យក​ប្រាសាទ​ទៅ​ដាក់​លើ​ដប​ស្រា បែប​ចង់​ឲ្យ​វប្បធម៌​ស្រវឹង​តាម?

ការយករូបប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារជាដើម ទៅដាក់នៅលើដបស្រា បានបង្កឱ្យមានមតិរិះគន់ជាច្រើន រហូត​មាន​សំណូមពរ​ចង់​ឱ្យ​រដ្ឋាភិបាល ចាត់វិធានការទៅលើក្រុមហ៊ុនផលិតស្រាទាំងអស់ ឲ្យបញ្ឈប់ការយករូបបេតិកភ័ណ្ឌ​ជាតិ យក​ទៅ​ដាក់នៅលើដបស្រា ឬកំប៉ុងស្រាបៀរ ដែលធ្វើជាតិអាប់ឱន និងស្រវឹងទៅតាមស្រានោះដែរ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 16, 2014
  • ប្រធានបទ: ស្រវឹងមួយជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន ហេង គឹមហុង ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​បញ្ចេញ​ទស្សនៈ​ថា អ្នក​ណា​ក៏​ដឹងថា​ប្រាសាទ​អង្គវត្ត គឺ​ជា​និមិត្តរូប​នៃ​ព្រលឹង​ជាតិ​ខ្មែរ ដែល​គេ​យក​មក​ធ្វើ​តំណាង​ឱ្យ​ប្រទេស និង​ដាក់​នៅ​លើ​ទង់​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​មួយ​ចំនួន យក​ទៅ​ដាក់​នៅលើ​កំប៉ុង និង​ដប​ស្រា​ទៅ​វិញ។

យុវជនរូបនេះ​បន្ត​ថា៖ «ទាំង​អស់​នេះ គឺ​ជា​ការ​បំពុល​នូវ​វប្បធម៌។ បាន​ន័យ​ថា ខណៈ​ពេល​ដែល​យុវជន​យើង​ដឹង​ហើយ​ថា ជា​វ័យ​មួយ​ដែល​ឈឺ​ឆ្អាល នឹង​សង្គម​ច្រើន ពួក​គាត់​បែរ​ជា​យក​សម្បត្តិ​វប្បធម៌​សង្គម មក​បញ្ចូល​នៅ​ក្នុង​ផលិតផល​ស្រា​បៀរ ដោយ​ភ្ជាប់​នូវ​ពាក្យ​ស្លាក​​ផ្សេងៗ ដូច​ជា​ស្រា​បៀរ​ជាតិ មោទនភាព​ជាតិ ដែល​ជា​ហេតុ​មួយ​ជម្រុញ​ឱ្យ​យុវជន កាន់​តែ​មាន​កំណើន​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។»

យុវជន គឹមហុង ចង់ឲ្យរដ្ឋាភិបាលលុបបំបាត់ ការយកនូវសម្បត្តិបេតិកភ័ណ្ឌជាតិ មកធ្វើជានិមិត្តសញ្ញា​របស់​ស្រាបៀរបន្តទៀត។ សម្រាប់យុវជនរូបនេះ ការដាក់រូបភាពទាំងនេះ បានបំផ្លាញនូវសមម្បត្តិវប្បធម៌ជាតិ និង​បំពុលសង្គម។

ចំណែកនិស្សិតម្នាក់ទៀត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រតិកម្មនឹងការយករូបប្រសាទ ដែល​ជា​បេតិកភ័ណ្ឌជាតិ យកទៅដាក់នៅលើកំប៉ុងស្រាបៀរដែរថា៖ «យើងចាត់ទុកថាប្រទេសកម្ពុជា ជាប្រទេស​អច្ឆរិយៈ។ អច្ឆរិយៈមែន ដាក់ពីឈ្មោះតាំងពីស្រារបៀរឡើង ហើយដាក់តាំងពីបេតិកភ័ណ្ឌខ្លួន ហើយយើង​មើលទៀត បេតិកភ័ណ្ឌដែលយើងគោរពដាក់ក្នុងទង់ជាតិ យើងគោរពគ្រប់គ្នា ទាំងព្រះមហាក្សត្រ ទាំង​នាយក​រដ្ឋមន្រ្តី ប៉ុន្តែយើងក្រឡេកទៅមើលលើកំប៉ុងស្រា បើស្រាវានៅពេញ វាល្អរូបស្អាតណាស់ ពេលដែល​ផឹក​អស់ យើងបោះចោលនៅនឹងជើងយើងនេះ មិនដឹងថាជាន់ស្អីខ្លះទេក្នុងមួយថ្ងៃ បែរជាទៅជាន់បេតិកភ័ណ្ឌ ដែល​យើងគោរពរាល់ថ្ងៃ»។ យុវនិស្សិតរូបនេះ ដាក់ជាសំណួរថា តើគួរតែមានច្បាប់ក្នុងការ​ដាក់កម្រិត​ក្រុមហ៊ុន​ទាំង​នោះ ឱ្យឈប់ដាក់រូបបេតិកភ័ណ្ឌនៅលើដបស្រាបន្តទៀត ឬយ៉ាងណា?

លោក ចាន់ ដារ៉ា មកពីអង្គការ Kind បានលើកឡើងដែរថា ប្រសិនបើក្រុមហ៊ុនផលិតគ្រឿងស្រវឹងមួយចំនួន នៅតែបន្តយកសម្បត្តិបេតិកភ័ណ្ឌ តំណាងប្រទេសមួយ យកដាក់ជានិមិត្តរូបនៅលើដបស្រាបន្តទៀត បេតិកភ័ណ្ឌ​នោះនឹងស្រវឹង ទៅតាមគ្រឿងស្រវឹងនោះដែរ ហើយវានឹងបណ្តាញឱ្យបាត់បង់ភាពជាម្ចាស់ នៃ​សម្បត្តិ​បេតិកភ័ណ្ឌនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពលោក យង់ គីមអេង បាន​ថ្លែងថា បញ្ហានៃការយកបេតិកភ័ណ្ឌជាតិ យកទៅដាក់លើផលិតផលគ្រឿងស្រវឹង វាជារឿងមួយ​សំខាន់​ណាស់។ នៅបណ្តាប្រទេសមួយចំនួន ប្រសិនបើគេយកបេតិកភ័ណ្ឌ យកទៅដាក់លើផលិតផលណាមួយ លុះត្រាតែផលិតផលនោះ ជាផលិតផលដែលជាមោទនភាពពិតប្រាកដរបស់ជាតិ មិនមែនយកទៅដាក់​នៅ​លើដប កំប៉ុង ឬកែវស្រានោះទេ។

លោកបន្តថា បេតិកភ័ណ្ឌជាតិ វាត្រូវតែផ្សារភ្ជាប់នឹងសុខភាព មិនមែនបេតិកភ័ណ្ឌទៅផ្សារភ្ជាប់នឹងរឿងស្រវឹង បង្កគ្រោះថា្នក់បែបហ្នឹងទេ។ ប្រធានមជ្ឈមណ្ឌល បានថ្លែងឲ្យដឹងទៀតថា៖ «គួរតែអង្គរវត្តផ្សារភ្ជាប់ ជាមួយ​នឹង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីទំនៀមទម្លាប់ប្រពៃណីល្អ ហេតុអីបានជាអង្គរវត្ត ត្រូវបានគេយកទៅ​ផ្សារ​ភ្ជាប់ជាមួយនឹងស្រា ដែលជាអ្នកបង្ករគ្រោះថ្នាក់ ដែលជាអ្នកធ្វើឱ្យមនុស្សស្លាប់ទៅវិញ? នេះជាបញ្ហា អញ្ចឹង​អ្នកធ្វើគោលនយោបាយ គួរតែពិចារណាមើលដែរ។»។

លោកយល់ថា ប្រសិននៅតែបន្តធ្វើឱ្យក្រុមហ៊ុនស្រា នៅតែធ្វើតាមអំពើចិត្ត និងយករូបបេតិកភ័ណ្ឌ យកទៅ​ដាក់​ធ្វើជានិមិត្តសញ្ញា ថ្ងៃណាមួយអង្គរវត្ត នឹងអស់តម្លៃ។ លោកថា រឿងមានការជជែកគ្នាច្រើន ប៉ុន្តមិន​មាន​ជោគជ័យនោះទេ។ លោក យង់ គិមអេង បាបញ្ជាក់ទៀតថា ស្របពេលដែលច្បាប់ស្តី​ពីគ្រឿងស្រវឹង​កំពុង​ពង្រាង លោកនឹងស្នើឱ្យគណកម្មាការរបស់រដ្ឋសភា ព្រឹទ្ធសភា និងអ្នកតាក់តែងច្បាប់របស់រដ្ឋាភិបាល ពិចារណា​ក្នុងការដាក់វិធានការនេះ នៅក្នុងច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...