យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​និយាយ​ឲ្យ​សង្ឃឹម ពី​អ្នក​រស់​រាន​មាន​ជីវិត

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានប្ដេជ្ញាកាល​ពីថ្ងៃ​សៅរ៍ទី២៩ ខែមីនា ថានឹងបន្តការរុករុក ដើម្បីរកឲ្យឃើញ នូវជនទាំងឡាយណា ដែលអាចរស់រានមានជីវិត នៅក្នុង​ការបាត់យន្ដហោះ ប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលត្រូវបានគេសង្ស័យថា បានធ្លាក់ក្នុង​មហា​សមុទ្រឥណ្ឌា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក ហ៊ីស្សាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានប្ដេជ្ញាកាល​ពីថ្ងៃ​សៅរ៍ទី២៩ ខែមីនា ថានឹងបន្តការរុករុក ដើម្បីរកឲ្យឃើញ នូវជនទាំងឡាយណា ដែលអាចរស់រានមានជីវិត នៅក្នុង​ការបាត់យន្ដហោះ ប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលត្រូវបានគេសង្ស័យថា បានធ្លាក់ក្នុង​មហា​សមុទ្រឥណ្ឌា។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - «បើទោះជាសំណាងមានតិចយ៉ាងណាក៏ដោយ យើងនឹងបន្តរុករកដើម្បីស្វែងរកជន​ដែលអាចនៅ​មានជីវិត» នេះជាការថ្លែងឲ្យដឹងរបស់លោករដ្ឋមន្ត្រី ទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងការបង្ហាញនូវការចូលរួម​មរណទុក្ខ ទៅដល់គ្រួសារនៃជនរងគ្រោះមានទាំងអ្នកដំណើរ និងសមាជិកអ្នកបម្រើការនៅយន្ដហោះផង។

យន្ដហោះប៊ូអីង ៧៧៧ ភ្ជាប់ជើងហោះហើរ MH370 បានបាត់ខ្លួននៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនា នៅក្រោយ​ពេល​ដែលយន្ដហោះ បានបង្ហើបខ្លួនពីដី បានប្រមាណជិត១ម៉ោង។ យន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអែរឡាញ បាន​ហោះចេញពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដោយមានអ្នកដំណើរ ២២៧នាក់ និង​អ្នកបម្រើការ​រួម​នឹងអ្នកបើកបរយន្ដហោះ ១២នាក់ ជិះនៅលើយន្ដហោះនោះផង។

ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់យន្ដហោះ បានបញ្ជាក់ជាផ្លូវការ តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃ២៥ ខែមីនា ថាយន្ដហោះបានបញ្ចប់ជីវិតរបស់ខ្លួន នៅលំហ​ខាងត្បូងនៃមហាសមុទ្រឥណ្ឌា ប៉ុន្តែមិនបានលើក​យក​ភស្តុតាងពិតប្រាកដ មកអះអាងនោះទេ។

ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាអ្នកនាំពាក្យរបស់ប្រទេសម៉ាឡេស៊ី ជុំវិញសំនុំរឿងបាត់យន្ដហោះនេះ នៅតែសម្ដែងក្ដីសង្ឃឹមថា នឹងរកឃើញវិញនូវអ្នករស់រានមានជីវិត។

នៅចំពោះមុខអ្នកសារព័ត៌មាន នាថ្ងៃសៅរ៍ម្សិលម៉ិញនេះ លោករដ្ឋមន្ត្រីបាននិយាយឲ្យដឹងទៀតថា «ខ្ញុំមិនអាចផ្ដល់​ក្ដីសង្ឃឹមផ្ដេសផ្ដាសទៅគ្រួសារជនរងគ្រោះនោះទេ។ រឿងល្អបំផុតដែលយើងអាចធ្វើបាន គឺបន់ស្រន់និងបញ្ជាក់​ប្រាប់គាត់ពីបំណងល្អរបស់យើង ថានៅពេលណាដែលក្ដីសង្ឃឹមនៅតែមាន យើងនឹងធ្វើនូវអ្វីដែលចាំបាច់ទាំងនោះ ដើម្បីស្វែងរកជននៅរស់រានមានជីវិត។»

យន្ដហោះចំនួន១១ ពីប្រទេសចំនួន៦ (អូស្ត្រាលី ចិន ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក) បាន​ចូលរួមស្វែងរកយន្ដហោះ នៅក្នុងតំបន់លើផ្ទៃសមុទ្រប្រមាណជា ១១០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅចំងាយ​ជាង​ ២០០០គីឡូមែត្រ ពីឆ្នេរខាងលិចនៃប្រទេសអូស្ត្រាលី។ វត្ថុអណ្ដែតលើផ្ទៃ​សមុទ្រ​ជាច្រើន ត្រូវបានមើលឃើញ តែ​រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចកំណត់ថា វត្ថុទាំងនោះជាបំណែក​របស់យន្ដហោះបាត់ខ្លួនបាន​នៅ​ឡើយ៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៩ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...