ហ៊ុន សែន សោកស្តាយរឿងចំណាប់ខ្មាំងនៅអូស្ត្រាលី... ចុះនៅកម្ពុជា?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបង្ហាញភាពសោកសង្រេង របស់លោក ហ៊ុន សែន ទៅកាន់នាយករដ្ឋមន្រ្តីអូស្រ្តាលី ជុំវិញការចាប់ពលរដ្ឋជាចំណាប់ខ្មាំង នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនេះ ខណៈនៅកម្ពុជា អង្គការសង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋរងគ្រោះដោយដីធ្លី ក៏បានលើកឡើងដែរថា រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការចាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លី តំណាងសហគមន៍ដីធ្លី តំណាងព្រះសង្ឃ និងសកម្មជនមួយចំនួន ជា«ចំណាប់ខ្មាំង»ដូចគ្នា។
ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារ InterCon Tinental ក្នុងសន្និសីទថ្នាក់ជាតិមួយ ស្តីពីការផ្សព្វផ្សាយច្បាប់ទាំងបី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖ «យើងចូលរួមការលំបាក ជាមួយដៃគូរមិត្តភិក្តរបស់យើង ទាក់ទងនឹងការប្រយុទ្ធប្រឆាំង ទៅលើភេវរកម្មដែលបានកើត នៅឯស៊ីដនីកាលពីម្សិលម៉ិញ។ យើងក៏ចូលរួមជាមួយមិត្តភិក្តរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងជាមួយ ISIS។ (…) រឿងនេះ ជាប្រធានបទសំខាន់ណាស់ ក្នុងការពិភាក្សានៅក្នុងអង្គប្រជុំអាស៊ាន អាស៊ានបូកអាមេរិក បូកអង្គការសហប្រជាជាតិ និងបូកអាស៊ីបូព៌ា។»
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជានេះ បានរងនូវការរិះគន់ ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងធ្ងន់ថា៖ «គួលាងខ្លួនឯងឲ្យស្អាតជាមុន មុននឹងចង់បង្ហាញភាពសោកសៅរបស់ខ្លួនទៅកាន់អ្នកដទៃ»។
លោក សុខ ជា បានបង្ហាញគំនិតខ្លួនផ្ទាល់ថា នៅកម្ពុជា រដ្ឋាភិបាលក៏កំពុងចាប់ប្រជាពលរដ្ឋ ធ្វើចំណាប់ខ្មាំងដែរ។ លោកថា តែការធ្វើចំណាប់ខ្មាំងនេះ វាខុសគ្នាបន្តិចនៅត្រង់ថា នៅអូស្ត្រាលី ពលរដ្ឋត្រូវបានចាប់ធ្វើចំណាប់ខ្មាំង ដោយ«បុគ្គលក្រៅច្បាប់» គ្រាន់តែធ្វើបំពានច្បាប់ប៉ុណ្ណោះ។ តែសម្រាប់កម្ពុជាវិញ ការចាប់ជំរិតពលរដ្ឋខ្លួនឯង ដោយ«បុគ្គលស្របច្បាប់» ឈរដោយច្បាប់ តែរំលោភច្បាប់ទៅវិញ។
លោកបានបញ្ជាក់ដូច្នេះថា «សម្រាប់អូស្ត្រាលីមិនមានអ្វី ដែលគួរឲ្យកត់សម្គាល់ទេ។ ព្រោះអ្នកប្រព្រឹត្តិនោះពិតជា«ជនល្មើស» ដែលត្រូវបានកំណត់ដោយច្បាប់ថា ត្រូវតែទទូលទោស។ ដូច្នេះបើមានការចាប់ខ្លួន ឬការបាញ់សម្លាប់មនុស្សវិញនោះ ច្បាប់គេប្រាកដជាមិនឲ្យរួចខ្លួនឡើយ។ (…) តែសម្រាប់កម្ពុជា អ្នកដែលបានសម្លាប់មនុស្សនាពេលកន្លងមក មិនត្រូវបានច្បាប់កំណត់ចាប់ខ្លួននោះទេ ហើយថែមទាំងគ្មានទោស ព្រមទាំងលើកទឹកចិត្តដល់ពួកគេថែមទៀតផង។ (…) ឧទាហរណ៍ថា អ្នកដឹងច្បាប់ហើយរំលោភច្បាប់នោះ ត្រូវតែមានទោសទ្វេដង នៃប្រជាពលរដ្ឋធម្មតា។ ដូចជាការសម្លាប់ប្រជាពលរដ្ឋ ដោយក្រុមសមត្ថកិច្ច នាពេលកន្លងមកជាដើម។»
ឯលោក វិ ធូ វិញ បានចំអក ចំពោះសំដីសោកស្តាយលោកនាយករដ្ឋមន្រ្តី ដែលបានមើលរំលងឆ្ងាយ ពីច្រមុះរបស់ខ្លួន។ លោកថា ការបង្ហាញភាពលោកសៅ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជាពេលនេះ គ្រាន់តែជាការល្អមើលប៉ុណ្ណោះ ព្រោះចំពោះជាតិខ្មែរខ្លួនឯង ដែលរងការបាញ់សម្លាប់យ៉ាងអនាធិបតេយ្យ នាអំឡុងដើមឆ្នាំ២០១៤ មកនោះ ដោយក្រុមសន្តិសុខរបស់ជាតិខ្លួនឯងផ្ទាល់ មកទល់ពេលនេះ នៅមិនទាន់ឃើញមានលោក ហ៊ុន សែន ចេញមកការបង្ហាញការសោកស្តាយណាមួយ នៅឡើយ។
ឯជនរងគ្រោះដោយភាព«អយុត្តិធម៌»ទាំងនោះ មិនត្រូវបានលោកនាយករដ្ឋមន្រ្តី បញ្ជាឲ្យធ្វើការស្រាវជ្រាវ និងចាប់ជនល្មើស មកផ្ដន្ទាទោសនៅឡើយ។ ចំពោះតំណាងអយ្យការ ដែលជាដើមបណ្តឹងអាជ្ញា ក្នុងនាមអាជ្ញាធរសាធារណៈក៏មិនបាន ឬមិនដែលធ្វើការកោះហៅក្រុមសមត្ថកិច្ច ដែលប្រើប្រាស់អាវុធគ្រាប់«ពិត» បាញ់សម្លាប់ពលរដ្ឋដៃ«ទទេ» មកធ្វើការដាក់ទោសនៅឡើយដែរ។ នេះបើតាមមតិ របស់លោក វិ ធូ៕