សាឡាងដ៏ធំមួយ ឆេះកណ្ដាលសមុទ្រ រវាងពីប្រទេសក្រិចមកអ៊ីតាលី
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 28, 2014
- ប្រធានបទ: គ្រោះនាវា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្នាំ២០១៤ បានបញ្ចប់ទៅដោយទំព័រគ្រោះថ្នាក់ដ៏ខ្មៅងងឹត ពាសពេញទាំងពិភពលោក។ ប្រសិនបើនៅអាស៊ីអាគ្នេយ៍ មានគ្រោះបាត់យន្ដហោះទើបនឹងកើតឡើងទៀត ទៅលើក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រថោក អ៊ែរអេសៀ (AirAsia) តែនៅទ្វីបអ៊ឺរ៉ុបឯណេះ មានគ្រោះថ្នាក់អគ្គិភ័យមួយបានកើតឡើងដែរ ទៅលើសាឡាងចម្លងដែលធ្វើដំណើរចេញពីក្រុង ប៉ាត្រាស (Patras) ប្រទេសក្រិច ឆ្ពោះមកទីក្រុង អង់គូន (Ancône) ប្រទេសអ៊ីតាលី។
ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសក្រិច ANA បានប្រកាសដំណឹងថា៖ «មាននៅសល់តែផ្សែងប៉ុណ្ណោះ។ ហើយការព្យាយាមចូលទៅជិតសាឡាងឈ្មោះ ន័រម៉ង់ អាត្លង់ទិក (Norman Atlantic) របស់នាវាផ្សេងទៀត កំពុងប្រព្រឹត្តិទៅសារជាថ្មី ដើម្បីជួយសង្គ្រោះអ្នកដំណើរដែលនៅសេសសល់ ដោយមធ្យោបាយដាក់ជណ្ដើរខ្សែរ។»
ក្រុមហ៊ុន អាណិច របស់ប្រទេសកិច្ច ដែលជួលសាឡាងនេះ ពីក្រុមហ៊ុនមួយទៀតនៅប្រទេសអ៊ីតាលី បានអះអាងថា ប្រតិបត្តិការអូសសាឡាងឲ្យចូលច្រាំង ត្រូវបានចាប់ផ្ដើមធ្វើ តែបានផ្អាកទៅវិញ ដោយ«ខ្សែរអូសបានដាច់»។
រហូតមកដល់យប់នេះ នៅសល់អ្នកដំណើរប្រមាណជា១៦៧នាក់ទៀត ពីក្នុងចំណោម៤៧៨នាក់ ដែលត្រូវជួយសង្គ្រោះយកចេញពីនាវា។ ប៉ុន្តែយុទ្ធនាការជួយសង្គ្រោះនេះ នៅមិនទាន់ត្រូវបានអះអាងថា មានសភាពបែបណានៅឡើយ។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា អាជ្ញាធរប្រទេសអ៊ីតាលី ទទូចសុំអូសសាឡាងនេះ មកចូលច្រាំងដែលនៅជិតបំផុត នៅលើទឹកដីរបស់ខ្លួន ខណៈសាឡាងស្ថិតនៅក្បែរច្រាំង របស់ប្រទេសអាល់បានីជាង។
បើតាមក្រុមហ៊ុនម្ចាស់សាឡាង បាននិយាយថា នាវាទើបនឹងឆ្លងកាត់ការត្រួតពិនិត្យសុវត្ថភាព ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៩ ខែធ្នូកន្លងមកនេះ។ ប្រធានក្រុមហ៊ុន លោក កាឡូ វីសេនទីនី (Carlo Visentini) បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានអ៊ីតាលីថា នៅពេលត្រួតពិនិត្យនោះ ក្រៅតែពីទ្វាការពារអគ្គិភ័យមួយបានខូច ហើយត្រូវបានជួសជុលជាបន្ទាន់នោះ សាឡាងមិនមានសភាពគួរឲ្យព្រួយបារម្ភនោះទេ។
សាឡាង ន័រម៉ង់អាត្លង់ទីក បានបញ្ជូនសារប្រកាសអាសន្ន នៅវេលាម៉ោងជាង ៩ ម៉ោងក្នុងស្រុក បន្ទាប់ពីបានចេញដំណើរពីកំពង់ផែក្រុង ប៉ាត្រាស នៅម៉ោង៥កន្លះព្រហាម ព្រឹកថ្ងៃអាទិត្យនេះ។ នៅពេលវាបានមកដល់ ច្រក គ័រហ្វូ (Corfou) រវាងប្រទេសអ៊ីតាលី និងប្រទេសអាល់បានី ភ្លើងបានឆាបឆេះឡើង ចេញពីកន្លែងមួយ ដែលផ្ទុកទៅដោយរថយន្ដប្រមាណជា២០០គ្រឿង។ ប៉ុន្តែជាមួយនឹងកម្លាំងខ្យល់សមុទ្រ ដែលខ្លាំងនោះផង ការឆាបឆេះបានរាលដាលយ៉ាងសន្ធោសន្ធៅ ទៅដល់តួសាឡាងទាំងមូលតែម្ដង៕