បាញ់រះនៅតិចសាស ខណៈមានពិពណ៌រូប«មហាមេដ» ស្លាប់ពីរនាក់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 04, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនខ្មាន់កាំភ្លើងទាំងពីរនាក់ បានធ្វើដំណើរ ដោយរថយន្ដ មកដល់មុខកន្លែងកើតហេតុ ដែលជាមជ្ឈមណ្ឌលមួយ ហៅ «Curtis Culwell Center» ហើយភ្លាមៗនោះ បានបាញ់រះ ទៅលើភ្នាក់ងារសន្តិសុខមួយរូប។ នេះបើតាមការថ្លែងឲ្យដឹង ពីសំណាក់អាជ្ញាធរតំបន់ ដែលបានចេញផ្សាយ សេចក្ដីប្រកាសព័ត៌មាន នៅក្រោយហេតុការណ៍នោះ នៅលើទំព័រទ្វីសធើរ និងហ្វេសប៊ុករបស់ខ្លួន។ ហេតុការណ៍ បានកើតឡើង នៅសង្កាត់ ហ្គាឡេន (Garland) ក្បែរងនឹងក្រុង ដាឡាស របស់រដ្ឋតិចសាស ភាគខាងត្បូងសហរដ្ឋអាមេរិក។
នគរបាលបានមកដល់ ទីកន្លែងក្នុងពេលបន្ទាប់នោះ ហើយបានប្រតិកម្ម ដោយបាញ់តប ទៅក្រុមខ្មាន់កាំភ្លើង ដោយសម្លាប់ពួកគេទាំងពីរ បានភ្លាម។ នៅក្នុងពេលភ្លាមៗ នគរបាលមិនទាន់អាចបញ្ជាក់បាននៅឡើយថា ជនទាំងពីរ អាចជាប់ទាក់ទង នឹងបណ្ដាញភេវរកម្មណាមួយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន ពិពណ៌ស្ដីពីរូបកំប្លែង ទាក់ទងនឹងមហាមេដ ត្រូវបានរៀបចំឡើង ក្នុងមជ្ឈមណ្ឌលនេះ ដោយសមាគមអាមេរិក ការពារសិទ្ធិសេរីភាព (American Freedom Defense Initiative - Afdi) ដែលគេស្គាល់ថា ជាក្រុមអភិរក្សអាមេរិក មាននិន្នាការប្រឆាំង អ៊ីស្លាម។ នៅក្នុងការរៀបចំតាំងពិពណ៌នេះ នឹងរផ្ដល់រង្វាន់ ទៅឲ្យម្ចាស់គំនូរណា ដែលទទួលជ័យជំនះ ពីគំនូរបស់ខ្លួន ក្នុងចំនួនទឹកប្រាក់ ១០ ០០០ដុល្លារ។
នៅមុនព្រឹត្តិការណ៍នេះបន្តិច លោក ហ្សែរ វីលដ័រ (Geert Wilders) អ្នកនយោបាយជាតិ ហូឡង់ មួយរូប បានមានវត្តមាននៅទីនោះ។ លោកឡើងថ្លែងសុន្ទរកថា រួចបានចាកចេញទៅវិញ មុនការបាញ់បោះបានកើតឡើង។
សេចក្ដីប្រកាសព័ត៌មានរបស់នគរបាល បានបញ្ជាក់បន្ថែមថា រថយន្ដរបស់ខ្មាន់កាំភ្លើង ជាមានគ្រាប់បែក។ ក្រុមអ្នកជំនាញ ខាងដោះមីន និងដោះគ្រាប់បែក កំពុងធ្វើការរបស់ពួកគេ នៅនឹងកន្លែង។ ដើម្បីបញ្ជៀស នូវគ្រោះថ្នាក់ ដែលអាចកើតដោយយថាហេតុ អ្នកចូលរួមក្នុងពិពណ៌ទាំងអស់ ព្រមទាំងអ្នកលក់ដូរ និងអ្នកធ្វើការ នៅជុំវិញមជ្ឈមណ្ឌល ត្រូវបានជម្លៀសខ្លួនចេញ ទៅរកទីកន្លែងមានសុវត្ថិភាព៕