លិខិតតវ៉ារបស់ ហ៊ុន សែន ផ្ញើរឲ្យឡាវដកទ័ព ចេញពីទឹកដីខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 11, 2017
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាអ្នកបង្ហាញលិខិត ចំនួន៣ទំព័រនេះ មកកាន់អ្នកសារព័ត៌មាន នៅភ្លាមៗ បន្ទាប់ពីបានថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានថា កម្ពុជានឹងចាត់វិធានការយោធា តបទៅប្រទេសឡាវវិញ ប្រសិនជាប្រទេសឡាវ មិនឆ្លើយតបទៅនឹងលិខិតតវ៉ា ជាផ្លូវការនេះទេ។
លិខិតដែលចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានបុរសខ្លាំងកម្ពុជាសរសេរ ជូនទៅលោក ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានដាក់កម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។
បើគិតមកទល់នឹងថ្ងៃនេះ ការដាក់លិខិតតវ៉ានេះ មានយៈពេល៩ថ្ងៃកន្លងទៅហើយ តែកម្ពុជាមិនទាន់ទទួលបានចម្លើយអ្វី ពីនាយករដ្ឋមន្ត្រីឡាវនៅឡើយ។ នេះ បើតាមការអះអាង របស់លោក ហ៊ុន សែន ផ្ទាល់ នៅក្នុងពិធីប្រកាស ការចូលកាន់តំណែង របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវិមានសន្តិភាព នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងព្រមានប្រទេសឡាវ ថាកម្ពុជានឹងចាត់វិធានការតបវិញ តាមផ្លូវយោធា ប្រសិនជាឡាវ មិនឆ្លើយតបជាវិជ្ជមាន ទៅនឹងលិខិតតវ៉ា របស់លោកនេះទេ។ លោកមានប្រសាសន៍ថា៖ «ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញ [កម្ពុជា]មានការចល័តកងទ័ព សុំកុំភ្ញាក់ផ្អើល គឺទៅគោលដៅ ទៅស្ទឹងត្រែង ព្រំដែនឡាវ។ ខ្ញុំឲ្យទាញ [យកពី]កងពលទីពីរ មួយភាគឡើងទៅ និងកងពល២១ ឡើងទៅ។»។
លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំមានការអត់ធ្មត់។ ខ្ញុំមិនចង់ ឲ្យមានសង្គ្រាមទល់ដែនទេ។ មិនថាទល់ដែន ជាមួយប្រទេសណាទេ បានជាខ្ញុំត្រូវធ្វើអញ្ចឹង។»៕
» លិខិតតវ៉ារបស់នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើរទៅនាយករដ្ឋមន្ត្រីឡាវ រឿងព្រំដែន៖