សម្ភាស​ជន​រង​គ្រោះ​ថ្ងៃ​ទី​៣០​មីនា​១៩៩៧៖ ការ​ឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែភាពឈឺចាប់ និង ការបន្សល់នូវស្នាមរបួស នៅតែជាការចងចាំ របស់ជនរងគ្រោះដែល​រួចរស់ជីវិតពីព្រិត្តិការណ៍នោះ។ ខាងក្រោមនេះកិច្ចសម្ភាសរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួមក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាកម្ម​យ៉ាងរង្គាល។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែភាពឈឺចាប់ និង ការបន្សល់នូវស្នាមរបួស នៅតែជាការចងចាំ របស់ជនរងគ្រោះដែល​រួចរស់ជីវិតពីព្រិត្តិការណ៍នោះ។ ខាងក្រោមនេះកិច្ចសម្ភាសរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួមក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាកម្ម​យ៉ាងរង្គាល។

វិបត្តិសង្គម - «ខ្ញុំមិនអាចបំភ្លេចបានទេ ១៦ឆ្នាំហើយ តាំងពីខ្ញុំនៅលីវ ឥលូវកូនអាយុបាន១៤ឆ្នាំហើយ (...) ហើយខ្ញុំ​ជិះមកធ្វើការកាត់តាមហ្នឹង ខ្ញុំតែងតែនឹកឃើញមុខរដ្ឋសភា មានព្រឹត្តិការណ៍គប់គ្រាប់បែក» នេះជាការរំលឹកឡើង វិញ របស់អ្នកស្រី ពៅ ស៊ីនួន ជនរងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះជាងជាច្រើននាក់ផ្សេងទៀត នៅក្នុង​ព្រឹត្តិការណ៍​ នៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤ គ្រាប់ ទៅលើបាតុកម្ម ដែលដឹកនាំដោយ លោកសម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។

អ្នកស្រី ពៅ ស៊ីនួន បានរៀបរាប់ពីព្រឹត្តិការណ៍ថ្ងៃនោះ ទាក់ទងនឹងរបួសត្រង់ជើងឆ្វេង និងអំបែងគ្រាប់បែកបីដុំ​នៅ​ក្នុងជើងទាំងពីរបានរៀបរាប់ថា «ដល់ខែត្រជាក់ វាចាប់ផ្តើមធ្វើទុក្ខខ្លាំង ខ្ញុំអត់មានលទ្ធភាពក្នុងការវះចេញទេ ដោយ​សារឪខ្ញុំឯណោះ ក៏អត់មានលទ្ធភាព វះ។ បើខ្ញុំវះវាបាន ប៉ុន្តែទីមួយវាប៉ះពាល់ពេលខ្ញុំធ្វើការ ពេលដែលខ្ញុំវះ ខ្ញុំត្រូវ​ចំណាយពេលយូរ ហើយពីមុនមក អំបែងហ្នឹងវាអត់អណ្តែងទេ តែឥលូវវាអណ្តែត ហើយណាមួយវាសំខាន់ដែរ វាចំ​ត្រយ៉ូងចេក ពេលដែលវះទៅ វាអាចប៉ះពាល់ដល់សរសៃរ។» ព្រឹត្តិការណ៍ដដែលនេះ ក៏បានធ្វើឲ្យអ្នកស្រី មានរបួស​ប៉ះពាល់ដល់ក្បាលបន្តិចដែរ ដោយសារតែពេលដួលបានបោកក្បាលទៅនឹងថ្ម តែវាមិនធ្ងន់ធ្ងរដូចជើងទេ។

ស្ថិតក្នុងវ័យ៣៥ឆ្នាំ និងជាបុគ្គលិកចុងភៅនៅភោជនីដ្ឋានមួយនៅភ្នំពេញ អ្នកស្រី ពៅ ស៊ីនួន បានរៀបរាប់បន្តថា ទោះបីជាអ្នកស្រីមិនបានចេញទៅក្រៅប្រទេស ដូចជាជនរងគ្រោះមួយចំនួន ប៉ុន្តែវាអាចជារឿងមួយ ដែលអ្នកស្រី​សំណាងជាងគេ ក្នុងចំណោមជនរងគ្រោះនៅស្រុកខ្មែរ «សំណាងដោយសារខ្ញុំស្គាល់ជនជាតិអូស្រ្តាលីម្នាក់ គាត់​តែងតែមើលយើង ជួយយើង ហើយគាត់ចុះកាសែតចុះអីទៅ គេជួយ ផ្តល់លុយ។ (...) កាលហ្នឹងខ្ញុំទុក​ដល់ជើង​រលួយ ដោយសារខ្ញុំគ្មានលុយ តែគាត់យកខ្ញុំទៅវះកាត់ភ្លាមៗ។ កាលមុនជើងខ្ញុំខើច អញ្ចឹងខ្ញុំត្រូវពាក់​ស្បែកជើង​កល់ ដល់ពេលរៀនដើរយូទៅៗ ម៉ាស្សាយូៗទៅវាទាញ បានគ្រាន់រៀងស្មើរជាមុន ឥលូវក៏ដកកល់ជើងចេញទៅ។»

បើទោះអ្នកស្រី ធ្លាប់ទទួលរងរបួសស្ទើរផុតជីវិតក៏ដោយ អតីតកម្មការិនីរូបនេះ បានប្រាប់អ្នកស្រីមិនបាន​ដាក់ពាក្យ​បណ្តឹងនោះទេ។ អ្នកស្រីបានពន្យល់ពីមូលហេតុដូច្នេះថា «ដោយ​សារតែឥលូវស្រុកទេសយើងមិនស្រួល ហើយវា​ចេះតែអាញ៉េអាញ៉ៃ មិនដឹងទៅពឹងពាក់អ្នកណាអោយជួយ ទៅពឹងមេបក្ស គាត់មិននៅកន្លែងគាត់​តែងតែចេញ​ទៅ​ក្រៅ។ វាពិបាកដែរ ខ្ញុំដូចជាអស់ជំនឿ មិនដឹងដាក់ពាក្យប្តឹងនៅឯណា ណាមួយដូចយើងដឹងហើយ យើងមិន​អាច​ជឿជាក់ទៅលើប្រព័ន្ធប្រព័ន្ធតុលាការបាន។ »

ចំពោះភាពជឿជាក់ទោះលើរដ្ឋាភិបាល ក្នុងការស្វែងជនប្រព្រឹត្តមកដាក់ទោសទណ្ឌ ស្រ្តីជាជនរងគ្រោះរូបនេះ​បាន​បង្ហាញអារម្មណ៍អស់សង្ឃឹមថា «វាដូចអស់សង្ឃឹម យើងមិនអាចជឿជាក់ ព្រោះអីវាកន្លងមកយើងដឹងហើយ​ វាមាន​បញ្ហាជាច្រើន តាំងពីប្រធានសហជីព ជា វិជ្ជា ត្រូវគេបាញ់ក៏រកឃាតករអត់ឃើញ អ្នកតវ៉ាតម្លើងប្រាក់ខែត្រូវ​បាន​សំលាប់ វាមានរឿងគ្រប់បែបយ៉ាង។ អញ្ចឹងអោយយើងទៅជឿជាក់ ទៅលើរដ្ឋាភិបាលម៉េចកើត បើឥលូវរិតតែគាប​សង្កត់​ជាងមុនទៀត។»

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនរងគ្រោះ១៦នាក់បានស្លាប់ និងជាង១៥០នាក់រងរបួស ក្រោយ​ពីជនមិនស្គាល់មុខ បានគប់គ្រាប់បែកយ៉ាងតិច៣គ្រាប់ចូលហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៉ី ក្នុង​គោលបំណងជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរ នៅមុខអតីត មន្ទីររដ្ឋសភា។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៧ឆ្នាំហើយ ដែលសមត្ថកិច្ចរបស់កម្ពុជា នៅតែមិនទាន់អាចវែកមុខជនល្មើស និងមេខ្លោង យកមកផ្តន្ទាទោសបាននៅឡើយ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២២ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...