តើ​អាពាហ៍ពិពាហ៍​របស់​តារា​ហូលីវូដ ហ្សក ឃ្លូនី នៅ​ក្រុង វើនីស អស់​តម្លែ​ប៉ុន្មាន?

អាពាហ៍ពិពាហ៍របស់ជនល្បីៗ ឬរបស់តារា ច្រើនតែត្រូវបានរៀបចំ ឲ្យមានភាពពិសេសៗ ដើម្បីបង្កចំណាប់អារម្មណ៍​កាន់​តែ​ខ្លាំង និងជាពិសេសដើម្បីបំពេញចិតមនុស្ស ដែលគេស្រឡាញ់ ស្ម័គ្រយកមករួមរស់ ក្នុងជីវិតជាមួយ ហើយ​មិន​សូវ​ជា​គិត​ពី​ការ​ចំណាយ​ទ្រព្យធន ឬពេលវេលា និងការរៀបចំបែបណានោះឡើយ។ ចុះករណីតារាហូលីវូដ ហ្សក ឃ្លូនី (George Clooney) វិញ អាពាហ៍ពិពាហ៍របស់លោក នៅក្រុង​ វើនីស ថ្ងៃមុន បានចំណាយប្រាក់អស់ប៉ុន្មាន?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ តុលារ ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: តារាល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងស្បោងអំណោយ ដែល​សាមី​ដើម​ការ បាន​ផ្ដល់​ទៅ​ឲ្យ​ភ្ញៀវ​ចូលរួម​ជា​កិត្តិយស មាន​ក្រដាស​មួយ​សន្លឹក បាន​សរសេរ​ជា​អាថ៌​ថា៖ «យើង​ខ្ញុំ​ទាំង​ពីរ​នាក់ មាន​សេចក្ដី​ត្រេកអរ សប្បាយ​រីករាយ​ណាស់ នឹង​វត្តមាន​របស់​លោក​អ្នក នៅ​ទីនេះ។ លោក​អ្នក​បាន​ធ្វើដំណើរ​មក​ពី​ចំងាយ ហើយ​យើង​ចង់​តបស្នង នូវ​ទឹក​ចិត្ត​នេះ​របស់​លោក​អ្នក។»

លោក ហ្សក ឃ្លូនី (George Clooney) និងនាង អាម៉ាល់ អាឡាមូឌីន (Amal Alamuddin ជាជនជាតិលីបង់) បាន​ដឹក​ដៃគ្នា​ប្រកាសរួមរស់ជាផ្លូវការ ក្នុង​អាពាហ៍ពិពាហ៍​ដ៏​អធិក​អធម​មួយ កាលពីចុងសប្ដាហ៍កន្លងទៅ នា​ទីក្រុង​វើនីស ដែល​​ជាទីក្រុងបណ្ដែតទឹកដ៏ល្បី របស់ប្រទេសអ៊ីតាលី។​ ជាមួយនឹងការរៀបចំ សម្រាប់​រយៈ​ពេល​៤ថ្ងៃ ប្រកប​ដោយ​ភាពមនោរម្យ​ និងមានការចូលរួម ដោយក្រុមតារា វរៈជនល្បីៗ ផងនោះ សំនួរ​ជា​ច្រើន​បាន​ចោទ​ឡើង ចង់​ដឹង​ថា តើកម្មវិធីបែបនេះ ត្រូវចំណាយអស់ទ្រព្យធនប៉ុន្មាន។

សារព័ត៌មាន New-York Daily បានធ្វើការប៉ាន់ប្រមាណថា ពិធីអាពាហ៍ពិពាហ៍នេះ ចំណាយអស់ច្រើន​ជាង​កម្មវិធី របស់តារាល្បីផ្សេងទៀតទាំងអស់ ដោយខ្ទង់ចំណាយបានធ្លាយទៅដល់ ជាង១៣លាន​ដុល្លារ​អាមេរិក (ជាង១០លានអ៊ឺរ៉ូ)។ លោកស្រី តាទីយ៉ាណា បាយរ៉ុន (Tatiana Byron) អ្នករៀបចំ​ពិធីការ​បាន​ពន្យល់​ថា៖ «រឿងខ្លះ អាចត្រូវបានបន្ថែមភ្លាមៗ យ៉ាងឆាប់រហ័សជាទីបំផុត ដោយមិនបានគិតមុន»។ ហើយ​បើ​សម្រេច​រួចហើយ វា​តម្រូវ​ឲ្យ​មាន​ការចាយប្រាក់យ៉ាងសម្បើមតាមនោះដែរ។ បើអញ្ចឹងតើមានអ្វីខ្លះទៅ?

ភ្ញៀវដែលធ្វើដំណើរពីសហរដ្ឋអាមេរិក និងពីប្រទេសលីបង់ ត្រូវបានសាមីខ្លួនជូនសំបុត្រយន្ដហោះ ដែល​មាន​តម្លៃសរុប ប្រមាណជា៣សែន៥ម៉ឺនដុល្លារ (៣សែនអ៊ឺរ៉ូ)។ ហើយនៅពេលមកដល់ក្រុងវើនីស ភ្ញៀវទាំង​នោះ ត្រូវបានទទួលឲ្យស្នាក់នៅក្នុងសណ្ឋាគារផ្កាយប្រាំ ដែលគេត្រូវបន្ថែម ជិត២សែនដុល្លារទៀត ក្នុង​មួយ​យប់ ទៅក្នុងការចំណាយ។

បន្ថែមពីលើនេះ នៅមានអាហារអាពាហ៍ពិពាហ៍ ដែលត្រូវបានរៀបចំឲ្យចុងភៅអ៊ីតាលីដ៏ល្បី និងត្រូវ​ចំណាយ​៧០០ដុល្លារ ក្នុងមួយនាក់ បន្ទាប់មកនៅមានភេសជ្ជៈ និងការរៀបចំផ្សេងទៀត ដែល​ធ្វើ​ឲ្យការ​ចំណាយ​ឈានទៅដល់ ប្រមាណជា ៣ម៉ឺនដុល្លារ។ ក្នុងរយៈពេលនៃការស្នាក់នៅ គូរស្វាមីភរិយាថ្មី បានផ្ដល់​ជូន​ទៅ​ឲ្យភ្ញៀវរបស់ពួកគេ នូវការដើរកំសាន្ដតាមទូកឯកជនជាច្រើន ហើយភ្ញៀវម្នាក់អាចទទួលបាន នូវ​អាយផូត (Ipod) ឧបករណ៍ស្ដាប់ចម្រៀងមួយគ្រឿង ជាមួយនឹងចម្រៀងជាច្រើនបទនោះទៀត។

បន្ទាប់មកទៀត លោក ហ្សក ឃ្លូនី និងនាង អាម៉ាល់ អាឡាមូឌីន បានជិះយន្ដហោះឯកជនមួយ ចេញពី​ក្រុង​វើនីស ឆ្ពោះមកកាន់រាជធានីឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទទី២៩ ខែកញ្ញា ដើមសប្ដាហ៍នេះ។ ប៉ុន្តែ​ការ​ចំណាយ​នៅចក្រភពអង់គ្លេស មិនត្រូវបានគិតចូល ក្នុងបញ្ជីចំណាយខាងលើនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...