ឃាតករសម្លាប់ចំណាប់ខ្មាំងជាតិបារាំង នៅអាល់ហ្សេរី ត្រូវបានស្គាល់មុខ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣០ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: October 01, 2014
- ប្រធានបទ: បណ្ដាញភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាល់ហ្សេរី តាយ៉េប លូហ៍ (Tayeb Louh) បានថ្លែងបញ្ជាក់ថា៖ «នៅក្នុងរបាយការណ៍ដំបូង នៃការស៊ើបអង្កេត បានអនុញ្ញាតឲ្យយើង អាចកំណត់អត្តសញ្ញាណ សមាជិកមួយចំនួន នៃក្រុមភេវរជន ដែលបានបង្កើតឲ្យមានឧក្រិដ្ឋកម្មនេះឡើង»។
ចំណាប់ខ្មាំងជាតិបារាំង លោក អ៊ែរវ៉េ ហ្គួរដែល អាយុ៥៥ឆ្នាំ ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ នៅចម្ងាយជាង១០០គីឡូម៉ែត្រ ពីរដ្ឋធានី អាល់ហ្សេ ដោយក្រុម ជូដ អាលឃីឡាហ្វា (Jund al-Khilafa) ហើយត្រូវបានសម្លាប់ ដោយកាត់ ក ដោយក្រុមដដែលនេះ ដើម្បីជាកាយវិការព្រមាន ដល់ប្រទេសបារាំង ក្នុងចំណាត់ការយោធា ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (និយមតឹង) នាផ្នែកខាងជើងប្រទេសអៀរ៉ាក់។
លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាល់ហ្សេរី បានថ្លែងពន្យល់ទៀតថា ការស៊ើបអង្កេតទៅលើករណីចាប់ពង្រត់ និងឃាតកម្មនេះ ត្រូវបានទទួលបន្ទុកដោយ ចៅក្រមស៊ើបអង្កេតមួយរូប ដែលមានជំនាញក្នុងសំនុំរឿង ភេវរកម្ម និងបណ្ដាញឧក្រិដ្ឋកម្មធំៗ។
ការិយាល័យយុត្តិធម៌នៃរដ្ឋធានីអាល់ហ្សេ បានស្នើសុំឲ្យមានដីការតាមចាប់ខ្លួន ជនសង្ស័យទាំងនេះ ហើយគណៈកម្មការពិសេសមួយ ត្រូវបានបង្កើតឡើង ដើម្បីកំណត់ឲ្យបាន ពី«ទីកន្លែងដែលត្រូវបានប្រើប្រាស់ ដើម្បីផ្សព្វផ្សាយវីដេអូឃាតកម្ម ឡើងទៅលើបណ្ដាញអ៊ិនធើណែត»។ តុលាការក៏បានបញ្ជាបន្ថែម ទៅកាន់គណៈកម្មការពិសេសនេះ ដើម្បីកំណត់អត្តសញ្ញាសមាជិកផ្សេងទៀត នៃក្រុមភេវរជន ដែលបានចាប់ពង្រត់ និងសម្លាប់ទេសចរណ៍បារាំង លោក អ៊ែរវ៉េ ហ្គួរដេស។
មុនហេតុការណ៍ឃាតកម្មថតដាក់វីដេអូ ក្រុមភេវរជនអ៊ីស្លាមនិយមជ្រុល បានដាក់ឱសានវាទទៅប្រទេសបារាំង ឲ្យបញ្ឈប់ក្នុងរយៈពេល២៤ម៉ោង នូវប្រតិបត្តិការយោធា នៅក្នុងប្រទេសអៀរ៉ាក់ ឬបើមិនអញ្ចឹងទេ ពួកគេនឹងសម្លាប់លោក អ៊ែរវ៉េ ហ្គួរដេល។ ប៉ុន្តែឱសានវាទនេះ ត្រូវបានប្រទេសបារាំងទាត់ចោល៕