បក្សសង្រ្គោះជាតិ៖ តម្លើងបាន១៦០ដុល្លារ បើរដ្ឋាភិបាលមិនគាបរោងចក្រ
បើទោះជារហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់គោលជំហរបដិសេធ ពីការទាមទាររបស់សហជីព និងកម្មករក្នុងការតម្លើងប្រាក់ឈ្នួលឲ្យបាន១៦០ដុល្លារអាមរិកក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ ដែលកន្លងមកបានសម្តែងការគាំទ្រចំពោះការទាមទាររបស់សហជីពនិងកម្មករនោះ បានអះអាងជាថ្មីថា ប្រាក់ឈ្នួលគោល១៦០ដុល្លារនឹងអាចតម្លើងឲ្យកម្មករបាន ប្រសិនបើរដ្ឋាភិបាលមានឆន្ទះពិតប្រាកដ និងបញ្ឈប់ការគាបសង្កត់លើរោងចក្រ។
កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។
វិបត្តិការងារ - ក្នុងសន្និសីទការសែតមួយនៅទីស្នាក់ការរបស់គណបក្ស លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៤ នេះ បានលើកឡើងថា វិស័យកាត់ដេរនៅកម្ពុជាកំពុងត្រូវបានគេបិទបាំងការពិត និងមានការឃុបឃិតគ្នា រវាងថៅកែរោងចក្រ និងមន្រ្តីអ្នកមានអំណាចមួយចំនួន ហើយមន្រ្តីមានអំណាចទាំងនោះ ក៏មានភាគហ៊ុននៅក្រុមហ៊ុនទាំងនោះផងដែរ។
ប្រធានគណបក្សជំទាស់រូបនេះបន្តថា សហគមអន្តរជាតិ ម្ចាស់ជំនួយ អ្នកបញ្ជាទិញ គួរដាក់សម្ភាធ ឬលើកជាលក្ខខណ្ឌ ជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីរោងចក្រ ឲ្យទម្លាយចេញនូវអាថកំបាំង និងជម្រុញឲ្យមានតម្លាភាពចំពោះវិស័យកាត់ដេរនៅកម្ពុជា ដើម្បីធ្វើឲ្យមានសមភាពក្នុងការទទួលបានផលចំណេញពីវិស័យកាត់ដេរ។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «ឧត្តមសេនីយ៍ រដ្ឋមន្រ្តី ឬអាចធំជាងរដ្ឋមន្រ្តី អាចមាន៥០%នៅក្នុងក្រុមហ៊ុនណាមួយ អញ្ចឹងមិនបាច់ធ្វើអីទេ ពេលបំណាច់ឆ្នាំ ឧបមាថាចំណេញ១០លាន មន្រ្តី ឬអ្នកដឹកនាំនោះ នឹងបាន៥លាន ដោយស្វ័យប្រវត្តិ អាហ្នឹងហើយសំណូកសូកប៉ាន់ មិនមែនបានតែម្តងទេ គឺបានរាល់ឆ្នាំ។»
ជាមួយគ្នា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា តាមរយៈការធ្វើការស្រាវជ្រាវ បានបង្ហាញថា ការតម្លើងប្រាក់ឈ្នួល១៦០ដុល្លារមិនលំបាកនោះទេ ហើយក៏អាចតម្លើងលើសនេះក៏បានដែរ ប្រសិនបើមានការសម្របសម្រួល និងដោះស្រាយបញ្ហាមួយចំនួន ជាពិសេសលប់បំបាត់អំពើពុករលួយ ព្រោះកន្លងមក គ្រាន់តអគ្គីសនីតម្លើងរោងចក្រ ក៏ត្រូវបង់កុំមុយស្យុង៥ទៅ១០ម៉ឺនដុល្លារដែរ។
ជុំវិញករណីប្រាក់ឈ្នួលគោលនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើគោលជំហរចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជា និងភាគីរោងចក្រ ដែលសំអាងលើហេតុផលកំណើនសេដ្ឋកិច្ច និងលទ្ធភាពនៃការតម្លើង បានលើកឡើងថា ការតម្លើងប្រាក់ឈ្នួលគោលគឺបានតែ១០០ដុល្លារតែប៉ុណ្ណោះ ដោយមិនអាចតម្លើងដល់១៦០ដុល្លារនោះទេ។ តែការសម្រេចតម្លើងក្នុងកម្រិតនេះត្រូវបានភាគីសហជីពមួយចំនួន កម្មករ ក៏ដូចជាគណបក្សសង្រ្គោះជាតិ បដិសេធមិនទទួលយក ហើយនៅតែបន្តរក្សាការទាមទារ។
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ