បក្ស​សង្គ្រោះ​ជាតិ និង​​បក្ស​ប្រជាជន យក​ត្រូវ​រៀង​ខ្លួន​ចំពោះ​អំពើ​ហិង្សា

ក្នុងពេលដែលមានកម្មករយ៉ាងតិច៥នាក់បានស្លាប់ និងរបួសច្រើននាក់ ក្រោយការប៉ះទង្គិចគ្នា​ដោយហិង្សារវាង​កម្លាំងសមត្ថកិច្ច និងកម្មករ នៅផ្លូវវ៉េងស្រេង សង្កាត់មានជ័យ ខណ្ឌមានជ័យ គណបក្សប្រជាជនកម្ពុជា​ដែល​ជា​គណបក្សគ្រប់គ្រងអំណាច និងគណបក្សសង្រ្កោះជាតិ ដែលជាគណបក្សជំទាស់ បានទម្លាក់កំហុស​ដាក់គ្នាទៅ​វិញទៅមកចំពោះអំពើហិង្សានេះ ហើយឆ្លើយយកត្រូវតែរៀងៗខ្លួន។ តែក្រុមអ្នកវិភាគ បានថ្លែងថា ចង់មិនចង់ គណបក្សទាំងពីរដែលទទួលឆ្នោត​ពីរាស្ត្រ ត្រូវតែជាតួអង្គសំខាន់ ក្នុង​ការទទួលខុសត្រូវចំពោះបញ្ហានេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពេលដែលមានកម្មករយ៉ាងតិច៥នាក់បានស្លាប់ និងរបួសច្រើននាក់ ក្រោយការប៉ះទង្គិចគ្នា​ដោយហិង្សារវាង​កម្លាំងសមត្ថកិច្ច និងកម្មករ នៅផ្លូវវ៉េងស្រេង សង្កាត់មានជ័យ ខណ្ឌមានជ័យ គណបក្សប្រជាជនកម្ពុជា​ដែល​ជា​គណបក្សគ្រប់គ្រងអំណាច និងគណបក្សសង្រ្កោះជាតិ ដែលជាគណបក្សជំទាស់ បានទម្លាក់កំហុស​ដាក់គ្នាទៅ​វិញទៅមកចំពោះអំពើហិង្សានេះ ហើយឆ្លើយយកត្រូវតែរៀងៗខ្លួន។ តែក្រុមអ្នកវិភាគ បានថ្លែងថា ចង់មិនចង់ គណបក្សទាំងពីរដែលទទួលឆ្នោត​ពីរាស្ត្រ ត្រូវតែជាតួអង្គសំខាន់ ក្នុង​ការទទួលខុសត្រូវចំពោះបញ្ហានេះ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤​នេះ បាន ស្នើឲ្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការបង្រ្កាប​ជាបន្ទាន់ និងធ្វើការថ្កោលទោសយ៉ាងដាច់អហិង្សា ចំពោះការប្រើអំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធ បាញ់​បង្ក្រាបលើកម្មករដែល បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។

ក្នុងសេចក្តីថ្លែងការណ៍ដដែល គណៈបក្សជំទាស់លើកឡើងថា ប្រជាពលរដ្ឋខ្មែរ សហគមជាតិ និងអន្តរជាតិ មិន​បានឈរអោបដៃមើលការបង្រ្កាបយ៉ាងព្រៃផ្សៃ របស់រដ្ឋាភិបាលបច្ចុប្បន្នលើប្រជាពលរដ្ឋកម្ពុជានោះទេ ខណៈពួក​គេជាប្រជាពលរដ្ឋស្លូតត្រង់ គ្រាន់តែតវ៉ាដោយសន្តិវិធី ដើម្បីទទួលបានការតម្លើងប្រាក់ឈ្នួលសមរម្យ សម្រាប់​ចិញ្ចឹមជីវិត។

រីឯរដ្ឋាភិបាលគ្រប់គ្រង់ដោយគណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ចុះថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៤ បានសម្តែការសោកស្តាយ ចំពោះអំពើហិង្សាដែលបានកើតឡើង និងបានចាត់​ទុក​សកម្មភាពទាមទាររបស់សហជីពមួយចំនួន និងកម្មករថាជាអំពើខុសច្បាប់ ហើយបានបង្កផលប៉ះពាល់ដល់​សណ្តាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យប៉ះពាល់បរិយាកាសវិនិយោគនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងថា អំពើហិង្សាដែលបានកើតឡើង គឺជាការញុះញង់របស់​គណបក្សសង្រ្គោះជាតិ និងសហជីពមួយចំនួននោះ។ ហេតុដូច្នេះ គណបក្សសង្រ្គោះជាតិ និងសហជីពទាំងនោះ គួរបញ្ឈប់សកម្មភាពជា​បន្ទាន់ ហើយងាកមកសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហា​ជា​មួយគ្នា។

ជាមួយគ្នានេះ លោក ស ខេង ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៤ នេះ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានសម្តែង ការសោកស្តាយចំពោះអំពើហិង្សា​ដែលបានកើត​ឡើងរវាសមត្ថកិច្ច និងកម្មករ។ លោក ស ខេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជារបស់លោក ក៏ដូច​ជា​រដ្ឋាភិបាល មិនមានវិធានការណ៍ណាមួយបង្រ្កាបទៅលើកម្មករនោះទេ។ លោក ស ខេង បានទម្លាក់ការ​ទទួល​ខុស​ត្រូវរហូតមានស្លាប់មនុស្សនេះ ថាបានកើតចេញពីការញុះញង់ របស់គណបក្សសង្រ្គោះជាតិ និងក្រុមសហជីព ដែលបានជម្រុញកម្មករ ឲ្យទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក។

សូមរម្លឹកថា ការប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងសមត្ថកិច្ច ដែលបណ្តាលឲ្យមានអ្នកស្លាប់ របួស ចាប់ខ្លួន ជា​បន្តបន្ទាប់ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា កត់សម្គាល់ឃើញថា កើតឡើងក្រោយពីរដ្ឋាភិបាល​ព្រមាន និងបង្ខំសហជីពចំនួន៦ និងកម្មករឲ្យទទួលយកប្រាក់ឈ្នួលគោល១០០ដុល្លារក្នុងមួយខែ ខណៈពួកគេ​បដិសេធ ហើយបន្តការទាមទារឲ្យបាន១៦០ដុល្លារ តាំងពីចុងឆ្នាំ២០១៣ រហូតមកដល់ការប៉ះទង្គិច ក្នុងដើមឆ្នាំ​២០១៤នេះ។

ដោយឡែក អ្នកវិភាគ​នយោបាយឯករាជ្យ​​​បី​រូប លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត សុខ ទូច និង​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​០៣​ខែ​មករា​នេះ បាន​ថ្វាយ​លិខិត​យាង​ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហ​មុនី ដើម្បីទ្រង់កោះអញ្ជើញ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ជួបចរចា​ក្នុងពេល​ឆាប់​បំផុត ដើម្បី​ដោះស្រាយ​ស្ថានភាព​ចលាចល​ចំពោះមុខ​។​ លិខិតដែលចុះហត្ថលេខា ដោយបណ្ឌិតទាំងបីរូប បាន​សរសេរ​ជាអាថ៌ថា ព្រឹត្តិការណ៍​ហិង្សា​រវាង​កម្មករ និង​កង​កម្លាំង​ប្រដាប់​អាវុធ បាន​​បណ្តាល​​ឲ្យ​ជន​ស៊ីវិល​ស្លាប់ និង​របួស​ជាច្រើន​នាក់ នៅ​​ថ្ងៃ​សុក្រ​នេះ គឺ​កើតឡើង​ភ្លាមៗ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ដោះស្រាយ​បញ្ហានយោបាយ​បាន​តាមរយៈ​ការចរចា​ទ្វេភាគី៕​

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...