នាយក​ក្រុមហ៊ុន AirAsia៖ សូម​បន់​ស្រន់ ជូន​អ្នក​នៅ​លើ​យន្ដហោះ​បាត់​ខ្លួន

បន្ទាប់ពីបានទិញយក ក្រុមហ៊ុនយន្ដហោះលក់សំបុត្រថោកនេះ នៅឆ្នាំ២០០១មក នេះជាលើកដំបូងហើយ ដែល​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ (AirAsia) លោក តូនី ហ្វែណង់ដេស (Tony Fernandes) ត្រូវប្រឈមមុខ​ទៅ​នឹង​គ្រោះថ្នាក់​យន្ដហោះ​ដ៏​ធំ​មួយ ដែលមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា មាន​កើត​ហេតុ​ភេទ​អ្វី​នៅ​ឡើយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី២៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 28, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លាមៗ​បន្ទាប់​ពី​ដំណឹង​បាត់​យន្ដហោះ បាន​ធ្លាក់​ចុះ​មក​ជា​អកុសល គ្រប់​ដណ្ដប់​ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​ថោក​របស់​ខ្លួន​រួច លោក តូនី ហ្វែណង់ដេស អគ្គ​នាយក​ក្រុមហ៊ុន អ៊ែរអេសៀ បាន​ចេញ​មក​សម្ដែង​សមាន​ចិត្ត​ដ៏​ជ្រាល​ជ្រៅ ទៅ​កាន់​អ្នក​ដំណើរ​និង​អ្នក​បម្រើ​ការ​ទាំង​អស់ នៅ​លើ​យន្ដហោះ តាម​រយៈពេល​ទំព័រ​ទ្វីសធើរ​ផ្លូវ​ការ​របស់​លោក។ លោក​បាន​សរសេរ​ជា​ដំបូង​ថា «សូម​អរគុណ​ចំពោះ​ការ​បន់​ស្រន់​របស់​អ្នក​រាល់​គ្នា។ តែយើង​ត្រូវ​រឹង​ប៉ឹង​ទាំង​អស់​គ្នា​ឡើង។»

ហេតុការណ៍​ដ៏​អាក្រក់​បាន​កើត​ឡើង ទៅ​លើ​ក្រុមហ៊ុន​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព របស់​ប្រទេស​ម៉ាឡេស៊ី៖ យន្ដហោះ​ធុន​​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) ដែល​​បាន​​​ភ្ជាប់​​​ជើង​​​ហោះ​​​ហើ​រ​​​លេខ QZ8501 បាន​បាត់​ពី​ការ​ត្រួត​ពិនិត្យ​ដែន​អាកាស ខណៈ​យន្ដហោះ​បាន​ហោះ​មក​​ដល់​លំហរ​សមុទ្រ​​ហ្សាវ៉ា (Java) ចេញ​ពី​ក្រុង ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេស​ឥណ្ឌូនេស៊ី ឆ្ពោះ​មក​​កាន់​ប្រទេស​​សាំងហ្គាពួរ។ លោក តូនី បាន​សរសេរ​បន្ត​ទៀត​ថា៖ «អ្វី​ដែល​ខ្ញុំ​គិត​នៅ​ពេល​នេះ មាន​តែ​អ្នក​ដំណើរ និង​អ្នក​បម្រើ​ការ​លើ​យន្ដហោះ​ទាំង​អស់​របស់​ខ្ញុំ»។

អគ្គនាយករូបនេះ បានចេញធ្វើដំណើរភ្លាម នៅថ្ងៃទី២៨ ខែធ្នូនេះ ទៅកាន់ព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ទីកន្លែងដែលយន្ដហោះ QZ8501 របស់ក្រុមហ៊ុនលោក បានងើបខ្លួនហោះឡើង។ លោកបានជួបជាមួយ​ក្រុមគ្រួសាររបស់អ្នកដំណើរ ហើយបានថ្លែងទៅកាន់ពួកគេថា៖ «ជាការតក់ស្លុតមួយ​ដ៏ធំសម្រាប់យើង ហើយ​យើងមានអារម្មណ៍រន្ធត់ណាស់ នឹងអ្វីដែលបានកើតឡើង។ វាជារឿងដែលមិនអាច​ឲ្យជឿទាល់តែសោះ។»

លោក តូនី ហ្វែណង់ដេស ជានរណា?

សេដ្ឋីជនជាតិម៉ាឡេសី លោក ហ្វែណង់ដេស បានទិញក្រុមហ៊ុនអ៊ែរអេសៀ នៅឆ្នាំ២០០១ ខណៈពេល​ដែល​ក្រុមហ៊ុន បានជាប់ជំពាក់ប្រាក់វ័ណករ ប្រមាណជា១១លានដុល្លារ និងមានយន្ដហោះតែពីរប៉ុណ្ណោះ សម្រាប់​ការហោះហើរក្នុងប្រទេសម៉ាឡេស៊ី។ ឆ្នាំ២០០១ ដែលលោកបានទិញក្រុមហ៊ុននេះ ក៏ជាឆ្នាំ​មិនល្អសម្រាប់​វិស័យ​អាកាសចរណ៍ពិភពលោកដែរ ដោយព្រឹត្តិការណ៍ភេវរកម្ម នៅទីក្រុងញ៉ូយក ថ្ងៃទី១១ ខែកញ្ញា។

ប៉ុន្តែបទពិសោធដែលលោក ហ្វែណង់ដេស ធ្លាប់មាន ក្នុងអំឡុងពេលដែលលោកធ្វើការឲ្យក្រុមហ៊ុន វៀជីន (Virgin) នៅទសវ​ត្សន៍ឆ្នាំ៨០ និងបន្ទាប់មកនៅក្រុមហ៊ុន ថែម៍វរន័រ (Time Warner) បានធ្វើឲ្យលោកដឹក​នាំ​ក្រុមហ៊ុន អ៊ែរអេសៀ ក្លាយជាក្រុមហ៊ុនដ៏ធំមួយ ដែលលក់តម្លៃសំបុត្រយន្ដហោះថោកជាងគេ និងមុនគេនៅ​អាស៊ីអាគ្នេយ៍។ អគ្គនាយកដែលចូលចិត្តស្លៀកខោខូប៊យ ពាក់មួកកន្តឹប ជាងពាក់ក្រវ៉ាត់កនិងអាវធំរូបនេះ បានបញ្ចេញប្រយោគពាណិជ្ជកម្មមួយឡើងថា៖ «ពីពេលនេះតទៅ នរណាៗក៏អាចហោះហើរបានដែរ»។

បន្ទាប់ពីបានសងប្រាក់ជំពាក់អស់ នៅឆ្នាំ២០០៣ លោក តូនី ហ្វែណង់ដេស ចាប់ផ្ដើមបង្កើតបន្តិចម្ដងៗ រហូត​មកដល់ពេលនេះ សាខាក្រុមហ៊ុនរបស់លោក នៅពាសពេញទាំងប្រទេសនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន អ៊ែរអេសៀ បច្ចុប្បន្ន មានជើងហោះហើរទាំងក្នុងស្រុកទាំងក្រៅស្រុក ប្រមាណជា១២០ទិសដៅ។

ទស្សនាវដ្ដីហ្វូប (Forbes)​ បានប៉ាន់ប្រមាណថា បុរសអាយុ៥០ឆ្នាំ ដែលមានកូនពីរនាក់រូបនេះ មានទ្រព្យ​សម្បត្តិ​ប្រមាណជា ៦៥០លានដុល្លារ (៥៣០លានអ៊ឺរ៉ូ)។ ទស្សនាវដ្ដីបានប្រសិទ្ធិនាមឲ្យលោក ថាជាអ្នកជំនួយ​ប្រចាំទ្វីបអាស៊ី ក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១៣ លោក តូនី ហ្វែណង់ដេស ទទួលបានមេដាយកិត្តិយស ពី​ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដោយសារតែក្រុមហ៊ុន អ៊ែរអេសៀ របស់​លោកបានប្រើប្រាស់តែយន្ដហោះ អ៊ែរប៊ូស ដែលផលិតក្នុងប្រទេសបារាំង។

សម្រាប់គ្រោះថ្នាក់យន្ដហោះ នៅពេលនេះ អ្នកជំនាញខាងអាកាសចរណ៍ឯករាជ្យមួយរូប បានថ្លែងឡើងថា គោលជំហរដ៏រឹងប៉ឹងរបស់ក្រុមហ៊ុន អ៊ែរអេសៀ នឹងមិនធ្វើឲ្យក្រុមហ៊ុន ធ្លាក់ខ្លួនចុះអាប់អោន នៅចំពោះហេតុ​ការណ៍នេះឡើយ។ លោក ស៊ូក័រ យូសូហ្វ (Shukor Yusof) អ្នកវិភាគជាតិសាំងហ្គាពួរ បានជឿជាក់ថា គ្រោះ​ថ្នាក់នេះជាឧប្បទេវហេតុមួយ។ លោកបានអះអាងថា៖ «អ៊ែអេសៀ នៅតែជាក្រុមហ៊ុន​អាកាសចរណ៍លក់​សំបុត្រថោក ដែលមានលក្ខណៈរឹងប៉ឹង។ ខ្ញុំគិតថា អ្នកដំណើរទាំងឡាយ នៅតែគាំទ្រ អ៊ែរអេសៀ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...