ឥណ្ឌាផ្ដើមសាងសង់រូបចម្លាក់ ដែលខ្ពស់ជាងគេលើលោក
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 27, 2016
- ប្រធានបទ: រូបចម្លាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេដឹកនាំឥណ្ឌា ដែលត្រូវបានចាត់ទុក ថាជាមនុស្សដ៏អស្ចារ្យនោះ មិនមែនមានតែ មហាត្មះ គន្ធី ទេ។ តែរដ្ឋបុរសឥណ្ឌាដ៏អស្ចារ្យ (ជាងគេ) មួយរូបទៀតនោះ គឺជាព្រះមហាក្សត្រមួយអង្គ ព្រះនាម «Chhatrapati Shivaji» ដែលបានប្រែក្លាយប្រទេសឥណ្ឌា ឲ្យទៅជាចក្រភពដ៏ធំមួយ នៅក្នុងសតវត្សន៍ទី១៧។ នេះ បើតាមសំដី របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលបានថ្លែងឡើង នៅក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសងរូបចម្លាក់ របស់ព្រះរាជាអង្គនេះ កាលពីថ្ងៃសៅរ៍កន្លងមក នៅលើកោះមួយ ស្ថិតនៅក្នុងឆកសមុទ្រភាគខាងលិច នៃក្រុង ប៊ុមបៃ។
រូបចម្លាក់នេះ នឹងមានកំពស់ដល់ទៅ ១៩២ម៉ែត្រ ខ្ពស់ជាងរូបចម្លាក់ «សេរីភាព» នៅក្រុង ញ៉ូយក (សហរដ្ឋអាមេរិក) ពីរដង - ខ្ពស់ជាងរូបចម្លាក់ ព្រះយេស៊ូគ្រឹស្ទ៍ នៅក្រុង រីយ៉ូ (ប្រទសប្រេស៊ីល) ៥ដង និងធំជាងរូបចម្លាក់យក្សរបស់ព្រះពុទ្ធ នៅក្នុងវត្តរដូវផ្ការីក (ប្រទេសចិន) ដែលមានកំពស់ត្រឹមតែ ១២៨ម៉ែត្រប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានថ្លែងថា៖ «បុគ្គលលក្ខណៈ និងគុណសម្បត្តិ៍ របស់ព្រះអង្គ (Chhatrapati Shivaji) បានផ្ដល់ជាគំរូ ឲ្យយើងច្រើនណាស់»។
ការសាងសង់រូបចម្លាក់នេះ មិនមែនជាការពេញចិត្ត សម្រាប់បណ្ដាជនឥណ្ឌា ទូទៅនោះទេ ដោយហេតុថា ដើម្បីសង់រូបចម្លាក់ របស់ព្រះបាទ «Chhatrapati Shivaji» មួយអង្គនេះ រដ្ឋ«Maharashtra» ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ត្រូវចំណាយទឹកប្រាក់ ដល់ទៅ៥៣០លានដុល្លារ (៣៦កោដរ៉ូពី - រូបិយប័ណ្ណក្នុងស្រុក)។ ក្រុមអ្នករិះគន់ បាននិយាយថា ទឹកប្រាក់នេះគួរត្រូវបង្វែ យកទៅធ្វើផ្លូវថ្នល់ ស្ពាន សាលារៀន ឬការអភិវឌ្ឍន៍អ្វីផ្សេង ប្រសើរជាង។
មកដល់ថ្ងៃនេះ បណ្ដាជនប្រមាណជា ៣៨០០០នាក់ បានចូលរួមគាំទ្រញត្តិមួយ ដែលធ្វើនៅលើគេហទំព័រ «Change.org» ស្នើសុំទៅរដ្ឋាភិបាលឥណ្ឌា ឲ្យបោះបង់ចោល នូវគម្រោងសាងសង់រូបចម្លាក់ខាងលើ ដែលនឹងត្រូវសង់រួចរាល់ នៅឆ្នាំ២០១៩ខាងមុខ។
ប៉ុន្តែគម្រោងរូបចម្លាក់មួយនេះ មិនមែនជាគម្រោងលើកដំបូង របស់រដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោក ណារិនដ្រា ម៉ូឌី នោះទេ។ កាលពីឆ្នាំ២០១៤ រូបចម្លាក់មួយ នៃបីតាឯករាជ្យជាតិឥណ្ឌា លោក «Sardar Vallabbhai Patel» ដែលមានកំពស់ ដល់ទៅ១៨២ម៉ែត្រ ក៏ត្រូវបានលោក ម៉ូឌី អញ្ជើញទៅបើកការដ្ឋានដែរ។ រូបចម្លាក់នេះ ស្ថិតនៅក្នុងរដ្ឋ «Gujarat (ភាគខាងលិចឥណ្ឌា និងខាងជើងជាប់រដ្ឋ Maharashtra)» ហើយត្រូវចំណាយទឹកប្រាក់ ប្រមាណជា ៣៧០លានដុល្លារ៕
» ទិដ្ឋភាពនៃរូបចម្លាក់ខ្ពស់ជាងគេ ក្នុងពិភពលោក បង្ហាញជូនជាលក្ខណៈ "3D"៖