រឺម៉កដឹកបន្លែ បុកឡានរដ្ឋរលាត់ប៉ុនក្រចកដៃ ទារសំណង ១០០ដុល្លារ
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៧ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 29, 2014
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីម្ចាស់ម៉ូតូរ៉ឺម៉ក និងម្ចាស់រថយន្តបានជជែកគ្នា យ៉ាងតឹងសសៃកអស់មួយសន្ទុះធំ ដោះស្រាយអ្វីមិនចេញ អ្នកដំណើរជាច្រើន ដែលបានកាត់តាមនោះ បានចុះមកប្រាប់អ្នកទាំងពីរ ឲ្យសម្រួលគ្នាដើម្បីបញ្ជប់ជំលោះ និងបញ្ឈប់ការស្ទះចរាចរណ៍។ ប៉ុន្តែម្ចាស់រថយន្ត បែរជាងាកមកឈ្លោះជាមួយអ្នកដំណើរវិញ និងថែមទាំងបានប្រើភាសាជេរប្រមាថម៉ាក់ងាយនោះទៀត។
ហេតុការណ៍បានកើតឡើង នៅលើផ្លូវ ២២៣ សង្កាត់ផ្សារដើមគ ខ័ណ្ឌទទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នាវេលាម៉ោង ២:៣០ រសៀល។
លោក រិទ្ធ តារា ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដោយសារតែផ្លូវមានការស្ទះចង្អៀតពេក បុរសដែលបានបើបរម៉ូតូ មានរ៉ឺម៉កដឹកបន្លែនោះ ចាប់ហ្វ្រាំងមិនជាប់ បានជ្រុលក្បាលម៉ូតូទៅប៉ះនឹងគូថឡាន ដែលមានពាក់ស្លាកលេខរដ្ឋ 052- 0378។ ការប៉ះទង្គិចនេះ ដូចជាមិនបង្កឲ្យរថយន្ដមានការរលាត់អី ខ្លំាងណាស់នោះទេ ប៉ុន្តែម្ចាស់ឡានធ្វើខ្លួនដូចជាខឹងខ្លាំងណាស់ ហើយបានបង្គាប់ទៅម្ចាស់រឺម៉កម៉ូតូនោះឲ្យជួយចេញថ្លៃជួសជុលឡានរបស់គាត់ ១០០ ដុល្លា។
ប៉ុន្តែ អនិច្ចា... ម្ចាស់រ៉ឺម៉កដឹកបន្លែនោះ បានអះអាងថា គាត់គ្រាន់តែជាអ្នកលក់បន្លែ នៅតាមចិញ្ចើមផ្លូវបន្តិចបន្តួចប៉ុណ្ណោះ គាត់មិនមានលុយច្រើនដល់ម្លឹងនោះទេ។ ម្ចាស់រ៉ឺម៉កម៉ូតូ បាននិយាយទៀតថា នៅក្នុងហៅប៉ៅរបស់គាត់ មានលុយត្រឹមតែមួយម៉ឺនរៀលប៉ុណ្ណោះ។
ដោយសារលោកមានដំណើរប្រញាប់ផង ហើយផ្លូវថ្នល់ក៍ស្ទះ ដោយសាគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាបន្តិចបន្តួចនេះផង លោក រិទ្ធ តារា ដែលឃើញពីភាពមិនសមរម្យ អមនុស្សធម៌ បានកើតទៅលើម្ចាស់រ៉ឺម៉កនោះ ក៍សម្រេចចិត្តទៅជួយសម្រួលដើម្បីបញ្ចប់ជំលោះ និងចង់ឲ្យអ្នកដំណើរដែលនៅស្ទះនោះ បានធ្វើដំណើទៅមុខទៀត។ លោកបានបញ្ជាក់ទៀតថា ដំបូងឡើយ លោកគ្រាន់តែទៅជួយនិយាយធម្មតាទេ តែស្រាប់តែត្រូវម្ចាស់ឡានប្រមាថម៉ាក់ងាយត្រឡប់មកវិញ យ៉ាងចាស់ដៃ។
ស្ត្រីអាជីវករលក់កាហ្វេនៅជិតទីតំាងកើតហេតុការណ៍នោះ ក៏បានបញ្ជាក់ដែរថា ការរម៉ាក់ងាយទៅលើអ្នកដឹកបន្លែ និងទារថ្លៃសំណងពីគាត់លើសពីតម្លៃជួសជុលដូច្នេះ វាមិនសមហេតុផលនោះទេ ហើយអ្នកជិះឡាននោះសោធ ជាមន្ត្រីរាជកាទៀត មិនគួប្រើពាក្យសម្តីអសុរស ទៅលើបុគ្គលទន់ខ្សោយ ហើយក្រីក្រនោះឡើយ។ អ្នកលក់កាហ្វេ បាននិយាយទៀតថា រីឯរថយន្ដរបស់មន្ត្រីនោះ ក៏មានការខូចខាតតិចតួចដែរ «បើសិនជាយើងទៅប៉ូលៀបន្តិច គឺបាត់ស្នាមបាត់ទៅហើយ»។
ដោយការកកស្ទះចរាចរណ៍កាន់តែខ្លាំង បង្កឲ្យអ្នកដំណើររអូរទាំកាន់តែខ្លាំងទៅៗ មន្ត្រីម្ចាស់ឡានក៍ព្រមទទួលលុយចំនួន ១០០០០រៀល ពីការទទូចសុំពីម្ចាស់រ៉ឺម៉ក រួចបានបើកឡានចេញទៅ ទាំងមួហ្មង៕