តើ​អ្នក​បើកបរ​យន្ដហោះ ដែល​ត្រូវ​គេ​ចាប់​ពង្រត់ ជា​នរណា?

បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបញ្ចប់ នគរបាលក៏បានធ្វើការឆែកឆេរគេហដ្ឋាន របស់មេបញ្ជាការបើកបរយន្ដហោះ ប៊ូអ៊ីង៧៧៧ ដែលបានបាត់ខ្លួនតាំងពីមួយសប្ដាហ៍មកហើយនោះ នៅរសៀលថ្ងៃ​ដដែលនោះដែរ។ តើមេបញ្ជាការ និងសហសេវិក ដែលជាអ្នកកាន់ចង្កូតយន្ដហោះ ភ្ជាប់ជើងហោះហើររវាងរដ្ឋធានី កូឡាឡំពួរ និងរដ្ឋធានីប៉េកាំង ទាំងពីររូបនេះជានរណា?
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបញ្ចប់ នគរបាលក៏បានធ្វើការឆែកឆេរគេហដ្ឋាន របស់មេបញ្ជាការបើកបរយន្ដហោះ ប៊ូអ៊ីង៧៧៧ ដែលបានបាត់ខ្លួនតាំងពីមួយសប្ដាហ៍មកហើយនោះ នៅរសៀលថ្ងៃ​ដដែលនោះដែរ។ តើមេបញ្ជាការ និងសហសេវិក ដែលជាអ្នកកាន់ចង្កូតយន្ដហោះ ភ្ជាប់ជើងហោះហើររវាងរដ្ឋធានី កូឡាឡំពួរ និងរដ្ឋធានីប៉េកាំង ទាំងពីររូបនេះជានរណា?


លោក ហ្សាហារី អាមេដ សាដ៍ (ខាងឆ្វេង) និងលោក ហ្វារីក អាឌុល ហាមីដ អ្នកបើកបរយន្ដហោះប៊ូអ៊ីង៧៧៧។ (រូបថត ហ្វេសប៊ុក)

បាត់យន្ដហោះ - ការទម្លាយលំនៅដ្ឋាន ចូលទៅឆែកឆេររបស់នគរបាលម៉ាឡេស៊ីនេះ ទំនងជាស្ថិតក្នុង​ប្រតិបត្តិការ​មួយ ដូចទៅនឹងអ្វីដែលអ្នកស៊ើបអង្កេតបានទម្លាយឲ្យអ្នកសារព័ត៌មានដឹង អំពីជនដែលអាចចាប់ពង្រត់​យន្ដហោះ​ដឹក​មនុស្ស២៣៩នាក់នេះបាន ត្រូវតែជាអ្នកបើកបរយន្ដហោះ «ដ៏ជំនាញ មានសមត្ថភាព និងនៅក្នុងអាជីពនៅឡើយ»។ ប្រភពដែលស្និតនឹងសំនុំរឿង ក៏បានបញ្ជាក់ដែរថា គ្រឿងសម្ភារៈទាក់ទងមកផែនដីរបស់យន្ដហោះ ត្រូវបានផ្ដាច់បិទ ដោយមានការកំណត់ច្បាស់លាស់ ហើយយន្ដហោះ ត្រូវបានប្ដូរទិសដៅ ពីផ្លូវដើមរបស់វា។

តើនរណាទៅដែលមានសមត្ថភាពដ៏ខ្ពស់ ស្គាល់យន្ដហោះប្រភេទ ប៊ូអ៊ីង ៧៧៧នេះ ច្បាស់យ៉ាងនេះ? តែទោះជាយ៉ាង​ណា​ក៏​ដោយ ក៏គេហដ្ឋានដ៏ស្កឹមស្កៃរបស់មេបញ្ជាការបើកបរយន្ដហោះ លោក ហ្សាហារី អាមេដ សាដ៍ (Zaharie Ah-mad Shad) ត្រូវបាននគរបាលគាស់ចូលទៅឆែកឆែររួចទៅហើយដែរ។ ចុះចំណែកសហសេវិក លោក ហ្វារីក អាឌុល ហាមីដ (Fariq Abdul Hamid) ដែលជាជំនួយការបើកបរយន្ដហោះនោះ ត្រូវបានជាប់សង្ស័យដូចមេបញ្ជាការ​របស់​ខ្លួនដែរ ឬយ៉ាងណា?


លំនៅដ្ឋារបស់លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ ប៊ូអ៊ីង៧៧៧។

លោក ហ្សាហារី អាមេដ សាដ៍ ក្នុងអាយុ៥៣ឆ្នាំ ជាកំពូលអ្នកបើកយន្ដហោះម្នាក់ ជាមួយនឹងរយៈពេលនៃ​ការហោះ​ហើរសរុបចំនួន ១៨០០០ម៉ោងរួចមកហើយ។ កាលនៅពីតូច លោក សាដ៍ តែងមានបំណងចង់ក្លាយជាអ្នក​បើកបរ​យន្ដហោះជានិច្ច។ ទីបំផុតទៅ លោកបានសម្រេចបំណងរបស់លោក ដោយបានចូលមកប្រកបអាជីពនេះ ជាមួយ​នឹងក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ី នៅឆ្នាំ១៩៨១។ បើតាមសហសេវិកមួយរូប ដែលបានធ្វើជាជំនួយការ​បើក​យន្ដហោះជាមួយលោក បានថ្លែងឲ្យដឹងថា លោក ហ្សាហារី អាមេដ សាដ៍ ស្គាល់យន្ដហោះប៊ូអ៊ីង ៧៧៧ ដូច​ហោប៉ៅ​របស់លោកយ៉ាងអញ្ចឹង។ ជំនួយការនោះនិយាយថា «លោក​មានជំនក់ចិត្តយ៉ាងខ្លាំង នឹងវិស័យ​អាកាសចរណ៍។ ទោះ​អ្នកឯងចង់ដឹងអ្វីក៏ដោយ គាត់នឹងប្រាប់អ្នកហើយជួយអ្នកទៀត។»

នៅលើទំព័រហ្វេសប៊ុករបស់លោក គេឃើញមានរូបថតពីការតម្លើងដោយខ្លួនលោក នូវម៉ាស៊ីនកំព្យូទ័រ និងការរៀបចំ​នូវទីកន្លែង ឲ្យដូចជាការបើកបរយន្ដហោះ នៅនឹងផ្ទះរបស់លោក ព្រមទាំងរូបថតស្ដីពីឧទ្ធម្ភាគចក្រជាច្រើន។

ចំពោះការទម្លាយផ្ទះ ចូលទៅឆែកឆេររបស់នគរបាលម៉ាឡេស៊ី ត្រូវបានអ្នកបើកបរម្នាក់ដែលធ្វើការជាមួយលោក សាដ៍ និយាយថា វាជាការភ្ញាក់ផ្អើលសម្រាប់សហសេវិក អ្នកបើកបរយន្ដហោះម៉ាឡេស៊ីទាំងអស់។ អ្នកបើកបរ​យន្ដហោះនោះ បានជឿជាក់ថា ការចូលទៅឆែកឆេរសហសេវិករបស់លោក នៅក្នុងពេលនេះ គ្រាន់តែបំពេញចិត្ត​ពួកអ្នកស៊ើបអង្កេត ដែលបានគិតថាអ្នកមានសមត្ថភាពបង្វិលទិសយន្ដហោះបានស្រួលដូច្នេះបាន លុះត្រាតែជន​នោះមានបទពិសោធន៍ខ្លាំងក្លាប៉ុណ្ណោះ។

បើតាមអ្នកទទួលខុសត្រូវជាច្រើនរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ បានឲ្យដឹងទៀតថា លោក ហ្សាហារី អាមេដ សាដ៍ ទទួលបានលិខិតបញ្ជាក់ ពីអាកាសចរណ៍ស៊ីវិលរបស់ប្រទេស ជំនាញខាងបញ្ជាយន្ដហោះ។ អ្នកធ្វើការជាមួយលោក បានបន្ថែមទៀតថា ដូច្នេះ វាដូចជាមិនទំនង ដែលលោក សាដ៍ បានពាក់ព័ន្ធនឹងការចាប់​ពង្រត់យន្ដហោះ MH370 នោះទេ។

រីឯលោក ហ្វារីក អាឌុល ហាមីដ វ័យ២៧ឆ្នាំ ជំនួយការបើកបររបស់លោក សាដ៍ នៅលើយន្ដហោះប៊ូអ៊ីងដដែលនោះ ក៏ត្រូវបានអ្នកស្និតនឹងយុវជនរូបនេះ បញ្ជាក់ដែរថា ជាអ្នកមានជំនក់ចិត្តយ៉ាងខ្លាំងនឹងអាជីពជាអ្នកបើកបរយន្ដហោះ តាំងតែពីយុវជនរូបនេះ នៅរៀនសាលាចំណេះទូទៅម្លេះ។ សាច់ញាតិម្នាក់របស់យុវជន ហ្វារីក អាឌុល ហាមីដ បាន​អះអាងថា «ហ្វារីក ជានិស្សិតដ៏ល្អមួយរូប។ ហ្វារីក ធ្វើការពិបាកណាស់ ទម្រាំបានមកដល់ថ្ងៃនេះ។» ជីដូនរបស់ ហ្វារីក អាយុ៨៤ឆ្នាំ ក៏បានសរសើរចៅរបស់គាត់ដែរ ថា«ជាមនុស្សល្អម្នាក់ ចេះគោរពចាស់ទុំនិងសាសនា»។

ជាកូនអ្នកទទួលខុសត្រូវធំម្នាក់ នៅក្នុងរដ្ឋាភិបាលម៉ាឡេស៊ី យុវជន ហ្វារីក អាឌុល ហាមីដ បានចូលមកបម្រើការ ក្នុង​ក្រុមហ៊ុនអាកាសចរណ៍ នៅឆ្នាំ២០០៧ ហើយបានធ្វើការហោះហើររហូតមកដល់ពេលនេះ បានរយៈពេលជិត​២៧០០​ម៉ោងហើយ។ នៅពេលដែលយន្ដហោះ ប៊ូអ៊ីង ៧៧៧ ទើបនឹងបានបាត់ខ្លួនភ្លាម ស្ត្រីអ្នកដំណើរមួយរូប បានថ្លែងរៀប​រាប់តាមកញ្ចក់ទូរទស្សន៍ថា នាងត្រូវបានយុវជនអញ្ជើញឲ្យចូលទៅក្នុងទីកន្លែងបើកបរយន្ដហោះ កាលពីឆ្នាំ២០១១ ហើយបានថតរូបជាមួយគ្នានោះថែមទៀត។ នោះអាចជាកំហុសមួយ ព្រោះថា«ការអញ្ជើញជនណាផ្សេង​ចូលក្នុង​ទី​បើក​បរយន្ដហោះ» ត្រូវបានហាមឃាត់​ជា​ដាច់ខាត តាំងពីមានភេវរកម្មឆ្នាំ២០០១ នាទីក្រុងញ៉ូយកប្រទេសអាមេរិក​នោះ​មក៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...