សង្គម៖ យុវជន​ខ្មែរ​ជាង​២​សែន​នាក់​ អត់​ការងារ​ធ្វើ

យ៉ាងហោចណាស់ក៏មានយុវជនខ្មែរ ជាង២សែននាក់ដែលពោរពេញដោយថាមពល អត់មានការងារធ្វើ ខណៈ​ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានទីផ្សារការងារតូចចង្រ្អៀត និងមិនទាន់សម្បូរបែបនៅឡើយ។ បញ្ហា​អត់មានការងារធ្វើនេះ នឹងមានសភាពធ្ងន់ធ្ងរជាងនេះថែមទៀត ប្រសិនបើយុទ្ធសាស្រ្ត និងគោលនយោបាយ​សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហានេះ មិនត្រូវបានបង្កើតឡើងឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ក៏មានយុវជនខ្មែរ ជាង២សែននាក់ដែលពោរពេញដោយថាមពល អត់មានការងារធ្វើ ខណៈ​ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានទីផ្សារការងារតូចចង្រ្អៀត និងមិនទាន់សម្បូរបែបនៅឡើយ។ បញ្ហា​អត់មានការងារធ្វើនេះ នឹងមានសភាពធ្ងន់ធ្ងរជាងនេះថែមទៀត ប្រសិនបើយុទ្ធសាស្រ្ត និងគោលនយោបាយ​សំខាន់ៗ សម្រាប់ដោះស្រាយបញ្ហានេះ មិនត្រូវបានបង្កើតឡើងឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។


ក្រុមយុវជនកាយរិទ្ធិ កំពុងធ្វើបុណ្យផ្ដាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យនៅតាមដងផ្លូវ កាលពីខែធ្នូឆ្នាំ២០១១ ក្នុងទីរួមខេត្តបាត់ដំបង។ (រូបថត Chan Deth)

វិបត្តិសង្គម - យោងតាមរបាយការណ៍ស្តីពីកម្លាំងពលកម្មឆ្នាំ២០១២ របស់វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ បានបង្ហាញឲ្យដឹងថា យុវជនកម្ពុជា ជាង២សែននាក់ មាន​អាយុចន្លោះពី១៥ ទៅ២៤ ពុំមានការងារធ្វើនោះទេ កាលពីឆ្នាំ២០១២កន្លងទៅនេះ។ របាយការណ៍ដដែលនេះ បាន​បញ្ជាក់ថា ក្នុងចំណោមអ្នកគ្មានការងារធ្វើ មានជាង៧ម៉ឺននាក់ បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ជាង៧ម៉ឺន​នាក់ផ្សេងទៀត បានបញ្ចប់ថ្នាក់មធ្យមសិក្សា និងជាង ២ម៉ឺននាក់បញ្ចប់សាកលវិទ្យាល័យ។ ចំណែកឯមនុស្សជាង ១៣០០នាក់ទៀត បានបញ្ចប់វគ្គសិក្សាផ្នែកវិជ្ជាជីវៈ។

របាយការណ៍ខាងលើនេះ បានបន្តឲ្យដឹងទៀតថា កម្ពុជាមានប្រជាជនសរុប ១៤លាន៩សែននាក់ ក្នុងឆ្នាំ ២០១២ ក្នុងនោះ ៧,៦លាននាក់ជាស្ត្រី។ ហើយមានប្រជាជនជាង៦៧ភាគរយ នៃប្រជាជនដែលមានអាយុ ចាប់ពី១៥ឆ្នាំ​ឡើងទៅមានការងារធ្វើ ក្នុងនោះអ្នកដែលធ្វើការក្នុងវិស័យកសិកម្ម មានចំនួនច្រើនជាងគេ ពោលគឺរហូតដល់ ២៣,៥ ភាគរយ ខណៈដែលជិត ២២ភាគរយធ្វើការក្នុងវិស័យសេវាកម្ម និងលក់ដូរ(...)។

ជុំវិញករណីនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានពន្យល់ថា នៅ​ពេលយុវជនអត់មានការងារធ្វើ វាមិនត្រឹមតែជាបន្ទុកឬផលប៉ះពាល់ ដល់ជីវភាពរបស់យុវជនផ្ទាល់ និងគ្រួសារ​នោះ​ទេ តែវាក៏ជាបន្ទុកដល់សង្គមទាំងមូលផងដែរ ពីព្រោះថាយុវជន អាចប្រព្រឹត្តអំពើមិនត្រឹមត្រូវ ឬបង្កការលំបាកផ្សេង​ទៀត ក្នុងពេលដែលគេអត់ការងារធ្វើ។

ចំពោះដំណោះស្រាយលោក យ៉ង់ គឹមអេង បានពន្យល់ថា គ្រប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក​មានការរីក​ចំរើនទៅលឿន និងមានការផ្លាស់ប្តូរត្រឹមត្រូវ គឺអាស្រ័យលើយុវជននឹងហើយ ព្រោះពួកគេពោរពេញដោយថាមពល និងសមត្ថភាព ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់យុវជនឲ្យបានត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ តាមរយៈ​ផ្តល់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព ហើយក៏ត្រូវមានភាពសមស្រប​នឹងតម្រូវការទីផ្សារ​ផង​ដែរ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...