យន្ដហោះ​បាត់​ខ្លួន «ពិត​ជា​ត្រូវ​បាន​ចាប់​ពង្រត់»​ដោយ​អ្នក​បើក​បរ​ជំនាញ

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់កាលពីមួយសប្ដាហ៍មុន ពិតជាត្រូវបាន​ចាប់ពង្រត់ដោយ អ្នកបើកបរមួយរូប«ដ៏ជំនាញ មានសមត្ថភាព និងនៅក្នុងអាជីពនៅឡើយ»។ អ្នកបើកបររូបនេះ ដឹង​ពីវិធីដើម្បីបញ្ជៀសយន្ដហោះ ពីការរកឃើញរបស់ប្រព័ន្ធចាប់រលកអាកាស (រ៉ាដា) ស៊ីវិល យ៉ាងមាន​ប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសនៅក្នុងសន្និសីទការសែតនៅថ្ងៃសៅរ៍នេះ ដោយបានបញ្ជាក់ថា លោក​បាន​បញ្ជា​ឲ្យមានការស៊ើបអង្កើតចាប់ផ្ដើមធ្វើជាថ្មីទៀត ទាក់ទងនឹងការរកឃើញថ្មីៗទាំងនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់កាលពីមួយសប្ដាហ៍មុន ពិតជាត្រូវបាន​ចាប់ពង្រត់ដោយ អ្នកបើកបរមួយរូប«ដ៏ជំនាញ មានសមត្ថភាព និងនៅក្នុងអាជីពនៅឡើយ»។ អ្នកបើកបររូបនេះ ដឹង​ពីវិធីដើម្បីបញ្ជៀសយន្ដហោះ ពីការរកឃើញរបស់ប្រព័ន្ធចាប់រលកអាកាស (រ៉ាដា) ស៊ីវិល យ៉ាងមាន​ប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសនៅក្នុងសន្និសីទការសែតនៅថ្ងៃសៅរ៍នេះ ដោយបានបញ្ជាក់ថា លោក​បាន​បញ្ជា​ឲ្យមានការស៊ើបអង្កើតចាប់ផ្ដើមធ្វើជាថ្មីទៀត ទាក់ទងនឹងការរកឃើញថ្មីៗទាំងនេះ។


លោក ណាជីប រ៉ាចាក នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត EPA)

បាត់យន្ដហោះ - ចំណុចរកឃើញថ្មី នៃការបាត់ខ្លួនរបស់យន្ដហោះប៊ូអ៊ីង ៧៧៧ ដែលភ្ជាប់ជើងហោះហើរ​ពីរដ្ឋធានី​កូឡាឡំពួរប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន និងបានផ្ទុកមនុស្ស ២៣៩នាក់ ត្រូវបានប្រកាស​ឲ្យដឹងជាសាធារណៈ នៅថ្ងៃសៅរ៍ទី១៥ ខែមីនានេះ។ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក ណាជីប រ៉ាចាក (Najib Razak) ជាអ្នកថ្លែងអះអាងដោយខ្លួនលោក នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីព័ត៌មានចុងក្រោយជាច្រើន បានបណ្ដែតខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការសង្ស័យនៃចាប់ពង្រត់នោះ។

លោក ណាជីប រ៉ាចាក បានថ្លែងឡើងថា «បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់រួចមក វាបានធ្វើឲ្យមានការសន្និដ្ឋានថា យន្ដហោះនៃ​ជើងហោះហើរ MH370 ពិតជាត្រូវបានគេបង្វែរទិស ចេញពីផ្លូវដើមរបស់វា»។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «យើងអាចនិយាយបានយ៉ាងច្បាស់​ថា ការទំនាក់ទំនងរបស់​យន្ដហោះ​ត្រូវបានកាត់ផ្ដាច់ នៅមុនពេលដែលយន្ដហោះ ហោះត្រឡប់មកដល់ដែនដីខាងកើត នៃឆ្នេរសមុទ្រ​ម៉ាឡេស៊ី​បន្តិច និងក្រោយបន្តិចពីពេលដែលវិទ្យុទាក់ទងត្រូវបានកាត់ផ្ដាច់»។ លោកក៏បានបញ្ជាក់ដែរថា យន្ដហោះបានបន្តរដំណើរ​ជាច្រើនម៉ោងទៀត បន្ទាប់ពីយន្ដហោះត្រូវបានកាត់ផ្ដាច់ការទាក់ទង មកផែនដី ដូចទៅនឹងអ្វីដែលសារព័ត៌មាន ឌឺវលស្ទ្រីត ជរណល (Walt Street Journal) របស់អាមេរិកបានលើកឡើង កាលពីពាក់កណ្ដាល​សប្ដាហ៍កន្លង​មក​នេះ។

លំនៅដ្ឋារបស់អ្នកបើកបរយន្ដហោះ ត្រូវបានឆែកឆេរ

ការទាក់ទងចុងក្រោយ ដែលត្រូវបានថតទុករវាងយន្ដហោះ និងប្រព័ន្ធផ្កាយរណប បានកើតឡើង៦ម៉ោងក្រោយ​ការបាត់ខ្លួន ពីកញ្ចក់ប្រព័ន្ធចាប់រលកអាកាស (រ៉ាដា)។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «សកម្មភាពដែល​បានកើតឡើង វាដូចជាបានកំណត់ទុករួចជាស្រេច សម្រាប់ដាក់ឲ្យប្រតិបត្តិការ​នៅលើ​យន្ដហោះ»។ ការស្វែងរក​យន្ដហោះពីពេលនេះតទៅ នឹងត្រូវសង្កត់ធ្ងន់ទៅលើតំបន់ពីរជាអាទិភាព៖ តំបន់ទីមួយ រវាងប្រទេស​កាហ្សាស្តង់ និងប្រទេសថៃ រីឯតំបន់ទីពីរ រវាងប្រទេសឥណ្ឌូណេស៊ី និងមហាសមុទ្រឥណ្ឌា តែមិនមែនសមុទ្រចិន​ខាងកើតនោះ​ទេ។

ជាមួយនឹងការរកឃើញថ្មីៗទាំងនេះ ផ្នែកមួយនៃការស៊ើបអង្កេត នឹងងាកទៅមើលបុគ្គលិកលក្ខណៈរបស់អ្នកដំណើរ អ្នកបម្រើការនៅលើយន្ដហោះ និងអ្នកបើកបរយន្ដហោះ ដែលធ្វើឲ្យគេត្រឡប់មកគិត ពីអំពើភេវរកម្មឡើងវិញ។ អ្នក​ទទួលខុសត្រូវខាងកងទ័ពម៉ាឡេស៊ី មួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «វា​ច្បាស់ណាស់ហើយ វាជាអ្នកបើកបរម្នាក់ដែលមានជំនាញ មានសមត្ថភាព និងកំពុងស្ថិតនៅក្នុងអាជីពនៅឡើយ»។ ហើយការយល់ឃើញនេះ បានយោងទៅលើទិន្និន័យដែលស្រង់បាន ដោយប្រព័ន្ធចាប់រលកអាកាសរបស់កងទ័ព តែមិនបានផ្សព្វផ្សាយជាសាធារណៈទេ។ មុននេះប្រភពផ្លូវការមួយ ក៏បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ដែរថា យន្ដហោះនេះ ត្រូវបានចាប់ពង្រត់ ដោយមនុស្សម្នាក់ឬច្រើននាក់។

បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ការឆែកឆេរមួយត្រូវបានធ្វើទៅ​លើលំនៅដ្ឋានរបស់​លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) អាយុ៥៣ឆ្នាំ មេបញ្ជាការបើកបរនៃយន្ដហោះ  MH370។ ប៉ុន្តែ​មិនទាន់មានការអះអាងណាថ្មី បានបញ្ជាក់បន្ថែមទៀតនៅឡើយ មកទល់ម៉ោងនេះ៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...