បទអង្កេត៖ «បាត​ដៃ​ទី​បី»​របស់ ហ៊ុន សែន បង្ហាញ​រូប​រាង​ហើយ?

ការប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង ក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានបណ្តាលឲ្យមានមនុស្ស​យ៉ាងតិចប្រាំនាក់បានស្លាប់ ជាង២០នាក់រងរបួស និងជាងដប់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ប្រភពគួរឲ្យ​ទុក​ចិត្ត​បាន បានបង្ហើបថា ការប៉ះទង្គិចគ្នាខាងលើនេះ ជាផ្លែផ្កានៃការរៀបចំបាតដៃទីបី របស់ក្រុមហ៊ុនគ្រប់​គ្រង​រោងចក្រ និងរដ្ឋាភិបាលខ្លួនឯង ដែលធ្លាប់ត្រូវបានប្រកាសជាសាធារណៈដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនាវិមានរដ្ឋសភា។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: January 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង ក្នុងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានបណ្តាលឲ្យមានមនុស្ស​យ៉ាងតិចប្រាំនាក់បានស្លាប់ ជាង២០នាក់រងរបួស និងជាងដប់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ប្រភពគួរឲ្យ​ទុក​ចិត្ត​បាន បានបង្ហើបថា ការប៉ះទង្គិចគ្នាខាងលើនេះ ជាផ្លែផ្កានៃការរៀបចំ«បាតដៃទីបី» របស់ក្រុមហ៊ុនគ្រប់​គ្រង​រោងចក្រ និងរដ្ឋាភិបាលខ្លួនឯង ដែលធ្លាប់ត្រូវបានប្រកាសជាសាធារណៈ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនាវិមានរដ្ឋសភា។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

របាយការណ៍ពិសេស - ឆ្នាំ២០១៤ ត្រូវបានស្វាគមន៍ដោយការបង្ក្រាបយ៉ាងរង្គាល ទៅលើការទាមទារតម្លើង​ប្រាក់ខែ​របស់កម្មករឲ្យបាន១៦០ដុល្លា ដោយកងកម្លាំងសមត្ថកិច្ច។ ប្រតិបត្តិការរបស់កងកម្លាំងគ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែលទើបនឹងបានឡើងកាន់អំណាចអាណត្តិទីប្រាំទាំងប្រទាំងប្រទើសនេះ បានរងនូវការ​ថ្កោលទោស​យ៉ាង​ខ្លាំង ពី​សំណាក់អង្គការជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះការិយាល័យឧត្ដមស្នងការជាន់ខ្ពស់សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិផងទៀត។

ប៉ុន្តែ មិនមែនត្រឹមជាការប៉ះទង្គិច ឬការបង្ក្រាបមួយដែលសមស្របតាមលក្ខណៈបច្ចេកទេសនោះទេ ព្រោះការ​សង្ស័យពីល្បិចកលដ៏ខ្មៅកខ្វក់ ជុំវិញផែនការ«បាតដៃទីបី»​ ត្រូវបានធ្វើឲ្យលេចលឺកាន់តែច្បាស់ឡើង។ នោះជាអ្វី​ដែលគេអាចហៅបានថា ជាឈ្នួនដើម្បីដុតឲ្យឆេះរោលឲ្យខ្លោច ពីសំណាក់ក្រុមមនុស្សមួយចំនួន ដែលមាន​អង្គការ​ចាត់តាំងត្រឹមត្រូវ ដើម្បីឈានទៅដល់ការបង្ក្រាប ឲ្យបាក់ស្បាតដ៏ជូរចត់ និងសំដៅបន្ថយកម្លាំង​របស់ក្រុម​ប្រឆាំង​នៅប្រទេសកម្ពុជា ដែលកំពុងតែមានសន្ទុះខ្លាំងឡើងៗ នៅក្នុងស្រទាប់យុវជន។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះខ្លួនឯង ក៏ធ្លាប់បានសរសេរលិខិតចំនួនប្រាំពីរច្បាប់ផ្សេងគ្នា ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ទៅកាន់សហជីពទាំង៦ និងគណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំឲ្យសហជីព និងគណបក្សទាំងនេះ​បកស្រាយថា តើក្រុមកម្មករដែលដើរបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រ ឬទ្រព្យសម្បត្តិសាធារណៈទាំងនោះ ជា​នរណា? វាដូចជាចំឡែកបន្ដិច នៅពេលដែលគេឃើញលិខិតទាំងនោះ មានទម្រង់តែមួយ ដោយគ្រាន់តែផ្លាស់​ប្ដូរ​ឈ្មោះ សរសេរទៅនរណា ឈ្មោះសហជីព និងគណបក្សប៉ុណ្ណោះ។ អ្វីដែលកាន់តែសង្ស័យនោះ បើក្រសួងការងារ​ដឹងថាក្រុមទាំងនេះបានប្រព្រឹត្តិល្មើសហើយ ហេតុម្ដេចឡើយមិនប្ដឹងទៅអាជ្ញាធរ ដើម្បីធ្វើការឃាត់ខ្លួនជន​សង្ស័យ ហើយធ្វើចំណាត់ការតាមផ្លូវច្បាប់?

ជាការពិត យុវជនជាបាតុករមួយចំនួន បានបញ្ចេញសកម្មភាពហិង្សាខ្លាំងឡើងៗ ជាប្រតិកម្មប្រឆាំងទៅនឹង​ការ​បង្ក្រាប បួករួមនឹងការចាប់ខ្លួនក្រុមកម្មករនៅរោងចក្រ យ៉ាកជីងកាលពីថ្ងៃទី០២ខែមករា។ ចំណែកនៅឯតាមដង​វិថីវ៉េងស្រេង ក្នុងថ្ងៃទី០៣ ខែមករាវិញ ក្រុមបាតុករបានដុតកង់ឡានឬម៉ូតូ និងបានគប់បំផ្លាញទ្រព្យសម្បត្តិឯកជន ឬ​សាធារណៈ​មួយ​ចំនួន ដែលអាចធ្វើឲ្យគេមើលឃើញថា នោះជាសកម្មភាពជ្រុលនិយម។ ប៉ុន្តែមិន​មែន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ ព្រោះ​វាក៏ជាឱកាស ដើម្បីឲ្យរដ្ឋាភិបាលអាចថតចាប់យករូបភាពទាំងនោះ ដើម្បីបង្ហាញទៅកាន់​ពិភព​ខាង​ក្រៅ​ថា នេះ​ហើយ​ជាភស្ដុតាងនៃ«អំពើខុសច្បាប់»របស់ក្រុមបាតុករ។

តែវាមិនពិតដូច្នេះទាំងអស់នោះទេ ព្រោះមិនអាចមានផ្សែងដោយគ្មានភ្លើង​បានឡើយ ជាពិសេសនៅពេល​ដែលគេ​បានដឹងថា ក្រុមកម្មករគ្រាន់តែជួបជុំគ្នា នៅតាមបណ្ដោយផ្លូវកាលពីយប់កន្លងទៅ ដើម្បីតែរាំសប្បាយនោះ។ ប្រភព​គួរឲ្យទុកចិត្តបាន បានទម្លាយប្រាប់អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា «កម្លាំងពិសេស​និងសម្ងាត់»ជាច្រើន ដែលរៀបចំឡើងដោយក្រុមហ៊ុនគ្រប់គ្រងរោងចក្រមួយចំនួន ក្រោមការរៀបចំដឹងលឺ​ដោយ​មន្ត្រី​រដ្ឋាភិបាលផងនោះ ទំនងជាត្រូវបានដាក់បញ្ចូលទៅបង្កប់ខ្លួន ជាមួយនឹងក្រុម​បាតុករ។ គោលបំណងរបស់ក្រុម​ទាំងនេះ គឺដុតបញ្ឆេះ ឬបង្កឲ្យមានអំពើហិង្សាផ្ទុះឡើង។

យ៉ាងហោចណាស់ មានមនុស្សពីរនាក់ ក្នុងក្រុមពិសេសពីរផ្សេងគ្នា បានអះអាងពីរឿងខាងលើនេះ ម្នាក់ជាកម្មករ និងម្នាក់ទៀតជាមន្ត្រីធ្វើការជាមួយកងកម្លាំងរបស់អាជ្ញាធរ។ ជនទាំងពីរសុទ្ធតែបានទម្លាយរឿងនេះ ក្នុង​លក្ខខ័ណ្ឌ មិនបញ្ចេញអត្តសញ្ញាណ ដោយសារតែភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែបានអនុញ្ញាត​ឲ្យអ្នកយក​ព័ត៌មានយើង ថតសម្លេងបានទាំងអស់។

យុវជនដែលជាកម្មករនោះ បានថ្លែងថា ខ្លួននិងបក្ខពួកខ្លួនមួយចំនួនទៀត ត្រូវបានតំណាងក្រុមហ៊ុនមួយ​ចំនួន​ទិញ​ទឹកចិត្ត ដើម្បីឲ្យចាំការពារទ្រព្យសម្បត្តិក្រុមហ៊ុនផង និងដើម្បីចូលរួមបង្កប់ក្នុងហ្វូងបាតុករផង ដើម្បីបញ្ឆេះឲ្យមាន​ជម្លោះកើតឡើង។

នេះជាពាក្យពេជ្ររបស់យុវជននោះ រៀបរាប់ប្រាប់អ្នកសារព័ត៌មានរបស់យើង៖ «ក្រុមហ៊ុនបានធ្វើការជ្រើស​រើស​ពួកខ្ញុំដោយសួរថា អ្នកណាហ៊ានវៃ។ អ្នកខ្លះឆ្លើ់យថា ខ្ញុំហ៊ានមួយទល់នឹងបី។ បន្ទាប់មករោងចក្រទាំងនោះបាន​សហការគ្នា ជ្រើសរើសបានកម្លាំងនេះប្រមាណជាងម្ភៃនាក់ ដោយឲ្យថ្លៃឈ្នួលក្នុងម្នាក់ប្រាំដុល្លាក្នុងមួយថ្ងៃ ដោយ​ទទួលបាយ និងទិញបៀរឲ្យញ៉ាំទៀតផង។ (...) កម្លាំងទាំងនេះ នឹងដឹកទៅទម្លាក់នៅក្នុងក្រុមបាតុករណា ដែល​មើលទៅមានការពុះកញ្រ្ជោលខ្លាំង។ ពួកគេមានការពាក់ជាសម្គាល់ តាមរយៈពណ៌អាវ ឬដាក់អ្វីមួយជា​សញ្ញា​ជា​ដើម។ (...) ជាមួយគ្នានេះពួកគេក៏នឹងអាច វាយទៅលើកម្មករណាដែលចេញមុខជាងគេ បន្ទាប់មកនឹងធ្វើការគេច​ខ្លួន។»

បុរសម្នាក់ទៀត ដែលអះអាងថាខ្លួនជាមន្ត្រីផងនោះ បាននិយាយរៀបរាប់ថា ខ្លួនជាកម្លាំងពិសេសដោយឡែក​មួយ​ទៀត ដែលរៀបចំឡើងដោយរដ្ឋាភិបាល ដើម្បីចូលមកបង្កប់ក្នុងជួរបាតុករ និងធ្វើការញុះញង់ឲ្យកម្មករ​កើត​ឡើង​នូវហិង្សា និងការតបតរភ្លាមៗ។ បុរសបានបន្ថែមទៀតថា កម្លាំងបង្កប់បែបនេ មិនមែននៅតែជាមួយបាតុករ​នោះ​ទេ តែក៏មានបង្កប់កម្លាំងទាំងនោះ ទៅក្នុងក្រុមកងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីធ្វើការតបតវិញក្នុងលក្ខណៈជា​ការញុះញង់ដូចគ្នា។ មន្រ្តីដែលស្និតនឹងកងកម្លាំងអាជ្ញាធររដ្ឋាភិបាលរូបនេះបានបន្តរថា នេះហើយជាបាតដៃទីបី ដែលជាការគ្រោងទុកជាមុនរបស់រដ្ឋាភិបាល ក្នុងការបញ្ចេញនូវជនទីបីដើម្បីបន្លំខ្លួនចូល បង្កឲ្យមាននូវហេតុភេទ​នានា ដែលជាអំពើហិង្សាឡើង ជាលេសមួយ និងជាហេតុផលមួយដើម្បីធ្វើការបង្ក្រាបដោយ«ស្របច្បាប់»។ លោក​បាន​បញ្ជាក់​យ៉ាងដូច្នេះថា «ជាសមត្ថកិច្ច ប៉ុន្តែគេបន្លំ។ (...) ជាកម្លាំងសមត្ថកិច្ចនោះឯងជាអ្នកបាញ់ហើយ ស្លៀក​ពាក់​ស៊ីវិល​ទៅធ្វើម៉េចយើងនឹងដឹង។ នេះហើយជាបាត់ដៃទីបីនោះ។»

វែងឆ្ងាយជាងនេះ មន្ត្រីរូបនេះបានបន្ថែមថា នេះក៏ជាលំនាំនៃល្បិចចាស់ ដែលធ្លាប់បានធ្វើជោគជ័យ​ក្នុងពេល​កន្លង​មក ដូចជាការសម្លាប់លោក ជា វិជ្ជា សម្លាប់អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិមួយចំនួនទៀត ដែលក្រុមនេះ (មន្ត្រី ឬ​រដ្ឋាភិបាល) គិតថាជាការប្រឆាំងនឹងខ្លួន ឬធ្វើឲ្យខាតប្រយោជន៍របស់ខ្លួន។ «បាតដៃទីបី វាកើតចេញពី​រដ្ឋាភិបាល​ហ្នឹងហើយ។ តែគ្រាន់តែថាវាមិនចេញមុខ និងនៅពីក្រោយខ្នង នេះជាបាតដៃទីបី។ មិនមែនមកពីកម្លាំងកម្មករទេ កម្មករគេមិនដែលបាញ់ខ្លួនឯងទេ។ អាហ្នឹងជាកម្លាំងរបស់រដ្ឋាភិបាល ដែលពួកនោះធ្លាប់ស៊ីឈ្នួលសម្លាប់គេ។ បាត​ដៃទីបីនេះហើយ ដែលជាឃាតកររបស់រដ្ឋាភិបាល មិនមែនជារបស់ដែលមកពីណាពីណីនោះទេ។ (...) បាតដៃទីបី​នេះ ជាជនដែលចូលទៅបង្កប់ខ្លួនជាមួយសមត្ថកិច្ច និងពលករ (កម្មករ)។»

បើទោះជាការលើកឡើងខាងលើនេះ នៅមិនទាន់អាចបញ្ជាក់អះអាង ពីការពិតទាំងស្រុងនោះក៏ដោយ ក៏មនុស្ស​មួយចំនួនទៀតដែលអ្នកសារព័ត៌មានរបស់យើង បានជួបនិយាយជាមួយ សុទ្ធតែមានលក្ខណៈស្រដៀង​គ្នា​ទាំង​អស់។ វាមិនសមថាក្រុមមនុស្សទាំងនេះ រួមគ្នានិយាយសាច់រឿងតែមួយ ទម្លាយអាថ៌កំបាំង​ដូច​គ្នា​របៀបនេះ នោះ​ឡើយ។

ដូច្នេះ ចម្ងល់នៃបញ្ហា«បាតដៃទីបី» ដែលលើកឡើងដោយលោក ហ៊ុន សែន នៅមន្ទីររដ្ឋសភា បានសេចក្ដីថា​យ៉ាង​ដូចម្ដេច? តើលោកនាយករដ្ឋមន្ត្រីខ្លួនឯង ជាអ្នករៀបចំឲ្យមានបាតដៃទីបីនេះ ឬគ្រាន់តែជាការជួនគ្នា​នៃពាក្យសម្ដី​របស់លោក ចំពេលដែលមន្ត្រីថ្នាក់ក្រោមជាអ្នករៀបចំ? តែយ៉ាងណាក៏ដោយ គេដូចជាបានស្ដាប់លឺច្រើនដង​ជ្រុល​ពេក​ហើយ ពីការទម្លាក់កំហុសទៅលើមន្ត្រីថ្នាក់ក្រោម ហើយខ្លួនជាមេដឹកនាំធ្វើជាមិនដឹងមិនលឺនោះ។ ជាក់ស្ដែង​ណាស់ មេដឹកនាំខ្មែរក្រហមសព្វថ្ងៃ ដែលកំពុងប្រឈមនឹងការកាត់ទោស ដោយតុលាការពិសេសក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ប្រកែកមិនទទួលស្គាល់ ពីការទទួលខុសត្រូវក្នុងរបបគ្រប់គ្រងរបស់ខ្លួន នៅចំពោះការស្លាប់ប្រជាជន​កម្ពុជា​ ជិត​ពីរ​លាននាក់នោះដែរ។

បើអញ្ចឹងទេ វាមិនខុសពីអ្វីដែលមន្ត្រីរូបនោះ បានលើកឡើងក្នុងឃ្លាចុងក្រោយរបស់លោកថា «បាតដៃទីបីនេះ គេ​(រដ្ឋាភិបាល) ធ្វើហើយរួចខ្លួន និងមិនទទួលខុសត្រូវនូវអ្វីដែលបានធ្វើ។ មួយទៀតធ្វើរកមិនឃើញ និងចាប់ច្រលំ ដូច​ជាឃាតករសិប្បនិម្មិតជាដើម។ បាតដៃទីបីជាក្រុមស៊ីឈ្នួលចំ ដែលកើតចេញពីការរៀបចំដោយ​រដ្ឋាភិបាលនេះ​ឯង៕»


សកម្មភាពដុតឲ្យឆេះ រោលឲ្យខ្លោច របស់ក្រុមបាតុករនៅលើផ្លូវវេងស្រេងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

---------------------------------------------------
ដោយ៖ ភ្នំធំ - ភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...