ISIS ប្រកាសទទួលស្គាល់ភេរវកម្មបើករថយន្ដបុកសម្លាប់មនុស្ស នៅខាងត្បូងបារាំង
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៦ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 16, 2016
- ប្រធានបទ: ភេរវកម្ម-នីស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីភ្នាក់ងារព័ត៌មាន «Amaq» ដែលជាឧបករណ៍ឃោសនាផ្លូវការ របស់ក្រុមភេរវនិយម បានចេញផ្សាយឲ្យដឹង នៅថ្ងៃសៅរ៍នេះ ថាក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាអ្នកនៅពីក្រោយភេរវកម្មបើករថយន្ដដឹកទំនិញ បំបុកសម្លាប់មនុស្សដ៏រង្គាល នាទីក្រុងមាត់សមុទ្រភាគខាងត្បូង នៃប្រទេសបារាំង កាលពីថ្ងៃបុណ្យជាតិ «១៤កក្កដា» កន្លងមកនេះ។
ទីភ្នាក់ងារ «Amaq» ដែលអះអាងថាបានស្រង់ប្រភព ពីផ្នែកសន្តិសុខរបស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរថា៖ «អ្នកដឹកនាំប្រតិបត្តិការ (...) នៅក្នុងទីក្រុង នីស (Nice) ប្រទេសបារាំង គឺជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម។ យុទ្ធជនរូបនេះ បានអនុវត្តន៍គម្រោងការ ដើម្បីឲ្យស្របទៅនឹងសេចក្ដីអំពាវនាវ ក្នុងពេលកន្លងមក ដែលប្រកាសឲ្យមានការវាយប្រហារ ទៅលើបណ្ដាជន នៃបណ្ដាប្រទេសទាំងឡាយ ដែលស្ថិតក្នុងក្រុមសម្ព័ន្ធមិត្ត ដែលកំពុងប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។»
បើតាមអាជ្ញាធរបារាំង បានឲ្យដឹងថា ភេរវជនវ័យ៣១ឆ្នាំ ឈ្មោះ«Mohamed Lahouaiej-Bouhlel» បានបើករថយន្ដដឹកទំនិញធុនធ្ងន់ (ដែលបានជួល ពីក្រុមហ៊ុនជួលរថយន្ដ) បោលចូលក្នុងហ្វូងមនុស្ស ដែលបានជួបជុំគ្នា នៅលើដងវិថី «Promenade des Anglais» ដែលនៅជាប់មាត់សមុទ្រ ដើម្បីកំសាន្ដរីករាយនឹងការបាញ់កាំជ្រួចជ្វាលា ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។
កាលពីថ្ងៃសុក្រកន្លងមក លោក ហ្វ្រង់ស៊័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញានៃរដ្ឋធានីប៉ារីស ដែលទទួលបន្ទុកស៊ើបអង្កេតករណីនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ភេរវជនដែលមានមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ និងកំពុងស្ថិតក្នុងការលែងលះខាងលើនេះ មិនដែលត្រូវបានផ្នែកចារកិច្ចបារាំង ស្គាល់ពីមុនមកទេ ហើយក៏មិនដែលជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅ «S» នៃជនសង្ស័យដែលជាប់ទាក់ទង នឹងបណ្ដាញភេរវនិយមនោះដែរ។ ប៉ុន្តែជននេះ ធ្លាប់ត្រូវបានផ្ដន្ទាទោស ត្រឹមតែបទព្រហ្មទណ្ឌកម្រិតស្រាល មានដូចជា បទគម្រាម ប្រើហិង្សា ប្រព្រឹត្តិចោរកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រវាងពីឆ្នាំ២០១០១ មកទល់នឹងឆ្នាំ ២០១៦។
អត្តសញ្ញាណនៃបុរស «Mohamed Lahouaiej-Bouhlel» បានស្ថិតក្នុងភាពមន្ទិល មុនការប្រកាសទទួលស្គាល់ភេរវកម្ម ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម។ នាយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) អះអាងថា ភេរវជនរូបនេះ ពិតជាមានជាប់ទាក់ទង នឹងបណ្ដាញអ៊ីស្លាមនិយមជ្រុលណាមួយ ទោះវាស្ថិតក្នុងស្ថានភាពបែបណាក្ដី។ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាហ្សស្នូវ (Bernard Cazeneuve) បែរជាបានបដិសេធ មិនអះអាងថាជននេះ មានជាប់ទាក់ទង នឹងក្រុមអ៊ីស្លាមនិយមជ្រុលណាមួយទៅវិញ។
ជាច្រើនដងហើយ ដែលក្រុមរដ្ឋអ៊ីស្លាម បានធ្វើការអំពាវនាវ ឲ្យមានការវាយប្រហារ តាមគ្រប់មធ្យោបាយ ទៅក្នុងបណ្ដាប្រទេសចូលរួមជាមួយកងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ដែលបាន និងកំពុងធ្វើការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងអង្គការភេរវនិយមមួយនេះ នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន៕
-------------
» ទិដ្ឋភាពនៃការបាញ់បង្ក្រាបភេរវជន ដែលបានបើករថយន្ដ បោលចូលហ្វូងមនុស្ស៖
#BREAKING: New video: Moment police stormed and killed #Nice terrorist (Credit: Silvan Ben Weiss) pic.twitter.com/VWak9U4oGi
— Amichai Stein (@AmichaiStein1) 15 juillet 2016