ពលរដ្ឋខ្មែរបារាំងច្រើនសិប ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ តុលា ២០១៥
- កែប្រែចុងក្រោយ: October 25, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ថ្ងៃនេះ ជាថ្ងៃទី២៤ (ខែតុលា ឆ្នាំ២០១៥) នៃឆ្នាំទី២៤ នៃសន្និសីទទីក្រុងប៉ារីស ដែលជាកេរ្ត៍មរតកមួយ យ៉ាងមានតម្លៃ» នេះជាសម្ដីអះអាង របស់លោក ហម ប៊ុនឆាយ តំណាងឲ្យគណៈកម្មការព្រំដែនកម្ពុជា នៅក្រៅប្រទេស ដែលជាអ្នករៀបចំបាតុកម្ម នៅលើទីលាន ត្រូកាដេរ៉ូ ក្បែរនឹងតួអេហ្វែល កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសហត្ថលេខី មានជាអាថ៌ប្រទេសវៀតណាម គោរពឲ្យបានខ្ជាប់ខ្ជួន នូវសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្ដិភាព កាលពីឆ្នាំ១៩៩១។
នៅចំពោះអ្នកចូលរួម ជាច្រើនសិបនាក់ ដែលធ្វើដំណើរពីតំបន់ជុំវិញរដ្ឋធានីប៉ារីស ពីបណ្ដាខេត្តនានា នៅក្នុងប្រទេសបារាំង និងពីប្រទេស ជាប់ព្រំដែនបារាំងផងនោះ លោក ប៊ុនឆាយ បានបន្តទៀតថា៖ «ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១នេះហើយ ដែលប្រទេសខ្មែរ មានបូរណភាពទឹកដី មានឯកភាពជាតិ មានសិទ្ធិមនុស្ស (...) ហើយទីបញ្ចប់ មានការកសាងប្រទេសកម្ពុជាឡើងវិញ»។
«ហ៊ុន សែន ចុះចេញ»
ប៉ុន្តែក្រុមបាតុករ ដែលបានមកចូលរួម ហាក់មិនបាន នៅត្រឹមតែការទាមទារ សុំឲ្យមានការគោរព កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ប៉ុណ្ណោះទេ។ ជាមួយនឹងបដា ដែលសរសេរថា «Hun Sen dégage» ឬ «ហ៊ុន សែន ចុះចេញ» បាតុករជាច្រើននាក់ បានបរិហាពីអំពើពុករលួយ បក្សពួកនិយម អយុត្តិធម៌សង្គម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបានស្រែកទាមទារ ឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា ឲ្យចុះចេញពីតំណែង។
មិនអាចទាក់ទងស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីធ្វើប្រតិកម្មពីការទាមទារ នៃបាតុកម្មនេះបានឡើយ ដោយសារថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក។ ប៉ុន្តែបាតុកម្ម ដែលរៀបចំ ដោយគណៈកម្មការព្រំដែនកម្ពុជានៅបរទេសនេះ បានរៀបចំធ្វើមុនមួយថ្ងៃ នៃដំណើរអញ្ជើញមកដល់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែតុលា នៅក្នុងប្រទេសបារាំង។ នៅក្នុងរយៈពេល នៃដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន ទំនងជាត្រូវស្វាគមន៍ ដោយបាតុកម្មជាច្រើនទៀត របស់ពលរដ្ឋដើមកំណើតខ្មែរ ដែលមិនពេញចិត្ត នឹងការដឹកនាំប្រទេស របស់លោក។
សូមរំលឹកជូនថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខាដោយអង្គការសហប្រជាជាតិ ប្រមុខការទូតនៃប្រទេសចំនួន ១៨ និងភាគីជម្លោះខ្មែរទាំងបួន រួមមានសម្តេចព្រះបាទ នរោត្តម សីហនុ លោក សឺន សាន លោក ប៉ុល ពត (តំណាងដោយលោក ខៀវ សំផន) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយកាលនោះ មានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន៕
» ខាងក្រោមនេះ ជារបាយការណ៍រូបភាព និងវីដេអូ មួយចំនួន នៃបាតុកម្មថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥៖
------------