ចូល​បាញ់​រះ​ក្នុង​សាលា​រៀន​នៅ​ប៉ាគីស្ដង់ យ៉ាង​ហោច​១៤១ស្លាប់

ក្រុមតាលីបង់ នៅប្រទេសប៉ាគីស្ដង់ បានបើកការវាយប្រហារ កាលពីថ្ងៃទី១៦ ខែធ្នូនេះ ទៅលើសាលារៀនមួយ របស់​យោធា​នៃ​ប្រទេស​នេះ ស្ថិតនៅក្នុងក្រុង ប៉េស្សាវ៉ា (Peshawar - ភាគពាយ័ព្យនៃប្រទេស ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ដង់) ធ្វើឲ្យមនុស្សយ៉ាងហោច១៤១នាក់ស្លាប់ ក្នុងនោះ១៣២នាក់ជាកុមារ និង៩នាក់ជាសាស្ត្រាចារ្យ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី១៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 17, 2014
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាព្រឹត្តិការណ៍ដ៏រន្ធត់ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​រយ​ឆ្នាំ នៃ​ប្រទេស​ប៉ាគីស្ដង់។ ហេតុការណ៍​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ និង​បាន​បន្ត​រហូត​៨​ម៉ោង​ក្រោយ ទើប​កង​ទ័ព​ប្រទេស​ប៉ាគីស្ដង់ បាន​ប្រកាស​ថា ខ្លួន​បាន​គ្រប់គ្រង​សភាពការណ៍​បាន​ទាំង​ស្រុង​ ហើយ​ជន​ខ្មាន់​កាំភ្លើង​ទាំង​៦​នាក់ ដែល​ស្លៀកពាក់​ជា​ទាហាន​ដែរ​នោះ ត្រូវ​បាន​សម្លាប់។ តុល្យភាព​បណ្ដោះ​អាសន្ន របស់​អាជ្ញាធរ​ក្រុង ប៉េស្សាវ៉ា បាន​ផ្សាយ​ឲ្យ​ដឹង​ថា សិស្ស​១២១​នាក់​ផ្សេង​ទៀត បាន​រង​របួស ហើយ​សិស្ស​៩៦០​នាក់ និង​បុគ្គលិកផ្សេង​ទៀត​របស់​សាលា​​រៀន​ ត្រូវ​បាន​រំដោះ​ចេញ​ជា​ស្ថាពរ។

គ្រូពេទ្យមួយរូបបាន​ថ្លែង​អះអាង​ថា មួយ​ភាគ​ធំ​នៃ​ជន​រង​គ្រោះ សុទ្ធ​សឹង​ជា​កុមារ ដែល​មាន​អាយុ​រវាង​ពី១០ ទៅ​២០ឆ្នាំ។ អភិបាល​ក្រុង ប៉េស្សាវ៉ា លោក បារ៉ាមាន់ ខ័ណ (Bahramand Khan) បាន​បញ្ជាក់​ថា៖ «តុល្យភាព​នៃ​ចំនួន​ជន​រងគ្រោះ អាច​នឹង​បន្ត​កើន​ឡើង»។

បើតាមសាក្សីនៅផ្ទាល់កន្លែង បាននិយាយថា ជនខ្មាន់កាំភ្លើងទាំង៦នាក់ បានដើរពីថ្នាក់មួយទៅ​ថ្នាក់​មួយ​ទៀត ហើយបានបាញ់សន្ធាប់ទៅលើកូនសិស្ស ដែលសុទ្ធសឹងជាកុមារ។ សិស្សជំទង់មួយរូបអាយុ១៦ឆ្នាំ ដែល​នៅរស់ប៉ុន្តែកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យនោះ បាននិយយជនតាលីបង់ បានដើរទៅសម្លាប់កុមារ បើទោះជាកុមារទាំងនោះ បានរត់ចូលទៅពួននៅក្រោមកៅអីរួចហើយក៏ដោយ។ យុវនិស្សិត ត្រូវបាន​បាញ់​ឲ្យ​របួស នៅត្រង់ជើងហើយបានសំងំក្រាបនៅលើដី រហូតសន្លប់បាត់ស្មារតី។ ប៉ុន្តែយុវសិស្សបានចាំយ៉ាង​ច្បាស់ ពីខ្មាន់កាំភ្លើង ដែលមានពាក់ស្បែកជើងធំៗពណ៌ខ្មៅ ហើយដើរបាញ់សម្លាប់មិត្តរួមថ្នាក់របស់​ខ្លួន។

កងទ័ពបានធ្វើអន្តរាគមន៍ភ្លាមៗ ហើយសម្លេងផ្ទុះអាវុធជាច្រើន បានលាន់លឺពេញមួយរសៀល។ នៅម៉ោង​ប្រមាណជា៦ល្ងាច ទើបគេបានដឹងថា ជនខ្មាន់កាំភ្លើងទាំង៦នាក់ ត្រូវបានសម្លាប់។ កងទ័ពនិយាយថា ខ្មាន់​កាំភ្លើងម្នាក់ បានបំផ្ទុះគ្រាប់បែកដែលជាប់នឹងខ្លួន ដើម្បីសម្លាប់ខ្លួន ខណៈខ្មាន់កាំភ្លើងចុងក្រោយបំផុត​ បាន​រត់ទៅលាក់ខ្លួន នៅក្នុងអាគារជាប់ខាង មុននឹងត្រូវបាញ់សម្លាប់។ មេបញ្ជាការកងទ័ពប៉ាគីស្ដង់ លោក​ឧត្តមសេនីយ អាស៊ីម បាជវ៉ា (Asim Bajwa) បានសរសេរនៅលើទំព័រទ្វីសធើ នៅក្រោយយុទ្ធនាការនោះ​ថា៖ «ភេវរជនទី៦ ត្រូវបានសម្លាប់នៅក្នុងអាគារចុងគេបង្អស់។ គ្រាប់បង្កៃដែលភេវរករ បានដាក់នៅក្នុង​សាលា បានធ្វើឲ្យការបោសសម្អាតរបស់កងទ័ព មានការយឺតយ៉ាវ។»

ហេតុការណ៍បាញ់សម្លាប់ដ៏រង្គាល ត្រូវបានប្រកាសទទួលស្គាល់ដោយចលនាតាលីបង់ នៅប៉ាគីស្ដង់ ហៅ​កាត់​ថា TTP។ បើទោះជានៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមនេះបានរងនូវការសំពងយ៉ាងចាស់ដៃ ពីសំណាក់​កងទ័ពប៉ាគីស្ដង់ក៏ដោយ តែការបាញ់សម្លាប់សិស្សសាលាលើកនេះ បានបង្ហាញជាថ្មីថា ​ក្រុម​តាលីបង់ដែល​សេសសល់ នៅ​តែអាចធ្វើប្រទេសប៉ាគីស្ដង់ទាំងមូល តក់ស្លុតនៅឡើយ។ នៅក្នុងសារមួយចេញផ្សាយ នៅ​ក្រោយ​ព្រឹត្តិការណ៍ ក្រុមតាលីបង់បាននិយាយថា នេះជាច្រើនចម្លើយ«សមស្រប»មួយ ទៅនឹងការ​យុទ្ធនាការ​របស់កងទ័ពតាលីបង់ ប្រឆាំងនឹងក្រុមតាលីបង់ និងបានធ្វើឲ្យក្រុមគ្រួសារច្រើននាក់របស់​ពួកគេ​ស្លាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...