នៅ​ពេល​អតីត​ទាហាន​ខ្មែរ​ក្រហម​ហៅ សម រង្ស៊ី ថា​កូន​អា​ក្បត់​ជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា បានយកប្រវត្តិលោក សម សារី ឪពុកលោក សម រង្ស៊ី មកភ្ជាប់ហៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​កូន​«ជន​ក្បត់​ជាតិ»។ ប៉ុន្តែសម្រាប់​អ្នក​តាម​ដាន ព្រឹត្តិការណ៍​នយោបាយ និង​ជា​អ្នក​វិភាគ​បញ្ហា​កម្ពុជា​វិញ បានយល់ថា លោក ហ៊ុន សែន កំពុង​ជម្រះ​បញ្ជី នូវ​បញ្ហា​ផ្ទាល់​ខ្លួន ជា​មួយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ជៀសជាង​យក​បញ្ហា​ជាតិ មក​ដោះ​ស្រាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 14, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនរណាមួយ ដែលមានអតីតកាលល្អទាំងអស់? ក្រែងលោក ហ៊ុន សែន ខ្លួនលោកធ្លាប់ជាទាហាន របស់​របប​បាតដៃប្រឡាក់ឈាម នៃបនប្រល័យពូជសាសន៍ខ្មែរក្រហម ផងដែរទេឬ? នេះជាការលើកឡើង របស់​អតីត​​មន្ត្រីច្បាប់ ច្រើនជំនាន់ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត និងជាអ្នកវិភាគឲ្យទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ នៅក្នុងការថ្លឹងថ្លែងមួយរបស់លោក ទាក់ទងនឹងការយកឪពុកលោក សម រង្ស៊ី មកភ្ជាប់ហៅមេដឹកនាំ គណបក្ស​ប្រឆាំងរូបនេះ ថាជា«កូនជនក្បត់ជាតិ» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ៊ុន សែន ដែលបានសម្ដែងការខឹងក្រេវក្រោប ទាក់ទងនឹងការលើកឡើង របស់មេដឹកនាំ​គណបក្ស​ប្រឆាំង នៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលថា «កម្ពុជាជាប្រទេសផ្តាច់ការ»នោះ បាន​សរសេរបង្ហោះ ដោយផ្ទាល់ដៃរបស់លោក នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី១១ដដែល ដោយ​បញ្ជាក់ថា លោកមិនអាចនៅស្ងៀមបាន នៅ«ចំពោះការប្រមាថ របស់កូនជនក្បត់ជាតិបានទេ»។

នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរបន្តថា មេបក្សប្រឆាំងនៅកម្ពុជា (លោក សម រង្ស៊ី) ដែលទើបសុំទោស​លោក កាលពីថ្ងៃ ២៩ ខែតុលា ឆ្នាំ២០១៥ បានទាញយកភាព«ជោគជ័យគួរឲ្យកោតសសើរ របស់គណបក្ស​ប្រឆាំងនៅមីយ៉ាន់ម៉ា» ធ្វើការវាយប្រហារជាថ្មី មកលើរូបលោក។ លោក ហ៊ុន សែន បានអះអាងថា ការ​វាយ​ប្រហារជាថ្មីរបស់ មេបក្សប្រឆាំងរូបនេះ បានបំផ្លាញសារជាថ្មី នូវ«វប្បធម៏សន្ទនា»ដែលកំពុងជួសជុល បន្ទាប់​ពីជំនួប ស ខេង-សម រង្ស៊ី។

កូន«អាក្បត់ជាតិ»

តាមពិតទៅ ការប្រៀបធៀប របស់​គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ នូវការបោះឆ្នោតនៅភូមា កាលពី​ពេល​ថ្មីៗនេះ មក​នឹង​ការបោះឆ្នោតក្នុងប្រទេសកម្ពុជា នាពេលខាងមុខ មិនបានធ្វើឲ្យលោក​នាយករដ្ឋមន្រ្តី​កម្ពុជា សប្បាយ​ចិត្ត​ជាមួយឡើយ ដោយ​​លោកយល់ថា វាមានភាព«ខុស»គ្នា។ លោក ហ៊ុន សែន បាន​សរសេរ​ថា៖ «ពូជពង្ស​វង្ស​ត្រកូល​​ឯកឧត្តម (លោក សម រង្ស៊ី) ប្រៀបធៀបជាមួយ អ៊ុងសាន ស៊ូជី មិន​បាន​ទេ។ ព្រោះ​មួយ​ស្នេហា​ជាតិ មួយ​​ទៀត​​ក្បត់​ជាតិ។ បើពុំមានការធ្វើនិតិសម្បទាណាមួយទេ ឯកឧត្តម​នៅ​តែ​មាន​ឈ្មោះ ថាជា​កូន​អាក្បត់​ជាតិ។»

លោក ហ៊ុន សែន បានសរសេរពន្យល់ថា៖ «ពាក្យអាក្បត់ជាតិ មិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាល សង្គម​រាស្ត្រនិយមរបស់ សម្តេច ព្រះនរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឲ្យ។ ឯកឧត្តមហៅខ្ញុំ ជាមនុស្ស​ផ្តាច់​ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាម​អ្នក​ជំនាន់​មុន ដែលធ្លាប់ហៅឪពុកឯកឧត្តម ថាអាក្បត់ជាតិ។ ពាក្យនេះ សំរាប់ខ្ញុំពិបាកស្តាប់ណាស់ ក្នុងសម័យ​ថ្មី​របស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិ ទៅជាឯកឧត្តម​ក្បត់​ជាតិ​បានទេ បើមិនទាន់ធ្វើនីតិសម្បទា សំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។ ខ្ញុំសុំប្រាប់ទៅឯកឧត្តមថា ពូជ​ខ្ញុំ​អត់​មាន​មនុស្សក្បត់ជាតិ ដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។»

គំរូដ៏អាក្រក់

លោក ព្រហ្ម គិត ដែលបានអាននូវពាក្យពេជ្រទាំងនេះ បានថ្លែងឡើងថា ការឆ្លើយឆ្លងគ្នានេះ មិនត្រឹម​តែ​មិន​មានប្រយោជន៍ សម្រាប់ជាតិប្រជាជននោះទេ តែអ្នកនយោបាយ ឬអ្នកដឹកនាំ ដែលបានប្រើប្រាស់ នូវ​ភាសា​របៀបនេះ បានបង្រៀនទៅឲ្យយុវជន និងកុមារក្មេងៗជំនាន់ក្រោយ នូវគំរូដ៏អាក្រក់មួយ។ លោក ព្រហ្ម គិត បាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំមិនចង់បកស្រាយរឿង នរណាក្បត់ជាតិ ឬស្នេហាជាតិនោះទេ តែពាក្យអាម៉ឹង មិនគួរ​ចេញ​ពីមាត់ របស់អ្នកនយោបាយ ឬអ្នកដឹកនាំ ដែលមានមនុស្សរាប់សិបលាននាក់ កំពុងតាមដាន​នោះ​ឡើយ ជា​​ពិសេស​កុមារ»។

អតីតមន្ត្រីច្បាប់ច្រើនជំនាន់រូបនេះ បានថ្លែងបន្តថា៖ «ខ្ញុំចំណាស់នេះហើយ តែខ្ញុំមិនគិតទាំងគំនិត​ចង្អៀត​ចង្អល់ថា កូនខ្ញុំ ឬចៅខ្ញុំត្រូវតែធ្វើអ្វី តាមខ្ញុំនោះទេ។ ស្លឹកឈើ ពេលវាធ្លាក់ទៅនឹងគល់ វាអាចត្រូវខ្យល់បក់​បំប៉ើង ទៅឆ្ងាយពីគល់ ហើយយើងតោងទុកឲ្យវារស់នៅ ទៅតាមសេរីភាព និងឯករាជ្យភាពរបស់វាខ្លះទៅ។ បើខ្ញុំធ្វើរឿងអ្វីមួយខុស មិនមែនត្រូវនិយាយថា កូនខ្ញុំ ឬចៅខ្ញុំ ត្រូវតែធ្វើខុសតាមខ្ញុំឡើយ។ ខ្ញុំជា​អតីតកាល​របស់​កូនខ្ញុំ។ តែខ្ញុំត្រូវឲ្យវាដើរ ទៅរកអនាគតកាលរបស់វា។»

លោក ព្រហ្ម គិត បានបន្តទៀតថា៖ «លោក ហ៊ុន សែន មានឪពុកលោក ជាអ្នកធ្វើបុណ្យ។ តែមិនប្រាកដថា លោក ហ៊ុន សែន ដែលជាកូនចូលចិត្តធ្វើបុណ្យដែរនោះទេ។ ប៉ុន្តែបើនិយាយ ពីរឿងជាតិរឿងប្រជាជន ការ​យករឿងផ្ទាល់ខ្លួន រឿងគ្រួសារមកច្រឡូកច្រឡំ វាមិនមានអត្ថប្រយោជន៍អ្វីទាល់សោះ។ បើលោក សម រង្ស៊ី ចោទលោក ថាជាជនផ្ដាច់ការ អញ្ចឹងតោងលោក ហ៊ុន សែន ពិនិត្យមើល ហេតុដូចម្ដេចដែលហៅថា​ផ្ដាច់​ការ? តើមានការប្រមូលផ្ដុំអំណាចឬទេ? តើមានការដកអ្នកផ្សេង ពីមេនគរបាល ឬទាហ៊ាន ហើយដាក់​ជំនួស តែអ្នកស្និតនឹងលោកឬទេ? តើតុលាការសព្វថ្ងៃ អនុវត្តច្បាប់ដោយរបៀបណា?... នៅមានទៀត។ លោក ហ៊ុន សែន គួរដកឃ្លាបន្តិច ដើម្បីសម្លឹងឃើញរឿងទាំងអស់នេះ ហើយធ្វើការកែទម្រង់ទៅ។ បើលោកធ្វើបាន ពេល​នោះពាក្យសម្ដីរបស់លោក សម រង្ស៊ី នឹងសាបរលាបទៅ ដោយឯកឯង។ ហើយបើធ្វើមិនបាន នោះ​បាន​សេចក្ដីថា លោកគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកំណែទម្រង់នោះទេ។»

«ត្រង់នេះហើយ ដែលវាធ្វើឲ្យមានការចំណេញ ទៅដល់ជាតិ និងប្រជាជន ជៀសជាងយករឿងផ្ទាល់ខ្លួន ឬ​រឿងពូជអម្បូរ មកហែកហួរជេរប្រទេចផ្ដាសារគ្នា។ គប្បីត្រូវយល់ដែរថា រឿងអតីតកាលរបស់លោក ហ៊ុន សែន ផ្ទាល់ មានមិនខ្វះទេ ហើយខ្ញុំមិនចង់រំលើក យកមកបញ្ជាក់នៅទីនេះទេ។» នេះបើតាមការបញ្ជាក់​បន្ថែម របស់លោក ព្រហ្ម គិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...