នាងថតសកម្មភាព«ខ្មោចលង» ក្នុងផ្ទះរបស់ខ្លួននៅអៀឡង់
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០២ តុលា ២០១៥
- កែប្រែចុងក្រោយ: October 05, 2015
- ប្រធានបទ: ខ្មោចបីសាច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជិតដល់រដូវកាល «Halloween» ហេតុភេទចម្លែកៗ ក៏ចេះតែកើតមាន ជាបន្តបន្ទាប់ដែរ។ ស្ត្រីជាតិអៀឡង់មួយរូប បានជ្រើសរើសពេលវេលានេះ ដើម្បីបង្ហោះ នៅលើបណ្ដាញសង្គម នូវវីដេអូចំនួនបី ស្ដីពី«ខ្មោចលងក្នុងផ្ទះ»នាង ដែលស្ថិតនៅក្រុង ខក (Cork ទីក្រុងទី៣ ភាគខាងត្បូងនៃប្រទេសអៀឡង់)។ ជាទិដ្ឋភាព«ខ្មោចលង»មិនធម្មតា ដោយសារតែរបស់បរជាច្រើន នៅក្នុងផ្ទះ ជាពិសេសនៅក្នុងបន្ទប់ធ្វើបាយ របស់នាង បានកម្រើក និងហោះចុះឡើងដោយឯកឯង ដ៏គួរឲ្យភ័យខ្លាច។
នាង អាស៊ី ម័រហ្វី (Ashy Murphy) បានបង្ហោះរូបភាព ដែលនាងថតបានទាំងនោះ នៅលើបណ្ដាញសង្គម។ វីដេអូចុងក្រោយ (នៅខាងលើអត្ថបទនេះ) ត្រូវបាននាងដាក់ផ្សាយ នៅថ្ងៃទី២ ខែតុលានេះ ខណៈវីដេអូដែលមានប្រជាប្រិយជាងគេ និងទទួលបានការចែករំលែក ដល់ទៅជាង២សែនដង ជាវីដេអូទីពីររបស់នាង បង្ហោះកាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅ។ រូបភាពទាំងនោះ សុទ្ធសឹងជាការកម្រើក ដោយឯកឯង នូវសម្ភារៈរបស់របរជាច្រើន នៅក្នុងផ្ទះរបស់នាង និងមានវត្ថុខ្លះ ត្រូវបានគ្រវាត់ចេញពីក្នុងទូ មកកាន់រូបនាងជាអ្នកថតជាដើម។
ខ្សែរទាញកំបាំងខ្លួន...
ប្រសិនជាមនុស្សជាច្រើន បានអះអាងពីការជឿជាក់ ថាមាន«ខ្មោចលង»ពិតមែន ហើយបាននាំគ្នាសរសេរ ដាក់យោបល់ ដ៏គួរឲ្យព្រឺឆ្អឺងខ្នងនោះក៏ដោយ តែមនុស្សមួយចំនួនទៀត បានធ្វើការបកស្រាយផ្សេងមកវិញ។ អ្នកជំនាញខាងសរសេរអត្ថបទ ទាក់ទងនឹងពិភព «ខ្មោចព្រាយបីសាច» មួយរូប បានលើកយកគ្រប់ចំណុច នៅក្នុងវីដេអូ មកធ្វើការពន្យល់។
បង្អួច ឬទ្វាទូ បានរបើកឡើងដោយខ្លួនឯង អាចជាត្រូវបានទាញដោយខ្សែរមួយ កំបាំងខ្លួន។ ការទាញខ្សែរនេះ ដូចជាត្រូវបានបញ្ជាក់ ជាមួយនឹងអំពូលភ្លើង ដែលបានគ្រវីគ្រវាត់ខ្លួន ទៅរកទិសតែមួយ។ របស់របរ ឬវត្ថុប្រើប្រាស់ ត្រូវបានគ្រវាត់ចេញ ឬបែកខ្ចាត់ខ្ចាយ អាចត្រូវបាននរណាម្នាក់ បាញ់ព្រួញ ឬចុចគន្លឺះយន្ដពីចំងាយ។ល។ ជាពិសេសចម្រៀង ដែលត្រូវបានស្ដាប់ឮក្នុងវីដេអូ ក៏ជាជម្រើសមួយ ក្នុងការបង្កើតភាពព្រឺព្រួចនោះដែរ៕
វីដេអូទី១ បង្ហោះក្នុងថ្ងៃទី១៥ ខែកញ្ញា៖
-----------
វីដេអូទី២ បង្ហោះក្នុងថ្ងៃទី២២ ខែកញ្ញា៖
-------------