ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត

បុរសទាំងពីរនាក់ ដែលបានចាប់បង្ខំ ឲ្យយន្ដហោះលីប៊ីមួយគ្រឿង ដែលត្រូវចុះចត នៅរដ្ឋធានី ទ្រីប៉ូលី បែរ​ជា​មក​ចុះចត នៅ​លើ​កោះម៉ាលត៍ កណ្ដាលសមុទ្រ​មេឌិទែរ៉ាណេ​នោះ នៅតែប្រកែក ថាខ្លួនគ្មានកំហុសទេ ទល់​នឹង​ការ​ចោទ​ប្រកាន់ ពី​សំណាក់​ប្រព័ន្ធ​យុត្តិធម៌ នៃប្រទេសដ៏តូច របស់សហគមន៍អ៊ឺរ៉ុប​មួយនេះ។
ចោរ​ប្លន់​យន្ដហោះ​លីប៊ី អាច​ជាប់​គុក​អស់​មួយ​ជីវិត
ចោរប្លន់យន្ដហោះទាំងពីរនាក់ ដែលបានចុះពីយន្ដហោះ ហើយប្រគល់ខ្លួន ឲ្យកងកម្លាំង​នៃប្រទែសម៉ាលត៍ ចាប់ខ្លួន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៧ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 27, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការរបស់ប្រទេសម៉ាលត៍ (កោះតូចមួយ នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ) បានសម្រេចបន្តឃុំខ្លួន ចោរ​ប្លន់​យន្ដហោះពីរនាក់ ដែលបានបង្ហាញខ្លួន នៅក្នុងសវនាការបថមមួយ កាលពីថ្ងៃអាទិត្យ ហើយ​បាន​បដិសេធ មិនទទួលស្គាល់ ការចោទប្រកាន់ទាំងឡាយ ដែលប្រព័ន្ធយុត្តិធម៌​របស់កោះ បានដាក់បន្ទុកមក​លើ​ខ្លួន។

កាលពីថ្ងៃសុក្រ បុរសទាំងពីរជាតិលីប៊ី បានចាប់បង្ខំយន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A320) មួយ​គ្រឿង ឲ្យ​មកឈប់ចត នៅនឹងព្រលានយន្ដហោះ របស់ប្រទេសម៉ាលត៍ បន្ទាប់ពីយន្ដហោះនេះ បានងើបខ្លួន ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ ក្រុង «Sabha» ស្ថិតនៅក្នុងភាគខាងត្បូង នៃប្រទេសលីប៊ី ហើយត្រូវចុះចត នៅ​ព្រលាន​យន្ដហោះ នៃរដ្ឋធានី​ទ្រីប៉ូលី (រដ្ឋធានីរបស់ប្រទេសលីប៊ី)។

ប្រភពចេញពីតុលាការ នៃកោះម៉ាលត៍ បានបង្ហើបឲ្យដឹងថា ជនទាំងពីរ ដែលមានឈ្មោះ «Moussa Saha» និង «Ali Ahmed Saleh» បានអះអាង​នៅក្នុងសវនាការថា ពួកខ្លួនមិនមានកំហុស នៅក្នុងការចាប់​ពង្រត់​យន្ដហោះ និង​មិន​​បាន​គម្រាមអ្នកដំណើរណាម្នាក់ នៅលើយន្ដហោះនេះទេ។

សកម្មភាព និងការបដិសេធ របស់បុរសទាំងពីរ អាចធ្វើឲ្យពួកគេ ទទួលការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ ប្រភពពីក្រុមអ្នកស៊ើបអង្កេត បានអះអាងដែរថា បុរសជាតិលីប៊ីទាំងពីរនាក់ ថែម​​ទាំង​បាន​បដិសេធ មិន​ឆ្លើយ​ទៅ​នឹង​រាល់សំនួរ ដែលអ្នកស៊ើបអង្កេត​បានសាកសួរ នៅពេលសួរចម្លើយនោះទៀតផង។

យន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុន «Afriqiyah Airways» ដែលត្រូវជនទាំងពីរចាប់ពង្រត់ មានដឹក​អ្នក​ដំណើរ​ចំនួន ១១៧នាក់ ក្នុងនោះ២៨នាក់ជាស្ត្រី ម្នាក់ជាទារក និង៦នាក់ជាបុគ្គលិកបម្រើការ នៅលើយន្ដហោះ។ អ្នក​ដំណើរ​សឹងតែទាំងអស់ ត្រូវបានចោរប្លន់ទាំងពីរនាក់ ដោះលែងឲ្យមានសេរីភាព នៅពេលយន្ដហោះចុះចត នៅ​លើ​កោះ​ម៉ាលត៍ ប៉ុន្តែអ្នកបើកបរយន្ដហោះម្នាក់ ត្រូវបានឃាត់ទុក។ នៅទីបំផុត បុរសទាំងពីរ​​បាន​សម្រេច ទម្លាក់​ចោល​នូវ​សារជាតិ​ផ្ទុះ ដែលមាន​នៅ​ជាប់​នឹងខ្លួនពួកគេ មុននឹងប្រគល់ខ្លួន ឲ្យអាជ្ញាធរចាប់។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា នៅក្នុងអំឡុងពេល នៃការចរចា ឲ្យដោះលែងចំណាប់ខ្មាំង ជន​ទាំង​ពីរ​​ដែលធ្លាប់​ស្និត​ នឹងអតីត​ប្រធានាធិបតី​លីប៊ី លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) បាន​លើក​ឡើង ពីការទាមទារ​របស់ពួកគេ ដើម្បីសុំជ្រកកោន ផ្នែកនយោបាយ នៅក្នុងប្រទេស​ណាមួយ នៃ​សហគមន៍​អ៊ឺរ៉ុប។ ប៉ុន្តែ គេ​ពិបាក​នឹង​យល់ ថាតើមានប្រទេសណាមួយ ដែលចង់ (ឬហ៊ាន)ទទួល យក«ចោរប្លន់យន្ដហោះ» ឲ្យ​ទៅ​នៅ​ជ្រក​កោន ក្រោមដំបូលរបស់ខ្លួន(?)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...