យន្ដហោះ AirAsia បាត់​​ខ្លួន​ មាន​អ្នក​ដំណើរ​៦​ជន​ជាតិ តែ​គ្មាន​ខ្មែរ​ទេ

បន្ទាប់ពីទទួលស្គាល់ថាយន្ដហោះរបស់ខ្លួន បានបាត់ពីកញ្ចក់ត្រួតពិនិត្យការហោះហើររួច ក្រុមហ៊ុន អ៊ែរអេសៀ (AirAsia) បានបង្ហាញថា អ្នកដំណើរទាំងនៅយន្ដហោះ មានមកពីប្រាំជនជាតិ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 28, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លាមៗ​បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ថា យន្ដហោះ​ខ្លួន​បាន​បាត់​ដំណឹង​សូន្យ​ឈឹង ពី​ការ​ទាក់​ទង​ផ្លូវ​អាកាស ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​ថោក អ៊ែរអេសៀ របស់​ប្រទេស​ម៉ាឡេស៊ី បាន​ចេញ​មក​បញ្ជាក់​ថា នៅ​លើ​យន្ដហោះ​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) ដែល​បាន​​ភ្ជាប់​​ជើង​​ហោះ​​ហើ​រ​​លេខ QZ8501 ជា​មួយ​នឹង​មនុស្ស​​ជិះ​​១៦២​នាក់​នោះ មាន​​ជន​ជាតិ​មក​ពី​ប្រទេស​៦។ ក្នុង​នោះ​មាន ១៥៥ នាក់​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី ៣​នាក់​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ១​នាក់​ជា​ជន​ជាតិ​បារាំង ១នាក់ជាជនជាតិអង់គ្លេស ១​នាក់​ជា​ជន​ជាតិ​ម៉ាឡេស៊ី និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​សាំងហ្គាពួរ។

នៅក្នុង​ការ​ប្រកាស​ពី​ដើម​កំណើត របស់​អ្នក​ដំណើរ​ខាង​លើ​នេះ គេ​មិន​មាន​ឃើញ​អ្នក​ដំណើរ​ណា​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ​នោះ​ឡើយ។ សូម​បញ្ជាក់​ដែរ​ថា មនុស្ស​ដែល​ជិះ​នៅ​លើ​យន្ដហោះ មាន​ចំនួន​សរុប​១៦២​នាក់ ក្នុង​នោះ​១៥៥​នាក់​ជា​អ្នក​ដំណើរ និង​៧​នាក់​ជា​អ្នក​បម្រើការ​នៅ​លើ​យន្ដហោះ។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​១៥៥​នាក់ មាន​១៣៨​នាក់​ជា​មនុស្ស​ធំ ១៦​នាក់​ជា​កុមារ និង​មាន​ទារក​មួយ​នាក់។

ម្នាក់ជាជនជាតិបារាំង ជាជំនួយការបើកបរយន្ដហោះ ជាមួយនឹងសមាជិកបម្រើការ៦នាក់ផ្សេងទៀត ដែល​សុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី។

យន្ដហោះ QZ8501 បានបាត់ពីការត្រួតពិនិត្យដែនអាកាស ខណៈយន្ដហោះបានហោះមក​ដល់លំហរសមុទ្រ​ហ្សាវ៉ា (Java) ចេញពីក្រុង ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះមក​កាន់ប្រទេស​សាំងហ្គាពួរ។ យុទ្ធនាការរុករកបានធ្វើកម្រិតដ៏ខ្លាំងមួយ បើទោះជាស្ថានភាពឧត្តុនិយមមិនអំណោយផល នៅលើតំបន់នោះ​ក៏ដោយ។ នេះបើតាមកងទ័ពឥណ្ឌូនេស៊ី ដែលទទួលបន្ទុកភារកិច្ចនេះ។

អ្នកនាំពាក្យកងទ័ពអាកាសរបស់ប្រទេសឥណ្ឌូនេស៊ី លោក ហាឌី កាអ៊ីយ៉ានតូ (Hadi Cahyanto) បានថ្លែងឲ្យ​ដឹងថា៖ «អាកាសធាតុមានពពកក្រាស ហើយតំបន់នោះស្ថិតក្នុងភាពល្ហល្ហេវកណ្ដាលសមុទ្រ។ យើងកំពុង​ធ្វើ​ដំណើរទៅកាន់តំបន់រុករក ប៉ុន្តែមិនអាចនិយាយពីហេតុការណ៍អ្វី ដែលកើតឡើងចំពោះយន្ដហោះ នៅពេល​នេះ​បាននៅឡើយ។»

រីឯក្រុមគ្រួសារវិញ ​បានប្រមូលផ្ដុំគ្នានៅព្រលានយន្ដះហោះទាំងសងខាង និងបានបង្ហាញសភាពជ្រួល​ច្របល់​កាន់តែខ្លាំងឡើង។ ស្ត្រីមួយរូបអាយុ៤៥ឆ្នាំ បានថ្លែងទាំងភាពរន្ថត់ថា គាត់មានសមាជិកក្រុមគ្រួសារ​រហូត​ដល់​ទៅ៦នាក់ នៅលើយន្ដហោះ។ អ្នកស្រីបាននិយាយថា៖ «ពួកគេទៅកាន់ប្រទេសសាំងហ្គាពួរ ដើម្បីដើរលេង។ ពួកគេតែជិះយន្ដហោះ អ៊ែរអេសៀ នេះជាប់រហូតមក ដោយគ្មានបញ្ហាអ្វីទាំងអស់។ ខ្ញុំតក់ស្លុតណាស នឹង​ដំណឹង​ដែលនិយាយថា យន្ដហោះទំនងជាអាចធ្លាក់៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...