«ទាសករ​ទំនើប»​​នៅ​ឡុងដ៍ ជាប់​ទាក់​ទង​នឹង​សាសនា​និយម​«ម៉ៅ»

ការស៊ើបអង្កេតមួយ បន្ទាប់ពីការរំដោះស្ត្រីបីរូប មានម្នាក់ជាជនជាតិម៉ាឡេស៊ីផង ជាប់ឃុំឃាំងតាំងជិត៣០ឆ្នាំ នៅ​ក្នុងគេហដ្ឋានរបស់ប្ដីប្រពន្ធមួយគូរនោះ បានរកឃើញនូវពិភពដ៏គួរឲ្យភ័យខ្លាចមួយ ដែលមានជាប់ទាក់ទងនឹង​សាសនានិយមម៉ៅ តាំងពីទស្សវត្តន៍ឆ្នាំ៧០។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស៊ើបអង្កេតមួយ បន្ទាប់ពីការរំដោះស្ត្រីបីរូប មានម្នាក់ជាជនជាតិម៉ាឡេស៊ីផង ជាប់ឃុំឃាំងតាំងជិត៣០ឆ្នាំ នៅ​ក្នុងគេហដ្ឋានរបស់ប្ដីប្រពន្ធមួយគូរនោះ បានរកឃើញនូវពិភពដ៏គួរឲ្យភ័យខ្លាចមួយ ដែលមានជាប់ទាក់ទងនឹង​សាសនានិយមម៉ៅ តាំងពីទស្សវត្តន៍ឆ្នាំ៧០។


ស៊ីទី អៃសាហ៍ អាដុល វ៉ាហាប ជនជាតិម៉ាឡេស៊ី អាយុ៦៩ឆ្នាំ បានបង្ហាញរូបថតគាត់ នៅពេលគាត់នៅក្មេង។ (រូបថត AFP)

បទល្មើសពិសេស - បើទោះជាស្ត្រីទាំងបីរូប មានជនជាតិម៉ាឡេស៊ីម្នាក់ អៀឡង់ម្នាក់ និងម្នាក់ទៀត​ជាជនជាតិ​អង់គ្លេស ត្រូវបានរំដោះចេញ តាំងពីជិត១ខែមកហើយនោះក៏ដោយ តែរហូតមកដល់ថ្ងៃនេះ មន្ត្រីជំនាញ​សុខភាព​ផ្នែកស្មារតី មិនទាន់អនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេត បានចូលទៅសួរស្ត្រីអ្នកបីនោះ ពីហេតុការណ៍ទាំងអស់​នោះ​នៅឡើយ។ ក្រុមអ្នកស៊ើបអង្កេត ដែលចង់ស្វែងយល់យកតែមែនទែន ពីហេតុការណ៍ដែលមានពិតប្រាកដ នៅរយៈ​កាលកន្លងមក។

ប៉ុន្តែទីបំផុតទៅ ទើបតែនៅថ្ងៃពុធទី២៧ខែវិច្ឆិកានេះប៉ុណ្ណោះ ដែលក្រុមនគរបាលអាចសួរនាំស្ត្រីទាំងបីរូបនេះ ពី​សំនុំរឿងដែលបានធ្វើឲ្យកក្រើកពេញទាំងទ្វីបអ៊ឺរ៉ុប។ ស្ត្រីម្នាក់ពីក្នុងចំណោមនោះ មានឈ្មោះថា ស៊ីទី អៃសាហ៍ អាដុល វ៉ាហាប (Siti Aishah Abdul Wahab) ជនជាតិម៉ាឡេស៊ី អាយុ៦៩ឆ្នាំ បានចាកចេញពីប្រទេស​កំណើតនៅ​ក្នុងទស្សវត្តន៍ឆ្នាំ៦០ ជាមួយនឹងគូរដណ្ដឹងជនជាតិម៉ាឡេស៊ីដូចគ្នា ដើម្បីមករៀននៅរាជធានីឡុងដ៍ នៃប្រទេស​អង់គ្លេស។ ប៉ុន្តែជាអកុសល គូរដណ្ដឹងមួយគូរនេះបានបែកបាក់គ្នា ហើយតាំងពីពេលនោះមក ក្រុមគ្រួសារក៏បាន​បាត់ដំណឹងសូន្យឈឹងពីពួកគេ។

ការបាត់ដំណឹងសូន្យឈឹងនេះ ក៏ត្រូវបានបញ្ជាក់ឡើងវិញដោយ នគរបាលនៃទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី​ដែរ។

តាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើន បានឲ្យដឹងថា ជនសង្ស័យដែលបានឃុំឃាំងជនទាំងបី ជាប្ដីប្រពន្ធមួយគូរ ឈ្មោះ អារ៉ាវិនដាន បាឡារីស្នាន (Aravindan Balakrishnan) ជាប្ដីអាយុ៧៣ឆ្នាំ ដើមកំណើតជាជនជាតិឥណ្ឌា និង​ភរិយា ឈ្មោះ ចន្ដា (Chanda) ដើមកំណើតជាជនជាតិតង់ហ្សានី អាយុ ៦៧ឆ្នាំ។ អ្នកទាំងពីរ បានបង្កើតនៅក្នុង​សង្កាត់ ប្រ៊ីស្តុន (Brixton) ដែលសម្បូរទៅដោយអ្នករស់នៅ ចម្រុះជាតិសាសន៍ ផ្នែកខាងត្បូងនៃរាជធានីឡុងដ៍ នូវវិទ្យាសា្ថនពលករមួយ ដែលយកលំនាំតាមគំនិតម៉ាក្ស-លេនីន-ម៉ៅ និយម ដែលក្រុមអ្នកសារព័ត៌មានហៅថា ជាក្រុម«សាសនា»មួយ។

បើតាមអ្នកស្រាវជ្រាវមួយរូប ពីសកលវិទ្យាល័យអូស្វ័ដ (Oxford) ដែលបានសិក្សាពីចលនាសាសនានេះ បាន​និយាយថា បុរសដើមកំណើតឥណ្ឌា អារ៉ាវិនដាន បាឡារីស្នាន មានមហិទ្ធិរិទ្ធចេះ «ស្រូបទាញ»អារម្មណ៍បាន។ អ្នក​ស្មោះស្ម័គ្រនឹងក្រុមសាសនានេះមួយរូប បាននិយាយថា «ប្រសិនបើម៉ៅសេទុង ជាព្រះ ដូច្នេះគាត់ (អារ៉ាវិនដាន បាឡារីស្នាន) ជាសម្ដេចសង្ឃហើយ»។

ស្ត្រីទាំងបីរូបខាងលើ ក្នុងនោះ មានស្ត្រីម្នាក់ជនជាតិអង់គ្លេស វ័យទើបតែ៣០ឆ្នាំ ជាកូនស្រីរបស់សមាជិក​ម្នាក់​នៃ​ក្រុមសាសនានេះ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ឲ្យដឹងទៀតថា ស្ត្រីជនជាតិម៉ាឡេស៊ី បានធ្លាក់ខ្លួនរងគ្រោះ​នឹងជម្ងឺ​ដាច់​សសៃឈាមខួរក្បាល តែត្រូវបានគេទុកចោលមិនរវីរវល់ ដែលជាហេតុធ្វើឲ្យស្ត្រីម្នាក់ទៀត អាយុ៥៧ឆ្នាំ ជាជនជាតិ​អៀឡង់ បង្ខំចិត្តស្រែករកជំនួយ​ រហូតដល់មានការចូលទៅរំដោះពួកគេឲ្យមានសេរីភាព។ ស្ត្រីជាតិអៀឡង់រូបនេះ មានឈ្មោះថា ចូហ្សេភីន ហេរីវេល (Josephine Herivel) ធ្លាប់ត្រូវបានជាប់ពន្ធនាគារ ចំនួន ៦ខែ ជាមួយនឹងស្ត្រី​ជាតិ​ម៉ាឡេស៊ី ពីបទបង្កការអុកឡុក លើកម្លាំងសមត្ថកិច្ចការពារសណ្ដាប់ធ្នាប់ មុននឹងពួកគេទាំងពីរបានចូល​ជាសមាជិក​សាសនា។

អ្នកជិតខាងមួយរូប ធ្លាប់បានឃើញស្ត្រីម្នាក់ឈរនៅជាប់នឹងបង្អួចជាច្រើនម៉ោង ដោយមានគ្រវីក្រដាស​ជាច្រើន​ផ្ទាំង។ តែអ្នកជិតខាងរូបនោះ មិនបានចាប់អារម្មណ៍ថាជាអ្វីនោះទេ។ គាត់បាននិយាយប្រាប់បណ្ដាញ​វិទ្យុនិង​ទូរទស្សន៍ ប៊ីប៊ីស៊ី ថា «ដោយសារតែបង្អួចនោះមានកំពស់ខ្ពស់ពេក ហើយឃ្លាអក្សរនៅលើក្រដាស ប្រើប៊ិច​ធម្មតា​សរសេរ ដែលធ្វើឲ្យខ្ញុំពិបាកនឹងអានបាន នូវអ្វីដែលនាងចង់និយាយនោះណាស់»៕

----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...