាន​ព្រះជន្ម បានចេញមុខមកវិញ ដើម្បីបកស្រាយ ពីបញ្ហាព្រំដែន។ តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន ថា​បន្ទាប់​ពី​បាន​បាត់សម្លេង មិនឃើញសរសេរលិខិត ឆ្លើយឆ្លងជាមួយនឹងសម្តេចតា ព្រះបាទនរោត្តម សីហនុ ទៀត លើ​បញ្ហា​ព្រំដែន ព្រោះប្រតិកម្មខ្លាំងៗ ពីនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នោះ នៅពេលនេះ លោកតា រួមរឹត បាន​ទទួលនិយាយ តាម«ទូរស័ព្ទ»ផ្ទាល់ជាមួយ ជាមួយតំណងរាស្ត្រគណបក្សប្រឆាំង។

តបនឹងការលើកឡើង នាពេលកន្លងមក ដែលថាលោកតា រួមរឹត និងសម្ដេច នរោត្ដម សីហនុ ជាមនុស្សតែមួយ និង​ថាលោក រួមរឹត គ្រាន់តែជាក្ដីស្រម៉ៃ​របស់សម្ដេចតានោះ លោក អ៊ុំ សំអាន បានអះអាងយ៉ាងមុតមាំថា លោក​តា រួមរឹត ជាមនុស្សមែនទែន ហើយជាមិត្តភ័ក្រ​របស់ព្រះមហាវីរៈក្សត្រ។ តំណាងរាស្ត្រគណបក្ស​ប្រឆាំង បាន​សរសេរថា៖ «តាមពិតលោកតា រួមរឹត ពិតជាមានមែន។ (...) លោកតា រួមរិត ជាមិត្តភក្តិជិតដិត របស់​​សម្តេច​តា តាំងពីនៅកុមារភាព ហើយធ្លាប់ឆ្លើយឆ្លងលិខិត ជាមួយសម្តេចតាពីបញ្ហាព្រំដែន កាលសម្តេចតា​នៅ​មាន​ព្រះជន្ម ហើយលិខិតទាំងនោះ ត្រូវបានចុះក្នុងព្រឺត្តិបត្តិ BMD របស់សម្តេចតា។ (...) ថ្ងៃនេះ ខ្ញុំមានភព្វសំណាង បាន​និយាយ​តាមទូរសព្ទ័ ជាមួយលោកតា រួមរឹត នៅប្រទេសបារាំង។»

លោកបានអះអាងបន្ថែមថា ជាមួយនឹងកិច្ចសន្ទនារបស់លោក ជាមួយនឹងមិត្តសម្លាញ់ របស់សម្ដេច នរោត្ដម សីហនុ នោះ លោក​តា (រួមរឹត) បានផ្តល់ឱវាទ ពាក់ពន្ធ័បញ្ហាព្រំដែនមួយចំនួន ដូចជា៖ «សន្ធិសញ្ញាឆ្នាំ១៩៨២, ១៩៨៣ និង​១៩៨៥ ធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា។ សម្តេចតា ស្នើវាស់ព្រំដែនម្តង១ គ.មៗ នៅពេលសម្តេចតា ជា​ប្រធាន​​ក្រុមប្រឹក្សា​​ជាតិ​ជាន់ខ្ពស់ព្រំដែន ឆ្នាំ២០០៥ ប៉ុន្តែរាជរដ្ឋាភិបាលបដិសេធចោល។»

លោក អ៊ុំ សំអាន បានសរសេរបន្តទៀតថា លោកតា រួមរឹត បានផ្តល់ជាអនុសាសន៏ចំនួនប្រាំ ដើម្បីធានា​សុវត្ថិ​ភាព​ព្រំដែន និងគ្មានការរំលោភឈ្លានពាន កេងយកចំណេញលើទឹកដីកម្ពុជា ពីប្រទេសជិតខាង មាន​ដូច​ជា៖ «លុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញា នាទសវត្សទី៨០ សម័យ​វៀតណាម​កាន់កាប់កម្ពុជា។ អនុវត្តកិច្វព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ១៩៩១។ លោក ផាំ វ៉ាន់ដុង មេដឹកនាំវៀតណាម ធ្លាប់​បានទទួលស្គាល់ព្រំដែនកម្ពុជា និងគោរពអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាឆ្នាំ១៩៦៧ ដែលមានលោក ជូ អេនឡាយ នាយករដ្ខមន្រ្តីចិន ជាសាក្សី។ ត្រូវបោះបង្គោលព្រំដែន តាមទីតាំងចាស់ នៃបង្គោល ចំនួន​១២៤​សម័យ​​បារាំង។ ត្រូវយកផែនទីតម្កល់ នៅអង្គការសហប្រជាជាតិមកប្រើ (លោកតាបញ្ជាក់ថា មានផែនទី​បោន​ខ្នាត ១/១០០​ ០០០ នៅទីនោះគឺ UN)។»

ពាក់ព័ន្ធបញ្ហាខាងលើ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកប្រតិកម្ម ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្រ្តី បានឡើយ នៅពេលនេះ។ សម្រាប់លោក សុខ ទូច ប្រធានស្រាវជ្រាវកិច្ចការព្រំដែល នៃ​រាជបណ្ឌិតសភាកម្ពុជា (សេនាធិការមួយ របស់រដ្ឋាភិបាល) ដែលកំពុងចុះធ្វើការវាស់វែង បង្គោល​ព្រំដែន​​នោះ ធ្លាប់បានអះអាងថា បានរកឃើញបង្គោល ជាបន្តបន្ទាប់ បន្ថែមពីបានរកឃើញបង្គោលព្រំដែន ចំនួន​បី បន្សល់​ពី​សម័យបារាំង។ លោក សុខ ទូច បានថ្លែងឡើងថា៖ «យើងមិនមែនសិក្សា តែនៅលើផែនទីទេ។ ក្រុមយើងនឹង​ផ្ទៀងផ្ទាត់ នៅលើដីជាក់ស្តែងទៀត។ នៅពេលណាយើងសិក្សាចប់ យើងនឹងបើកឱ្យសួរ ដេញ​ដោល​ពីគ្រប់​និន្នាការ និងពណ៌សម្បុរនយោបាយ។ (...) ក្រុមស្រាវជ្រាវបានរកឃើញគ្រឹៈបង្គោល និងបង្គោល​ដែលបន្សល់ ពីអាណានិគមនិយមបារាំង ជាបន្តបន្ទាប់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...