«លោកយាយត្រៀមឲ្យកូនចៅសងបំណុល ដែល ហ៊ុន សែន ដើរជំពាក់គេទៅ»
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៣០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 30, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងកម្មវិធីដ៏ពិសេស ដែលដូនចាស់ត្រូវបានគេនាំ ឲ្យចូលទៅជួបលោក ហ៊ុន សែន ដល់គេហដ្ឋានរបស់លោកនោះ លោកយាយ យិត សាមុត បានមានឱកាស ថតរូបអោបថើប ជាមួយលោក ហ៊ុន សែន យ៉ាងស្និតស្នាល និងត្រូវបានលោកនាយករដ្ឋមន្ត្រី ហៅលោកយាយថា «អ្នកម៉ែ»។ លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ម្សិលមុិញ ខ្ញុំបានបំពេញបំណង របស់អ្នកម៉ែ យិត សាមុត ដែលមានបំណងជួបខ្ញុំ មុនពេលគាត់ចែកឋាន។ ពេលជួប ខ្ញុំសង្កេតឃើញចំណុចខ្លះ ដូចម្តាយរបស់ខ្ញុំ នៅត្រង់អ្នកណានិយាយអីនិយាយទៅ តែមិនភ្លេចម្លូរស្លា និងចុកថ្នាំនោះឡើយ។»។
ពិតមែនហើយ លោកយាយ យិត សាមុត ដែលអង្គុយ នៅក្នុងរថយន្ដដ៏ទំនើបមួយ បានចុកថ្នាំម្លូរស្លារ និងបានឆ្លើយតប ទៅនឹងការសាកសួរ របស់អ្នកថតវីដេអូថា៖ «ត្រូវតែចាឡាញ់ (ស្រឡាញ់) បងសែន (លោក ហ៊ុន សែន)! អត់ចាឡាញ់ អាយូសខ្លី! ចាឡាញ់បងសែនកាលណា អាយូសវែងកាលហ្នឹង។ (...) មានតាំងពីមន្ទីរពេទ្យ មានតាំងផ្លូវថ្នល់ តាំងពីស្ពាន មើលចុះលោកអ៊ើយ ស្ពានកោះធំ ស្ពានអ្នកលឿង មហាសែនស្អាត [ស្នាដៃ]អ្នកណា? ជាចាណាដៃ (ស្នាដៃ) លោក ហ៊ុន សែន។ (...) ទៅឈរលើហ្នឹង ស្អាតអីស្អាតម្លេះ បងសែនអូនអ៊ើយ!»។
ការលើកឡើង របស់លោកយាយ យិត សាមុត ក៏មិនសូវជាខុសគ្នាប៉ុន្មាន ពីប្រសាសន៍របស់ដូនចាស់មួយរូបទៀត ដែលត្រូវបាននាំឲ្យជួបលោក ហ៊ុន សែន និងបានថ្លែងប្រហាក់ប្រហែលគ្នា ពីការសាងសង់ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ សាលាឆាន់... នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាំងពីច្រើនទសវត្សន៍មកហើយ។
តែតបនឹងការលើកឡើង របស់ដូនចាស់ទាំងពីរខាងលើ ដូនជី លី ពីវត្តធម្មរង្ស៊ី ក្រុងបាញ៉ើ (Bagneux) ខាងត្បូងរដ្ឋប៉ារីស ប្រទេសបារាំង បានថ្លែងថា ប្រសាសន៍របស់លោកយាយទាំងពីរនាក់ មិនបានមើល ពីអនាគតរបស់ប្រទេសជាតិ និងរបស់កូនចៅ ទៅមុខវែងឆ្ងាយនោះទេ។ លោកយាយ លី បានថ្លែងនៅក្នុងវីដេអូមួយ ដោយពន្យល់ឡើងថា៖ «លោក ហ៊ុន សែន សព្វថ្ងៃជំពាក់គេ មួយលាន មានមួយម៉ឺនដង មួយលានៗ ម៉ាលានដុល្លារហ្នឹង មានម៉ាម៉ឺនដង លោកយាយរាប់ទៅ។ [ហើយ]សងគេហ្នឹង កូនចៅថ្ងៃក្រោយ សងគេម្នាក់ ៥០០ [ព្រោះ]ជំពាក់គេ។ (...) កូនចៅលោកយាយ រកលុយទុកសងគេ ឲ្យហើយទៅ។»។
ដូនជី លី ដែលជាព្រឹទ្ធាចារ្យល្បីមួយរូប នៅក្នុងចំណោមសហគមន៍ខ្មែរ នៅប្រទេសបារាំង បានបន្តថ្លែងឡើងថា៖ «ជំពាក់គេ ម៉ាលានម៉ាម៉ឺនដង តើយកទៅធ្វើអីខ្លះ? កសាងស្ពាន កសាងស្អីហ្នឹង លុយរបស់យើងឬ? សុទ្ធតែលុយ យកពីគេមកណ្ន៎! ហើយចំណាយ យកមកកសាងហ្នឹង វាមិនគ្រប់ទៀតណា។ ម៉ាលាន ម៉ាម្មឺនដងនេះ [ត្រូវបាន]យកមកកសាង តែពាក់កណ្ដាលទេ តែពាក់កណ្ដាលទៀត មិនដឹងយកទៅណាទេ? ឯងខ្លាចតែធ្លាក់ ទៅស្រុកយួនណា!»។
សូមរំលឹកដែរថា របាយការណ៍ស្តីពីស្ថិតិបំណុលអន្តរជាតិ ចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដោយធនាគារពិភពលោក បានឲ្យដឹងថា កម្ពុជាជំពាក់បំណុលបរទេស មានចំនួន ៩៣១៨ លានដុល្លារ (ជិតមួយម៉ឺនលានដុល្លា) គិតត្រឹមចុងឆ្នាំ២០១៥ ដោយចំនួននេះគឺកើនឡើង ៣៧៨% បើធៀបទៅឆ្នាំ ២០០០ ដែលពេលនោះ កម្ពុជាជំពាក់បរទេស ត្រឹមតែ ១៩៤៦ លានដុល្លាប៉ុណ្ណោះ។
ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែឆ្នាំដដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលស្គាល់ថា កម្ពុជាបានជំពាក់បំណុលបរទេស មានចំនួនជិតមួយម៉ឺនលានដុល្លាអាមេរិកមែន តែចំនួននេះ មិនមែនជាបំណុល ដែលរដ្ឋជំពាក់ទាំងស្រុងនោះទេ។ ក្រសួងបានឲ្យដឹងថា ក្នុងទំហំទឹកប្រាក់ជិត មួយម៉ឹនលានដុល្លាអាមេរិកនោះ រដ្ឋជំពាក់បរទេសត្រឹមប្រមាណ ៥៦០០លានដុល្លាអាមេរិកប៉ុណ្ណោះ ចំណែកទឹកប្រាក់ ជិត៤ពាន់លានដុល្លារទៀតនោះ ជាប្រាក់បំណុលឯកជនក្រៅប្រទេស៕