CPP ថា​បាតុកម្ម​នៅ​ប៉ារីស មិន​បាន​ចេញ​ពី​ប្រជាជន​កម្ពុជា

សម្រាប់គណបក្សប្រជាជនកម្ពុជា បាតុកម្មនៅកណ្ដាលរដ្ឋធានីប៉ារីស កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ ខែតុលាម្សិលម៉ិញ ជា​ការ​រៀបចំ​ឡើង ដោយ​អ្នក​គាំទ្រ​របស់​គណបក្ស​​ប្រឆាំង មួយក្រុម«តូច»។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 25, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីតបទៅនឹងបាតុកម្ម រៀបចំឡើងដោយ គណៈកម្មការព្រំដែនកម្ពុជា នៅបរទេស កណ្ដាលរដ្ឋធានីប៉ារីស គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននៅមិនបង្អង់យូរ ក្នុងចេញផ្សាយ​សេចក្ដី​ប្រកាសព័ត៌មានរបស់ខ្លួនឡើយ។ ចំណែកឯ​អ្នកតាមដាន ព្រឹត្តិការណ៍នយោបាយកម្ពុជាវិញ បានចាត់​ទុក​សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សកាន់​អំណាច​នេះ ថាមានជាប់​ទាក់​ទង នឹងទិដ្ឋភាព​នយោបាយ​ចំនួន​បី។

ក្នុងថ្ងៃតែមួយនៃបាតុកម្ម ដែលចូលរួមធ្វើ​ដោយពលរដ្ឋខ្មែរ ពលរដ្ឋមានដើមកំណើតខ្មែរ និងមិត្តបរទេស ជា​ច្រើនសិបនាក់នោះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ សរសេរពីរដ្ឋធានីប៉ារីស លើកឡើង៤ចំណុច ដោយចាត់ទុកថា បាតុកម្មនេះជាការរៀបចំឡើង ដោយអ្នកគាំទ្រគណបក្សប្រឆាំង មួយ​ក្រុមតូច។

សេចក្ដីប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរ​ជា​អាថ៌​ថា បាតុកម្មដែលរៀបចំ ក្នុងរដ្ឋធានីប៉ារីស ថ្ងៃទី២៤ ខែតុលានោះ បានធ្វើឡើងក្រោមផ្លាកបាតុកម្ម របស់​ប្រជាជន ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលដឺកនាំដោយគណបក្សប្រជាជនកម្ពុជា និងមិនមែនជាបាតុកម្ម របស់​ប្រជាជនកម្ពុជាទេ។ បាតុកម្មនេះ ជាការរៀបចំឡើង ដោយអ្នកគាំទ្រគណបក្សប្រឆាំង មួយក្រុមតូច និង​មេដឺកនាំរបស់ខ្លួន ក្នុងគោលបំណងបម្រើកម្មវត្ថុនយោបាយ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរទៀតថា បាតុករភាគច្រើនជាជន ដែលមានសញ្ជាតិបរទេស ដើម​កំណើត​ជាខ្មែរ។ ដូច្នេះ ពួកគេរស់នៅក្នុងដែន អធិបតេយ្យភាព នៃរដ្ឋបរទេស និងពុំមានសិទ្ធិលូកលាន់ ចូលកិច្ចការ​ផ្ទៃ​ក្នុង​របស់កម្ពុជាឡើយ។

អ្នកទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង មិនអាចទាក់ទងក្នុងពេលភ្លាមៗ ឲ្យធ្វើ​អត្ថាធិប្បាយបានទេ ទៅនឹងការលើកឡើង របស់គណបក្សប្រជាជនកម្ពុជាខាងលើ។ យ៉ាងណា នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាននេះ មិនមានការលើកឡើង​«ចំឈ្មោះ» ពីគណបក្សសង្គ្រោះជាតិនោះទេ។

នេះអាចចាត់ទុក ថាជាករណីដ៏កម្របំផុត ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើប្រតិកម្មជាផ្លូវការ ទៅនឹង​បាតុកម្មមួយ ដែលធ្វើឡើងនៅបរទេស ជាពិសេសនៅក្នុងប្រទេសបារាំង។ សម្រាប់អ្នកតាមដាន ព្រឹត្តិការណ៍​នយោបាយកម្ពុជាវិញ បានយល់ថា ការចេញសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សកាន់អំណាច អាច​ពាក់​ព័ន្ធ​នឹងទិដ្ឋភាពចំនួន៣។ ថ្លែងតាមទូរស័ព្ទ ប្រាប់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ កាលពីយប់ថ្ងៃសៅរ៍ អតីតមន្ត្រីច្បាប់​ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បាន​យល់ឃើញថា ទិដ្ឋភាពទីមួយ គណបក្សប្រជាជនកម្ពុជា មិនចង់បង្ក ឲ្យ​មានរូបភាពអាក្រក់ សម្រាប់ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃអាទិត្យនេះ ក្នុង​ប្រទេសបារាំងឡើយ។ ទីពីរ រូបភាពធ្វើបាតុកម្ម នៅក្រៅប្រទេសនាពេលនេះ នឹងបំផុតស្មារតីប្រជាជនកម្ពុជា ជា​ពិសេសអាចឲ្យក្រុមអ្នកគាំទ្រ​គណបក្សប្រឆាំង យកទៅប្រើប្រាស់​នៅក្នុងស្រុក។ និងទិដ្ឋភាពទីបី គណបក្ស​ប្រជាជន​​កម្ពុជា កំពុងរៀបចំពង្រឹងបណ្ដាញ អ្នកគាំទ្រគណបក្សរបស់ខ្លួន នៅក្រៅប្រទេស ឲ្យបានរឹងមាំជាង​អាណត្តិ​​មុនៗ។

សូមបញ្ជាក់ដែរថា ការធ្វើបាតុកម្ម​នៅលើទីលាន ត្រូកាដេរ៉ូ ក្បែរនឹងតួអេហ្វែល កណ្ដាលរដ្ឋធានីប៉ារីស ប្រទេស​​បារាំង ត្រូវបានរៀបចំឡើង ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសហត្ថលេខី មានជាអាថ៌ប្រទេស​វៀតណាម គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវសន្ធិសញ្ញា​កិច្ចព្រមព្រៀងសន្ដិភាព កាលពីឆ្នាំ១៩៩១។ ប៉ុន្តែបន្ថែមពីលើ​ការ​ទាមទារនេះ ក្រុមបាតុករបានស្នើរសុំឲ្យលោក ហ៊ុន សែន ធ្វើការចុះចេញ ពីតំណែងជានាយករដ្ឋមន្ត្រី ​ជាងបី​ទសវត្សន៍របស់លោកនោះទៀត៕


» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់គណបក្សប្រជាជនកម្ពុជា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...