យន្ដហោះ AirAsia បាត់​ខ្លួន​ពី​​ប្រព័ន្ធ​​រលក​​សញ្ញា នៅ​​ចន្លោះ​ឥណ្ឌូនេស៊ី និង​សាំងហ្គាពួរ

យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ដែលមានអ្នកដំណើរ១៦២នាក់ជិះជាមួយ បាន​បាត់​ខ្លួន​ចេញ​ពី​ប្រព័ន្ធ​រលក​សញ្ញា នៅក្នុងផ្លូវហោះហើររបស់ខ្លួន ពីកោះ ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេសឥណ្ឌូនេស៊ី មក​ប្រទេស​សាំងហ្គាពួរ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 28, 2014
  • ប្រធានបទ: បាត់ខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះ​ដែល​បាត់​ខ្លួន​នេះ ធុន​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) បាន​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ QZ8501 មាន​មនុស្ស​ជិះ​១៦២នាក់ ក្នុង​ននោះ​៧​នាក់ ជា​សមាជិក​បម្រើ​ការ​នៅ​លើ​យន្ដហោះ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ របស់​ក្រសួង​គមនាគមន៍​ឥណ្ឌូនេស៊ី លោក ហាឌី ម៊ូស្តូហ្វា (Hadi Mustofa)។

បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ភ្លាមៗ បាន​ឲ្យ​ដឹង​ថា យន្ដហោះ​នេះ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្លូវ​ហោះ​ហើរ​ខុស​ពី​ធម្មតា​មួយ មកកាន់​ការិយាល័យ​ត្រួត​ពិនិត្យ​ការ​ហោះ​ហើរ​នៅ​លើ​ដី មុន​នឹង​យន្ដហោះ​នេះ បាន​បាត់​ខ្លួន។ យន្ដហោះ​បាន​បាត់​ការ​ទាក់​ទង​ជា​មួយ​នឹង​ប្រព័ន្ធ​ត្រួត​ពិនិត្យ នៅ​​ម៉ោង​៧​និង​៥៥​នាទី​​ ម៉ោង​ក្នុង​ស្រុក ព្រឹក​ថ្ងៃ​ទី២៨ ខែ​ធ្នូនេះ បន្ទាប់​ពី​វា​បាន​ងើប​ខ្លួន​ហោះ​ចេញ​ពី​ដី បាន​រយៈពេល​៤២​នាទី ហើយ​ទំនង​ជា​បាន​បាត់​ខ្លួន នៅ​លើ​លំហ​សមុទ្រ​ហ្សាវ៉ា (Java) ដែល​ស្ថិត​នៅ​រវាង​ក្រុង កាលីម៉ាន់តាន់ (Kalimantan) និង​កោះ​ហ្សាវ៉ា។

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ បានទទួលស្គាល់ពីការបាត់ខ្លួន របស់យន្ដហោះខ្លួន តាមរយៈសេចក្ដី​ប្រកាសព័ត៌មានមួយ។ សេចក្ដីប្រកាសខ្លីនោះ បានសរសេរថា៖ «នៅពេលនេះ យើងនៅមិនទាន់មាន​ព័ត៌មាន​លំអិត ទៅលើស្ថានភាពនៃអ្នកដំណើរ និងសមាជិកអ្នកបម្រើការនៅលើយន្ដហោះនោះនៅឡើយ»។ ក្រុមហ៊ុន​បាននិយាយទៀតថា ខ្លួនកំពុងធ្វើការងារយ៉ាងពេញទំហឹង ជាមួយនឹងអាជ្ញាធរមានសមត្ថភាព ដើម្បីរកតួ​យន្ដហោះមកវិញ និងថែមទាំងបានដាក់ខ្សែទូរស័ព្ទបន្ទាន់មួយ ដើម្បីឲ្យក្រុមគ្រួសាររបស់អ្នកដំណើរ អាច​សាកសួរពីព័ត៌មាននានាបាន។

ព័ត៌មានបានបង្កឲ្យមានការភ្ញាក់ផ្អើលភ្លាមៗ ពេញបណ្ដាញសង្គម។ នៅលើហ្វេសប៊ុក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បានចូលរួមជួយឈឺឆ្អាល ហើយបានសុំឲ្យឆាប់រកឃើញយន្ដហោះវិញ និងបន់សុំឲ្យអ្នកដំណើរទាំង​អស់ កុំឲ្យជួបគ្រោះអ្វីឲ្យសោះ។ ទូរទស្សន៍ក្នុងប្រទេសឥណ្ឌូនេស៊ី MetroTV បានបង្ហាញពីរូបភាពរបស់ក្រុម​គ្រួសារ​ជាច្រើននាក់ នៅព្រលានយន្ដហោះ កំពុងជ្រួលច្របល់នៅក្នុងរយៈពេលនៃការរង់ចាំដំណឹង ពីញាតិមិត្ត​របស់​ខ្លួនដែលស្ថិតនៅលើយន្ដហោះ។

ចំណែកអាជ្ញាធរវិញ បានបើកយុទ្ធនាការរុករកមួយ ដោយបានបញ្ចេញនូវនាវាជាច្រើនគ្រឿង និងយន្ដហោះធុន C-130 ចំនួនពីរគ្រឿង មកក្នុងសមុទ្រ។ រវាងពីកោះ ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេសឥណ្ឌូនេស៊ី មកប្រទេស​សាំងហ្គាពួរ មានចំងាយផ្លូវ ១៣៧០គីឡូម៉ែត្រ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...