រដ្ឋលេខាធិការក្រសួងដែនដី ថាការផ្ទុះមានការតវ៉ារឿងដីធ្លី ព្រោះមានអ្នកបំផ្ទុះ
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 29, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មួយរយៈពេលចុងក្រោយនេះ បញ្ហានៃការតវ៉ារឿងដីធ្លី បានផ្ទុះឡើងស្ទើរជារៀងរាល់ថ្ងៃ។ ដោយការដោះស្រាយ នៅថ្នាក់ក្រោមជាតិ មិនមានប្រសិទ្ធភាព និងមិនទទួលបាននូវយុត្តិធម៌ បានបង្ខំចិត្តប្រជាពលរដ្ឋ ដែលរងគ្រោះដោយមានជម្លោះដីធ្លី នៅតាមបណ្តាខេត្តមួយចំនួន ដូចជាបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង កំពង់ស្ពឺ ជាដើម ធ្វើដំណើរមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយពីថ្នាក់ជាតិ ឬរដ្ឋាភិបាល ជាពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការផ្ទុះឡើងនូវព្យុះបាតុកម្ម ទាមទាររកដំណោះស្រាយលើបញ្ហាដីធ្លី ពីប្រជាពលរដ្ឋនេះ ត្រូវបានលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ចោទប្រកាន់ថា ដោយសារអ្នកមានអ្នកបង្ករ (ឬអ្នកញុះញង់ និយាយម្យ៉ាងទៀត) ទើបវាកើតឡើងមិនឈប់បែបនេះ។ កន្លងមក រដ្ឋាភិបាលបានរួមគ្នាជាមួយថ្នាក់ក្រោមជាតិ មានភូមិ ឃុំ ធ្វើកិច្ចការជាច្រើន ដើម្បីដោះស្រាយបញ្ហាដីធ្លី។ លោកថា រាល់យន្តការដែលរដ្ឋាភិបាលបានធ្វើ គឺសុទ្ធតែមានប្រសិទ្ធិភាពទាំងអស់។
មន្រ្តីរដ្ឋាភិបាលថ្នាក់រដ្ឋលេខាធិការរូបនេះ បានថ្លែងបន្តថា៖ «ខ្ញុំបានជម្រាបហើយ រដ្ឋាភិបាលបានកាត់ដីចំនួន១លាន២សែន ៤ម៉ឺនគ្រួសារ។ ដូចខ្ញុំបានជម្រាបជូនយ៉ាងច្បាស់ (...) តួលេខខាងខ្ញុំមាន៤ភាគពាន់ នៅតំបន់ដែលចុះបញ្ជីកន្លងមកហើយ ៨ភាគពាន់ នៅតំបន់ដែលចុះបញ្ជី០១ នេះជាតួលេខពិតមិនមែនជាការសិក្សា។»
ការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលខាងលើនេះ ទំនងសំដៅដល់អង្គការសង្គមស៊ីវិលមួយចំនួន ព្រោះកន្លងមក អង្គការដែលធ្វើការពាក់ព័ន្ធដីធ្លី ធ្លាប់ច្រានចោលរបាយណ៍របស់រដ្ឋាភិបាល។ លោក សរ សុវណ្ណ បានថ្លែងបន្តថា៖ «ក្រសួងបានសរសេរលិខិតទៅអង្គការទាំងនោះ ឱ្យគាត់ប្រាប់មកថានៅកន្លែងណា? ដើម្បីយើងព្យាយាមដោះស្រាយ។ តាំងពីខែឧសភា មកដល់ពេលនេះ គាត់អត់ឱ្យ (ចម្លើយ) យើងទេ អញ្ចឹងចម្រៀងដែលគាត់ច្រៀង គឺគាត់ច្រៀងតាំងពី៧សែនគ្រួសារ រហូតដល់ជិត៧៧ម៉ឺននាក់ ឥលូវនៅសល់៣០ម៉ឺននាក់។ នេះជាការពិត មិនមែនថាយើងមិនទទួលស្គាល់ នូវការលំបាក នូវការប្រឈមទេ។ យើងទទួលស្គាល់។ ប៉ុន្តែអ្វីដែលយើងបានធ្វើ សូមឱ្យទទួលស្គាល់ការពិត។»
ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ» កាលពីថ្ងៃទី២៥ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លោក ឡាត់ គី ប្រធានផ្នែកស៊ើបអង្កេតដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បាននិយាយថា៖ «ប៉ុន្តែខ្ញុំ បទពិសោធន៍ធ្វើការងារនេះយូរឆ្នាំដែរហើយ ខ្ញុំអត់អាច-សូមទោស-ខ្ញុំអត់ដឹងថា មានករណីមួយណា ដែលដើរតាមយន្តការចប់សព្វគ្រប់ តាមយន្តការបច្ចេកទេស គឺទៅអត់រួច។ ខ្ញុំនិយាយយ៉ាងនេះ មិនមែនរិះគន់បងៗវាគ្មិនខាងដើមទេ ប៉ុន្តែជាតថភាពពិតក្នុងសង្គម។ »
លោក ឡាត់ គី បានបន្តថា៖ «ខ្ញុំយល់ក្នុងនាមខ្ញុំជាកុលបុត្រខ្មែរមួយរូប ខ្ញុំក៏ព្យាយាមបង្ហាញនូវចំណុចវិជ្ជមាន អ្វីដែលល្អៗ ពីផលប្រយោជន៍របស់យើង ក្នុងការដែលនាំគ្នាសរសើរ ពីផលប្រយោជន៍ជាតិរបស់យើង។ ប៉ុន្តែខ្ញុំថា ការដែលយើងព្យាយាមបង្ហាញអ្វីដែលល្អៗ ហើយយើងអត់បានយកអ្វី ដែលប្រជាពលរដ្ឋកំពុងប្រឈមនៅក្នុងសង្គម យកមកបង្ហាញជាគំនិតជាគោលនយោយ ជាច្បាប់សម្រាប់ដោះស្រាយនោះទេ វាមិនមែនជាអត្ថន័យពិតប្រាកដនៅក្នុងពាក្យល្អទេ។»
មន្ត្រីសង្គមស៊ីវិលឯកទេសខាងដីធ្លី និងធនធានធម្មជាតិរូបនេះ បានកត់សម្គាល់ថា មួយរយៈចុងក្រោយ លោកមើលឃើញកម្លាំងនៃការតវ៉ារបស់ប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាដីធ្លី កាន់តែកើនឡើង ក្រោយពេលដែលគណបក្សនយោបាយធំៗទាំងពីរចរចាត្រូវ។ លោកថា ការកើនច្រើននេះ ក៏ព្រោះតែប្រជាជនជឿលើអ្នកធំ។
រីឯលោកស្រី ជេត ចរិយា នាយកប្រតិបត្តិអង្គការស្តារកម្ពុជា បានថ្លែងថា បញ្ហាមួយចំនួនទាក់ទងនឹងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។ បើទោះលោកស្រីសង្កេតឃើញថា រដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការដោះស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែវានៅតែមិនទាន់មានលទ្ធផល និងប្រសិទ្ធិភាពបាន១០០%នោះទេ។ ហើយបញ្ហាមួយចំនួន ក៏នៅមិនទាន់មានការដោះស្រាយ ពីអាជ្ញាធរផងដែរ។
«ម្ចាស់ដីពិតប្រាដកអាចជាជនរងគ្រោះ»
លោក ឡាត់ គី បានកត់សម្គាល់បន្តថា រាល់វិវាទដីធ្លីគឺជាវិវាទរដ្ឋប្បវេណី ដូច្នេះប្រសិនបើវិវាទកើតឡើងត្រូវដោះស្រាយឱ្យចប់ ថាតើអ្នកណាជាម្ចាស់ដីពិតប្រាកដ ទើបដំណើការទៅព្រហ្មទណ្ឌបាន។ ប៉ុន្តែទិដ្ឋភាពក្នុងសង្គមជាក់ស្តែង រឿងដីធ្លីមិនទាន់ដោះស្រាយថា អ្នកណាជាម្ចាស់ដីពិតប្រាកដផង ដោយសំអាងតែទៅលើប័ណ្ណ ដែលប័ណ្ណមិនទាន់ដឹងថាត្រឹមត្រូវផង ម្ចាស់ដីខ្លះអាចក្លាយជាជនរងគ្រោះ។ លោកបន្ថែមថា៖ «ហើយជនរងគ្រោះនោះ គឺច្រើនមែនទែន នៅក្នុងសង្គមរបស់យើង»។
បើតាមលោក សរ សុវណ្ណ បានបញ្ជាក់បន្ថែមថា មកទល់ខែវិច្ឆិការ ឆ្នាំ២០១៤នេះ តាមយន្តការគណកម្មការសុរិយោដី បានទទួលករណីសរុបចំនួន៦៥៥៨ករណី ទូទាំងប្រទេស។ ចំនួនករណីដែលបានដោះស្រាយបញ្ចប់ មានចំនួន២៩១៦ករណី។ ចំនួនករណីច្រានចោល២១៤៦ករណី និងចំនួនករណីកំពុងដោះស្រាយមាន៨៤២ករណី។ លោកបន្ថែមថា តាមរយៈការអនុវត្តនយោបាយចាស់សកម្មភាពថ្មី លើកម្មវិធីដីធ្លី បានធ្វើឱ្យចំនួនវិវាទដីធ្លី មានការថយចុះយ៉ាងច្រើន ដែលផ្ទុយពីការបំផុសលើកឡើង ដោយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន«តួច» ដែលមិនទទួលស្គាល់ការពិត៕