សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

ក្រោយការព្រមាន របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ទៅលើមេដឹកនាំ គណបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃតី១២ ខែវិច្ឆិការម្សិលម៉ិញនេះ ឲ្យមានការប្រយ័ត្នខ្លួននោះ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆកានេះ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញ«ដីកាបង្គាប់ឲ្យចាប់ខ្លួន» លោក សម រង្ស៊ី តែម្តង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី១៣ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 14, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី ចុះថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការចោទប្រកាន់ ទៅលើលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍សាធារណៈ និង​ញុះ​ញង់​ឲ្យមានការរើសអើង ទៅលើលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅរាជធានីភ្នំពេញ។

តាមដីកានោះ បានបង្ហាញថា ការសម្រេចចាប់ខ្លួនលោកសមរង្ស៊ី ត្រូវបានធ្វើឡើងតាមអំណាចសាលដីកា ជាស្ថាព​រ របស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លោក ស៊ី វណ្ណនី ជុំវិញការ​ចេញ​ដីកានេះបានឡើយ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ លោកបាន​បង្ហាញ ការយល់ឃើញរបស់លោក ជុំវិញការចេញដីកាឲ្យចាប់ខ្លួន ដោយយោង «តាមអំណាចសាលក្រម និង​សាល​ដីកា​ស្ថាពរខាងលើ បានចូលជាស្ថាពរ និងមានប្រសិទ្ធិភាពអនុវត្តហើយ។»

ព្រះរាជអាជ្ញារង បានបង្ហាញការយល់ឃើញទៀតថា៖ «ឈ្មោះ សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ ចំនួនប្រាំបីលានរៀល។ (...) តែ ឈ្មោះ សម រង្ស៊ី មិន​ទាន់​បាន​អនុវត្តទោសនៅឡើយ។»

លោក ស៊ី វណ្ណនី បានបង្គាប់តាមរយៈដីកានោះថា៖ «ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ដែលមានអត្តសញ្ញាណ​ខាង​លើ​នេះ តាមអំណាចសាលដីកាស្ថាពរ លេខ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់​សាលា​ឧទ្ធរណ៍។ តុលាការបង្គាប់មក កងកម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនទណ្ឌិតឈ្មោះ សម រង្ស៊ី យកទៅអនុវត្តទោស នៅពន្ធនាគារនៃក្រសួងមហាផ្ទៃ។គ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់ ត្រូវ​សហការអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពល្អ។»

ការចេញដីកានេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានកំហិង និង​ប្រតិកម្ម​ធ្ងន់ៗ ចំបោះលោក សម រង្ស៊ី ហើយបានអះអាងថា មេបក្សប្រឆាំងរូបនេះ បានបំផ្លាញសារជាថ្មី នូវ​«វប្បធម៏សន្ទនា» ដែលកំពុងជួសជុល បន្ទាប់ពីជំនួប ស ខេង-សម រង្ស៊ី កាលពីពេលថ្មីៗនេះ។ បន្ទាប់មក លោកនាយករដ្ឋមន្រ្តី បានធ្វើការអះអាងជាថ្មីថា លោកនឹងមិនអាចស្នើ ឲ្យមានការលើកលែងទោស ពី​ព្រះ​មហាក្សត្រ ចំពោះលោក សម រង្ស៊ី បានទៀតឡើយ៕


សូមអានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...