«កម្ពុជា ជាធុងសម្រាមរបស់បរទេស» បើតាមអ្នកប្រើប្រាស់បណ្តាញសង្គម
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 28, 2014
- ប្រធានបទ: ជនភៀសខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការរិះគន់យ៉ាងច្រើនព្រោងព្រាត បានកក្រើកពេញទាំងបណ្តាញសង្គម ហ្វេសប៊ុក ជុំវិញប្រធានបទ «កម្ពុជាជាធុងសម្រាមរបស់បរទេស» បន្ទាប់ពីរដ្ឋាភិបាល តំណាងដោយលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា បានចុះហត្ថលេខា យល់ព្រមទទួលយកជនភៀសខ្លូនខុសច្បាប់ ដែលសុំសិទ្ធិជ្រកកោន ពីប្រទេសអូស្ត្រាលី តែបែរជាប្រទេសធំមួយនេះមិនចង់បាន និងត្រៀមបញ្ជូនមកកម្ពុជាវិញ។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសរសេររំលឹកនូវប្រវត្តិសាស្រ្តជូរចត់ ពីម្ភៃឆ្នាំមុនរបស់កម្ពុជា ដែលត្រូវបានគេនាំយកកាកសំណល់វិទ្យុសកម្ម ជាច្រើនតោន មកចាក់ចោលនៅក្រុងព្រះសីហនុ ឬកំពង់សោម។ អ្នកប្រើប្រាស់បណ្ដាញសង្គម លោក យឹម សាវី (Yim Savy) បានសរសេរបន្តថា៖ «ប៉ុន្តែម្តងនេះ (ជា) កាកសំណល់មានជីវិត»។
មិនត្រឹមតែកាកសំណល់វិទ្យុសកម្មទេ បើសូម្បីតែម៉ូតូ ឡាន ... ឬប្រដាប់ប្រដាចាស់ៗផ្សេងទៀត ក៏ត្រូវបានគេយកមកគ្រវាត់ចោល ហើយពលរដ្ឋកម្ពុជាបាននាំគ្នាយកលុយ ទៅទិញយកសម្ភារៈចាស់ៗទាំងនោះ មកជួសជុលប្រើថែមទៀត។ លោក អ៊ូ សំម (Somm Ou) បានសម្ដែងការសញ្ជប់សញ្ជឹងរបស់លោកថា៖ «លោក ហ៊ុន សែន ដូចជាមិនស្រួល»។
យ៉ាងណាក៏ដោយ ក៏ការសម្រេចទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី នៅតែជាចំងល់ និងអាថ៌កំបាំង ដែលគ្រប់គ្នាចង់ឲ្យមានការបកស្រាយ។ លោក ម៉ាយ៉ា សាគី (Maya Saki) បានលើកឡើងថា អូស្ត្រាលី ជាប្រទេសដែលសល់ទំហំដីធំ តែគេមិនទទួល ចុះកម្ពុជាមានដីប៉ុន្មាន ទើបព្រមទទួលយកនោះ? តើពលរដ្ឋម្ចាស់ស្រុក(ខ្មែរ) ត្រូវបានរដ្ឋាភិបាលសព្វថ្ងៃគិតគូររួចរាល់ ហើយឬនៅ?
លោកបានសរសេរដូច្នេះថា៖ «ប្រទេសអូស្ត្រាលីធំណាស់ ហេតុអ្វីបានជាមិនអាចគ្រប់គ្រង ឬក៏ផ្តល់កន្លែងជ្រកកោន សំរាប់ជនភៀសខ្លួនទាំងនោះ ចាំបាច់អីបញ្ជូនមកប្រទេសខ្មែរ? ប្រជាជនខ្មែរយើងមួយចំនួនរាល់ថ្ងៃនេះ គ្មានទាំងផ្ទះសំបែងសំរាប់ជ្រកកោនផង! ហេតុអីក៏មិនគិត? ទៅគិតសាសន៍ដទៃ ខ្លាចអត់មានកន្លែងជ្រក!!!»។
ចំណែក កញ្ញា ដួង ណាវី (Navy Duong) វិញ បានចូលរួមបន្ទោសថ្នាក់ដឹកនាំខ្មែរយ៉ាងចាស់ដៃថា៖ «មេដឺកនាំប្រទេសខ្មែរ មិនត្រឹមខ្វាក់ភ្នែកនោះទេ ថែមទាំងខ្វាក់ខួ។ ពីព្រោះប្រជារាស្រ្តខ្មែរក្រីក្រលំបាកវេទនា ស្ទើរតែដាច់ពោះស្លាប់មិនជួយ បែរជាទៅទទួលជនភៀសខ្លួន ពីប្រទេសអូស្រ្តាលី។»
លោក ហម សឿម (Saoum Hom) និយាយបរិហាថា «ជួយខ្មែរមិនរួចផង...។ ប្រជាជនខ្មែរ រស់នៅវេទនាណាស់ សុខចិត្តធ្វើចំណាកស្រុកទៅធ្វើកម្មករគេ ចិញ្ចឹមខ្លួនមិនរស់ ហេតុអ្វី (លោក) ហ៊ុន សែន មិនគិត? ទៅទទួលយកជនភៀសខ្លួន?...មិនចេះគិតសោះ។»
ការទទួលជនភៀសខ្លួនពីអូស្រ្តាលី មិនឆ្លងកាត់រដ្ឋសភា
មានចម្ងល់មួយបានចោទសួរថា បើបញ្ហាកាត់តំរឹមសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ចេះដាក់ចូលរដ្ឋសភា និងបង្ខំឲ្យរដ្ឋសភាទទួលអនុម័ត។ តែវាចម្លែកត្រង់ថា ហេតុអ្វីទទួលជនបរទេស ដែលមិនដឹងពីប្រវត្តិច្បាស់ទាល់តែសោះនោះ មិនដាក់ឲ្យរដ្ឋសភាអនុម័តជាមុនផង? ឬមួយមានសម្លេងបក្សប្រឆាំង នៅក្នុងរដ្ឋសភា បានជាមិនហ៊ានយកទៅឆ្លងសភា? លោក ផាន សុធីរៈ (Sothirak Phan) បញ្ជាក់ដូច្នេះថា៖ «រឿងនេះ វាទាក់ទងនឹងអាយុជីវិតប្រទេសជាតិ ហេតុអ្វីរដ្ឋាភិបាលមិនដាក់ឆ្លងសភា ជាមុនសិន មុននឹងសម្រេច?»
រីឯអនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា មកពីគណបក្សសង្គ្រោះជាតិ ក៏មិនបានរួចខ្លួនដែរ។ អនុប្រធានគណបក្សប្រឆាំង ដែលទើបមានតំណែងក្នុងរដ្ឋសភា បានរងការរិះគន់យ៉ាងជូរចត់ដែរថា ព្រោះខ្លាចបាត់«តំណែង»នេះ ទើបបានជាមានភាពកម្សោយ ក្នុងការធ្វើប្រតិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានផ្លាស់ប្តូរឥរិយាបទ ពីការប្រើប្រាសពាក្យថា«ប្រឆាំង» មក ជាពាក្យថា«អំពាវនាវ»ទៅវិញនោះទៀត។
លោក អង់ វណ្ណៈ (Vannak En) សរសេររិះគន់លោក កឹម សុខា ដូច្នេះថា៖ «ឥឡូវហ៊ានត្រឹមនិយាយថា សុំអំពាវនាវ ទេ? អត់ហ៊ាននិយាយថា ប្រឆាំងដាច់ខាតដូចពីមុនទៀតទេឬ? ខ្លាចជ្រុះបាត់កៅអីអនុប្រធានសភាទី១មែន(ឬ)ទេ?»
ឯលោក ភូ ខ្មែរ (Phou Khmer Unity) ហាក់បង្ហាញនូវការអស់សង្ឃឹម ចំពោះលោក កឹម សុខា បានសរសេរទាំងទោរមនស្សថា៖ «តើយើងនៅអាចសង្ឃឹម លើអ្នកណាទៀត បើទោះបីជាមានការរិះគន់ជាច្រើនហើយ គេនៅតែទទួលទៀតចឹង?»។
សូមបញ្ជាក់ដែរថា គេកម្រឃើញអ្នកប្រើប្រាស់បណ្ដាញសង្គម ឬក៏មានតិចតួចណាស់ ដែលសរសេរគាំទ្រគម្រោងរដ្ឋាភិបាល ក្នុងបញ្ហានេះ ឬអាចនិយាយបានម្យ៉ាងទៀតថា អ្នកគាំទ្ររដ្ឋាភិបាល ទំនងជាមិនចង់តទល់នឹងក្រុមអ្នករិះគន់ ដែលមានកម្លាំងខ្លាំងដូចទឹកធ្លាក់ទាំងនោះ៕