បារាំងប្រតិកម្មនឹងអំពើហិង្សានៅវេងស្រេង បន្ទាប់ពី អ.ស.ប និងអាមេរិក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សាយ៉ាងរង្គាល ដែលបានកើតឡើង កាលពីថ្ងៃសុក្រទី០៣ ខែមករា នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ហើយប្រទេសមហាអំណាចមួយនេះ បានអះអាងឡើងវិញ នូវគោលការណ៍របស់ខ្លួន ក្នុងការគាំទ្រ«សេរីភាពនៃការធ្វើបាតុកម្ម ដោយសន្តិវិធី»។
ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក រ៉ូម៉ាំង ណាដាល់ (Romain Nadal) បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ទី០៤ខែមករា ឆ្នាំ២០១៤នេះថា «ប្រទេសបារាំងបានតាមដានយ៉ាងយកចិត្តទុកដាក់ ស្ថានការណ៍នានានៅប្រទេសកម្ពុជា។ ប្រទេសបារាំងបានសម្ដែងការសោកស្ដាយ ជុំវិញអំពើហិង្សា ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន ហើយសូមបញ្ជាក់ជាថ្មីនូវគោលការណ៍របស់ខ្លួន ក្នុងការគាំទ្រសេរីភាពនៃការធ្វើបាតុកម្មដោយសន្តិវិធី។»
មន្ត្រីការទូតជាន់ខ្ពស់បារាំងរូបនេះបានបន្ថែមថា «វាមានសារសំខាន់ណាស់ ដែលការជជែកពិភាក្សានយោបាយមួយ ត្រូវចាប់ធ្វើឡើងវិញជាបន្ទាន់ សម្រាប់ឲ្យភាគីដែលមិនចុះសម្រុងគ្នា ធ្វើការដើម្បីជាតិទាំងអស់គ្នា នៅក្នុងភាពស្ងប់ស្ងៀមនិងការអត់ធ្មត់»។
ប្រតិកម្មប្រតិកម្មរបស់បារាំង បានធ្លាក់ចុះមក នៅក្រោយបន្ទាប់ពីមានការបង្ក្រាបដោយឈាម របស់កងកម្លាំងរបស់អាជ្ញាធរ ដោយបានបាញ់កាំភ្លើងគ្រាប់ពិត ទៅលើបាតុករដៃទទេ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ បណ្ដាលមានមនុស្សស្លាប់យ៉ាងហោចប្រាំនាក់ និងជាង២០នាក់ទៀតរងរបួស។ ក្នុងព្រឹត្តិការណ៍នេះ មនុស្សជាង១០នាក់ ក៏ត្រូវបានគេចាប់ឃាត់ខ្លួនដែរ។
អាមេរិកថ្កោលទោស ការប្រើប្រាស់ហិង្សា
ប៉ុន្តែប្រតិកម្មរបស់ប្រទេសបារាំង បានធ្លាក់ចុះមកក្រោយមួយថ្ងៃ និងខុសពីប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែលបានថ្កោលទោសការប្រើប្រាស់នៃអំពើហិង្សាខាងលើ។
ឧបការីនៃអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ម៉ារី ហាហ្វ (Marie Harf) ក្នុងសនិ្នសីទសារព័ត៌មានមួយ នៅទីស្ដីការក្រសួងក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាល្ងាចថ្ងៃសុក្រទី០៣ ខែមករា បានថ្លែងបញ្ជាក់ថា «សហរដ្ឋអាមេរិកមានការសោកស្តាយយ៉ាង ខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលប្រឈមមុខគ្នាដោយហិង្សា រវាងបាតុករនិងកងកម្លាំងរបស់អាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាល។ យើងថ្កោលទោស ចំពោះការប្រើប្រាស់ហិង្សាយកមកធ្វើជាមធ្យោបាយ ក្នុងការសម្រេចនូវគោលដៅនយោបាយ ឬអ្វីៗផ្សេងទៀត ហើយទទូចឱ្យគ្រប់ភាគីទាំងអស់ ខិតខំអត់ធ្មត់ឱ្យបានជាអតិបរិមា និងបង្ហាញនូវការគោរពច្បាប់។»
លោកស្រី ម៉ារី ហាហ្វ បានថ្លែងទៀតថា «យើងបានទទូច សុំឱ្យសហជីព និងរដ្ឋាភិបាលធ្វើការជាមួយគ្នា ដើម្បីសម្រេចបាន នូវដំណោះស្រាយប្រកបដោយសន្តិវិធី លើការមិនចុះសម្រុងគ្នាផ្នែកការងារ ហើយយើងកំពុងតែធ្វើការយ៉ាងសកម្ម ជាមួយរដ្ឋាភិបាលកម្ពុជា អ្នកនាំចេញ អ្នកបញ្ជាទិញ អង្គការពលកម្មអន្តរជាតិ និងជាមួយសហជីពកម្មករកម្ពុជាលើបញ្ហានេះ»។
អ្នករាយការណ៍ អ.ស.ប ស្នើសុំឲ្យមានការស៊ើបអង្កេត
ដោយឡែក លោក សូរិយ៉ា ស៊ូបែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា បានលើកមកបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ថា «វាត្រូវតែមានការស៊ើបអង្កេតឆាប់រហ័ស និងឯករាជ្យមួយ ដើម្បីរកឲ្យឃើញថា កម្លាំងដ៏ហួសហេតុរបស់អាជ្ញាធរ ត្រូវបានប្រើប្រាស់នៅពេលនេះ និងកាលពីពីរលើកមុនផង»។
ជាមួយនឹងការព្រួយបារម្ភរបស់លោក នៅចំពោះការប្រឈមមុខគ្នាយ៉ាងតឹងតែង រវាងកងកម្លាំងរបស់អាជ្ញាធរ និងក្រុមបាតុករ រហូតដល់មានការបាត់បង់ជីវិតនេះ អ្នករាយការណ៍របស់អ.ស.ប ប្រចាំនៅកម្ពុជារូបនេះ បានទទូចទៅគ្រប់ភាគី បង្ហាញនូវភាពអត់ធ្មត់ជាអតិបរិមា ជាពិសេសពីសំណាក់ភាគីអាជ្ញាធរចំពោះក្រុមបាតុករ។ លោកបានឲ្យដឹងទៀតថា «នៅគ្រប់ការប្រើប្រាស់កម្លាំង ត្រូវតែស្របទៅនឹងគោលការណ៍នៃច្បាប់ ភាពចាំបាច់ដែលត្រូវប្រើ និងសមាមាត្រទៅនឹងប្រតិបត្តិការរបស់វា»។
លោក ស៊ូប៊ែឌី ក៏បានលើបញ្ជាក់ផងដែរពី សកម្មភាពហិង្សាទាំងឡាយដែលបាតុករបានធ្វើដូចជាការគប់នឹងដុំថ្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ឬសាធារណៈ។ លោកបានស្នើសុំថា «ទោះជាការទាមទារតវ៉ា ស្ថិតក្នុងសភាពបែបណាក៏ដោយ សូមឲ្យមានការអត់ធ្មត់ឲ្យបានខ្លាំងជាទីបំផុត។ (...) ការធ្វើបាតុកម្មនេះ មានជារៀងរាល់ថ្ងៃនៅប្រទេសកម្ពុជា។ គេត្រូវរីករាយ ដែលឃើញថាប្រជាជនកម្ពុជាចេះប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការទាមទារតវ៉ា ប៉ុន្តែការទាមទារទាំងនេះ ត្រូវតែធ្វើដោយសន្តិវិធី។ »
ប៉ុន្តែប្រតិកម្ម និងសេចក្ដីថ្លែងការណ៍ទាំងនេះ ទំនងជាបានស្ថិតនៅលើតែក្រដាសប៉ុណ្ណោះ មិនសូវជាទទួលការចាប់អារម្មណ៍អ្វីឲ្យច្រើនឡើយ ដោយសារាថ្ងៃសៅរ៍នេះដដែល អាជ្ញាធររាជធានីភ្នំពេញបានចូលទៅបំបែក បន្ទាយបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅលើទីលានប្រជាធិបតេយ្យជាស្ថាពរ ហើយបានព្រមានចាត់វិធានការលើក្រុមមេដឹកនាំ និងអ្នកទទួលខុសត្រូវរបស់គណបក្សប្រឆាំង។ ពួកគេ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅសាកសួរម្ដងម្នាក់ៗ នៅថ្ងៃទី១៤ខែមករាខាងមុខ។ រាល់ការធ្វើបាតុកម្ម ឬការជួបជុំណាក៏ដោយ ត្រូវបានហាមឃាត់ រហូតមានបទបញ្ជាជាថ្មី៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ