CPP និង CNRP៖ កំពង់ចាមមាន១០អាសនៈ ខណៈត្បូងឃ្មុំទើបបង្កើត មាន៨អាសនៈ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 16, 2014
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រសៀលថ្ងៃទី១៥ ខែធ្នូ កន្លងមកនេះ នាវិមានរដ្ឋសភា ក្រុមការងារគណបក្សទាំងពីរ បន្តពិភាក្សាលើវិសោធនកម្មសេចក្តីស្នើ«ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង អ្នកតំណាងរាស្ត្រ»។ អាសនៈក្នុងរដ្ឋសភា ត្រូវបានជជែកគ្នាជាថ្មី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចូល ក្នុងសេចក្តីស្នើច្បាប់ស្តីពី «ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ»។
ការកំណត់ចំនួនអាសនៈ សម្រាប់គណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន បានលើកឡើងថា ក្រុមការងារគណបក្សទាំងពីរ បានធ្វើការពិភាក្សាជាថ្មី ដើម្បីកំណត់រូបមន្ត នៃការបង្កើនចំនួនអាសនៈក្នុងរដ្ឋសភា យកតាមរូបមន្ត នៃបណ្តាប្រទេសធំៗមួយចំនួន។ រូបមន្តនេះក៏គោរព និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែរ ដែលផ្តល់អាសនៈសម្រាប់សមាជិករដ្ឋសភា មិនតិចជាង១២០អាសនៈនោះ។
លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា៖ «ជាគោលការណ៍ យើងចង់ឲ្យមានអ្នកតំណាងរាស្ត្រសមល្មម នៅតាមមណ្ឌលនីមួយៗ បំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ (...) បើសិនមានករណី មានតំណាងរាស្ត្រនៅតាមមណ្ឌលមិនគ្រប់គ្រាន់ ឧទាហរណ៍នៅខេត្តសៀមរា អញ្ចឹង ដល់ជិត១លាននាក់ ហើយអ្នកតំណាងរាស្ត្រមានតែ ៦រូប»។
តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងឲ្យដឹងដែរថា គណបក្សទាំងពីរបានឯកភាពគ្នា លើចំនុចសេសសល់មួយចំនួនរួចរាល់ហើយ។ តែសម្រាប់ការបន្ថែមអាសនៈនៃរដ្ឋសភា សម្រាប់គណបក្សប្រជាជនកម្ពុជារបស់លោក នៅតែឈរលើគោលការណ៍រក្សាចំនួនអាសនៈ ឲ្យនៅចំនួន១២៣ដដែល ដោយយោងតាមច្បាប់បោះឆ្នោតចាស់។
លោក ប៊ិន ឈិន បានបន្ថែមថា «គណបក្សប្រជាជនកម្ពុជាចង់ឲ្យកំណត់ចំនួនអាសនៈរដ្ឋសភា ត្រឹមតែ១២៣អាសនៈដដែល ដើម្បីកុំឲ្យមានបញ្ហាអ្វីទៀត។ (…) ហើយនៅប្រទេសធំៗ ពិសេសនៅជប៉ុនមានចំនួនអាសនៈរដ្ឋសភាតែ៥០០នាក់។ នៅថៃក៏មានតែ៥០០នាក់យូរមកហើយ។ នៅឥណ្ឌា ក៏មិនមានការបង្កើនចំនួនអាសនៈអ្វីនោះដែរ។»
» សូមអាចអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
ករណីនៃការបង្កើនចំនួនអាសនៈនេះ ត្រូវបានលោក គួយ ប៊ុនរឿន អះអាងថា មិនទាន់សម្រេចត្រូវបោះបង់ ឬបញ្ចប់នោះទេ ទោះជាបរាជ័យក្នុងការពិភាក្សាលើកទីពីរក៏ដោយ តែបានទុករយៈពេល ក្នុងការពិចារណាទាំងអស់គ្នា ជាបន្តសិន។
ក្នុងកិច្ចប្រជុំបិទទ្វារ (សម្ងាត់) កាលពីរសៀលថ្ងៃទី១៥ ខែធ្នូម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជា នៅតែមិនឯកភាពគ្នា លើការបង្កើនចំនួនអាសនៈនៅរដ្ឋសភា សម្រាប់ការបោះឆ្នោតអាណត្តិទី៦ នាឆ្នាំ២០១៨ដដែល។ តាមសម្រង់សម្តីក្នុងអង្គប្រជុំបិទទ្វានេះ លោក គួយ ប៊ុនរឿន លើកឡើងថាថា ខាងគណបក្សប្រជាជនកម្ពុជា មិនឯកភាពឲ្យមានការបង្កើនចំនួនអាសនៈរដ្ឋសភា ព្រោះខ្លាចពិបាកក្នុងការបន្ថែមកៅអី ឬធ្វើកន្លែងថ្មីសម្រាប់តំណាងរាស្ត្រអង្គុយនៅក្នុងរដ្ឋសភា។ ហើយគណបក្សប្រជាជនកម្ពុជា នៅតែយកគោលការណ៍ច្បាប់ចាស់១២៣អាសនៈ និងស្នើឲ្យលុបចោលមាត្រា៧ និងមាត្រា៩ ចោល។
សូមបញ្ជាក់ថា ក្រុមការងារនៃគណបក្សទាំងពីរ ក្នុងការជួបគ្នាពីរលើកមកហើយនោះ បានសម្រេចជជែកចប់សព្វគ្រប់បាន៤ជំពូក ក្នុងចំណោម១២ជំពូក នៃច្បាប់ស្ដីពី«ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ»។ ហើយក្រុមការងារនឹងបន្តរការចរចាជាថ្មីម្តងទៀត នារសៀលថ្ងៃសុក្រទី១៩ ខែធ្នូ ឆ្នាំ២០១៤ ដោយត្រូវពិភាក្សា លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបន្តទៀត មុននឹងដាក់ចូលសភាធ្វើការអនុម័ត៕