បែក​ធ្លាយ​ថា គយ​នៅ​ប៉ោយ​ប៉ែត​ចាប់​កម្មករ​​អូស​​រទេះ​ ឲ្យ​បង់​​ពន្ធ​ហួស​កម្រិត

ចូលរួមតវ៉ាមិនបានសម្រេចហើយ បែរជាត្រូវក្រុមគយចាប់ឲ្យបង់ពន្ធបន្តទៀត ទាំងគ្មានលទ្ធភាពគ្រប់គ្រាន់ ដល់​ថ្នាក់​ទៅ​ចង​ការ​ប្រាក់​គេ​ទៅ​បង់​ពន្ធ ដើម្បីបានរួចចេញ ពីទីស្នាក់ការគយ«ផ្សាររ៉ា» ទាំងកណ្តាលអាធ្រាត។ សម្រាប់​ប្រធាន​ក្រុម​គយ​ចល័ត ច្រកប៉ោយប៉ែតបែរជានិយាយថា មិនដឹងពីរឿងទាំងអស់នេះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករ​អ្នក​អូស​រទេះ​នៅ​ច្រក​ទ្វារ​ព្រំដែន កម្ពុជា-ថៃ ជា​ច្រើន​នាក់ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន និង​ឃាត់​រទេះ​របស់​ពួក​គេ​ឲ្យ​បង់​ពន្ធ ជា​ពិសេស​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​ថ្លែង​ទុក្ខ​របស់​ក្រុម​កម្មករ​រង​គ្រោះ​ទាំង​នោះ ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នៅ​ថ្ងៃ​នេះ។ ការ​ចាប់​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ចាស់​​ដៃ បន្ទាប់​ពី​ក្រុម​អ្នក​អូស​រទេះ​បាន​ប្រមូល​ផ្តុំ​គ្នា ធ្វើការ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គយ​កាល​ពី​ពេល​ថ្ងៃ​កន្លង​មក។ ក្រុម​កម្មករ​មួយ​ចំនួន​បាន​រួច​ខ្លួន​ពី​ទី​នោះ​មក​វិញ ដោយ​សារ​ពួក​គេ​ទាំង​នោះ បាន​ទៅ​ចង​ការ​ប្រាក់​ពី​គេ ដើម្បី​បង់​ឲ្យ​គយ​ព្រោះ​ចង់​រួច​ខ្លួន។ ប៉ុន្តែ​កម្មករ​មួយ​ចំនួន​ទៀត មិន​បាន​ចេញ​មក​វិញ​ភ្លាមៗ​ទេ។

រីឯ​ការ​ចាប់​បង់​ពន្ធ​នេះ​ទៀត​សោធ មិន​បាន​គិត​ពី​លទ្ធភាព​របស់​អ្នក​អូស​រទេះ ថា​រក​បាន​ចំណូល​ប៉ុន្មាន ក្នុង​ម្នាក់ៗ​នោះ​ឡើយ។

ស្ត្រីវ័យកណ្តាលម្នាក់ អ្នកស្រី ចាន់ ណា ជាអ្នកអូសរទេះនៅច្រកព្រំដែននោះ បាននិយាយថា កាលពីម៉ោង​ប្រមាណជា១២យប់កន្លងទៅ ក្រុមគយចល័តបានចាប់រទេះដឹកឥវ៉ាន់អ្នកស្រី មិនឲ្យឆ្លងកាត់ទីស្នាក់ការ​គយ​នៅចំណុច«ផ្សាររ៉ា»នោះទេ លុះត្រាមានការបង់ពន្ធ ទើបអាចទៅបាន។ នៅពេលនោះ អ្នកស្រីក៏បង់ពន្ធ​ចំនួន​បីម៉ឺនរៀល ដូចសព្វដង តែក្រុមគយចល័តនៅតែមិនឲ្យគាត់ចេញដដែល។ ស្រ្តីវ័យកណ្តាលដែលទើបឆ្លង​ទន្លេបានប្រាំខែរូបនេះ បារម្ភពីកូនតូចនៅផ្ទះយ៉ាងខ្លាំង ក៏សម្រេចចិត្តទៅចងការប្រាក់គេ២០ម៉ឺនរៀល ទៅបង់​ពន្ធទើបបានរួចទាំងជំពាក់បំណុលគេ។

ស្ត្រីកម្មករម្នាក់នេះបញ្ជាក់ទាំងទឹកភ្នែកថា ក្នុងមួយថ្ងៃគាត់អូសរទេះ បានពី៣០០០០រៀល ទៅ៤០០០០រៀល ហើយនៅបង់ពន្ធទៀតគាត់សល់១០០០០រៀល ទៅ២០០០០រៀលប៉ុណ្ណោះ សម្រាប់ចិញ្ចិមគ្រួសារ។ អ្នកអូស​រទេះ ចាន់ ណា ប្រាប់បន្ថែមថា រាល់ការចាប់របស់ក្រុមគយចល័ត មានការរើសអើង ថាចាប់តែរទេះអ្នកក្រ រទេះ​អ្នកមាន មិនចាប់។

ចំពោះហេតុការណ៍នៅយប់ថ្ងៃទី២០នេះ ត្រូវបានប្រធានក្រុមគយចល័តច្រកប៉ោយប៉ែត លោក មុយ បញ្ញារិទ្ធ បដិសេធតាមទូរស័ព្ទថា ថាលោកមិនបានដឹងថា មានរឿងនេះកើតឡើងទេ។ ហើយលោក ក៏មិនបានដឹង​ពី​រឿងដែលអ្នកអូសរទេះ ត្រូវបង់ពន្ធលើសសម្ថភាព ដល់២០ម៉ឺនរៀលនោះដែរ។ លោកបានឆ្លើយថា៖ «ខ្ញុំមិន​បានដឹងទេ»។

ដោយឡែកលោក អ៊ុង ថាប់រាំង ជាចាងហ្វាងកាសែតខ្មែរជាយដែន បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា លោកបានឃើញពីព្រឹត្តិការណ៍នេះផ្ទាល់។ ហេតុការណ៍បានកើតឡើង ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចផ្សាររ៉ា។ លោកថា មានការចាប់ឲ្យបង់ពន្ធមែន ដោយក្នុងមួយនាក់​២០ម៉ឺន​រៀល ដោយអ្នកណាមានលុយបង់បានរួចខ្លួន។

ចាងហ្វាងសារព័ត៌មានខាងលើ បានបន្តថា គយចល័តទាំងនោះបានប្រាប់អ្នកអូសរទេះឲ្យបង់ពន្ធ ដោយ​ចង់​ដឹងថា ជាកូនចៅថៅកែមួយណា ក្នុងគោលបំណងឲ្យថៅកែនោះ មកបង់ពន្ធជូនរដ្ឋរាល់ទំនិញនាំចេញឬចូល តាមច្រកផ្សារ៉ានេះ។ ប៉ុន្តែថៅកែទាំងនោះ មិនដែលចង់បង់ពន្ធទេ ដោយឲ្យអ្នកអូសរទេះជាអ្នកបង់វិញ ពេល​ខ្លះអ្នកមិនមានលុយគ្រប់គ្រាន់ ត្រូវចាប់ទុកនៅទីនោះ។

យ៉ាងណាក៏ដោយ លោក អ៊ុង ថាប់រាំង បានបន្តរៀបរាប់ទៀតថា ខាងមន្ត្រីជំនាញមិនត្រូវធ្វើបែបនេះទេ បើ​ចង់រកមុខថៅកែ ចាំបាច់អី ទៅធ្វើបាបអ្នកស៊ីឈ្នួលអូសរទេះទាំងនោះ? លោកបញ្ជាក់ថា កាលពីយប់កន្លង​ទៅនេះ គយបានចាប់ប្រមាណជា ១៥ រទេះ ហើយភ្លាមៗនោះ បានដោះលែង ៣រទេះហើយ ដោយក្នុងមួយ​រទេះបង់២០ម៉ឺនរៀល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...