ពលរដ្ឋ​សេសាន​ក្រោម​២៖ រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ ពី​បញ្ហា​ពួក​ខ្លួន

តំណាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយទំនប់វារីអគ្គីសនីសេសានក្រោម បានឡើងមកបង្ហាញ​ពីការព្រួយ​បារម្ភ ពីផលប៉ះពាល់នានា នៃដំណើរការគម្រោង ដោយគ្មានការជួបពិភាក្សា គ្មានបង្ហាញការជំហរដោះស្រាយ ឬ​បង្ហាញ​ពីផលប៉ះពាល់ណាមួយ ដល់ប្រជាពលរដ្ឋនោះឡើយ ក្រៅពីផលវិជ្ជមានដ៏ស្តួចស្តើងនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋភាគឦសាន - តំណាងប្រជាពលរដ្ឋប្រាំមួយភូមិ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីសំណង់ទំនប់វារីអគ្គិសនី សេសានក្រោមពីរ បានលើកឡើងថា មកទល់នឹងពេលនេះទាំងតំណាងក្រុមហ៊ុន ទាំងតំណាងរដ្ឋាភិបាល ឬមន្រ្តី​ពាក់ព័ន្ធនានា បានបង្ហាញនូវសកម្មភាពយ៉ាង«ស្ងៀមស្ងាត់» ចំពោះការដោះស្រាយបញ្ហាជាមួយពលរដ្ឋ តែលេច​ធ្លោ​នៅសកម្មភាពឈូសឆាយ និងកាប់រានទន្រានដីព្រៃ ព្រៃឈើយ៉ាងច្រើនសស្រាក់ស្រាំ រហូតលើសពីអ្វីដែលត្រូវធ្វើ ក្នុងហេតុផលស្តារបាតអាងសាងសង់ទំនប់។

ការលើកឡើងទាំងនេះ បានធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយ នៅទីស្នាក់ការ វេទិកា​នៃអង្គការមិនមែន​រដ្ឋាភិបាល​ស្ដីពីកម្ពុជា (NGO Forum) រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដា ដោយរួម​សហការជាមួយ​អង្គការ​សង្គមស៊ីវិល ដែលពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្រី លីបិ មកពីសហគមស្រែពក បានលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនរស់អាស្រ័យផល លើអនុផលព្រៃ​ឈើ ដែលបានមកពីព្រៃកេរ្តិ៍ ព្រៃថ្នូរខ្មោច ព្រៃដូនតា ព្រៃចំការវិលជុំជាដើមសម្រាប់របរចឹញ្ចិមជីវិត និងសត្វ។ ការចាក​ចេញដោយគ្មានដំណោះស្រាយ ឬការមិនបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាដីព្រៃកេរ្តិ៍ ព្រៃដូនតា ព្រៃចំការ​វិល​ជុំ​ទាំងនោះវិញក្រោយពីផ្លាស់ទៅនៅទីតាំងថ្មីនោះ ប្រជាពលរដ្ឋមិនអាចទទួលយកបានឡើយ។ «បើរដ្ឋាភិបាល ឬក្រុម​ហ៊ុនធ្វើបែបនេះមានន័យថា ចង់រំលាយពូជសាសជនជាត់ដើមភាគតិច»។

អ្នកស្រី ឈា ណារី មកពីសហគមស្រែស្រណុក ក៏លើកឡើងប្រហែលគ្នានេះដែរ តែអ្នកស្រីបានបន្ថែមថា ដីភូមិ ដី​ចំការ សុទ្ធសឹងមានដើមផល្លានុផល ទទួលប្រយោជន៍សម្រាប់ជីវភាពប្រឆាំថ្ងៃ ក៏មិនឃើញមានការបង្ហាញ​ណា​មួយ​ឲ្យបានច្បាស់លាស់ ដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុន ឬរដ្ឋាភិបាលឡើយ។ ប្រជាពលរដ្ឋអាស្រ័យផល តាម​ដំណាំដុះតាមមាត់ទន្លេ របររកត្រីក៏នឹងត្រូវបាត់បង់ ឯកូនៗនឹងគ្មានសាសារៀន។

ដោយឡែក លោក គឹម ឌ្ឍឿង មកពីសហគមន៍ស្រែរមាស បានបន្ថែមថា រដ្ឋាភិបាលគួយកចិត្តទុកដាក់ដំពោះជីវភាព ការរស់នៅ ប្រជារាស្រ្តឲ្យកាន់តែមានភាពរីកចំរើន ។ លោកន្តយរថារដ្ឋាភិបាលមិនមែនព្យាយាមជួយក្រុមហ៊ុន ដើម្បី​បន្ទាបតម្លៃនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្លួននោះទេ។ បើដូច្នេះមែន តើអ្វីទៅជាកិច្ចអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះ?

មកទល់នឹងពេលនេះ គម្រោងអភិវឌ្ឍន៍នៃទំនប់ចេះតែដំណើរការ ការសន្យាតាមគម្រោង ចេះតែមានជាបន្តបន្ទាប់។ លោក ប៉ឹម ឈូក តំណាងសហគមន៍​ស្រែ​ស្រណុក បានបញ្ចាក់ថា តែអ្វីជាក់ស្តែងនៃដំណើរការដោះស្រាយនោះ មកទល់នឹងពេលនេះ នៅមិនទាន់មានលទ្ធផល​ជា​ផ្លូវ​ការនៅឡើយ ក្រៅពីការបង្ខំប្រជាពលរដ្ឋ ទទួលយក​សំណង​មិនសមរម្យ ដែលខ្លួនបានកំណត់ជាឯកតោភាគី ដោយ​គ្មានការជួប ឬពិភាក្សាជាមួយពលរដ្ឋនោះ។

ដោយឡែកលោក ឆាត់ ពន្លក មន្រ្តីចងក្រងព័ត៌មាននៃអង្គការ 3SPN បានថ្លែងថា ទាំងក្រុមហ៊ុន ទាំង​រដ្ឋាភិបាល បាន​ចុះធ្វើការផ្សព្វផ្សាយមួយចំនួន ដែរពាក់ព័ន្ធនឹងបញ្ហានៃការបម្លាស់ទីថ្មីរបស់ប្រជាពលរដ្ឋទាំងនោះ។ លោកបន្តថា តែរាល់ការចុះមកម្តងៗស្ទើគ្រប់សហគមន៍ មិនដែលបានលើកឡើងពីផល«អវិជ្ជមាន ឬបញ្ហាប្រឈម»នោះទេ ផ្ទុយ​មកវិញនិយាយតែពីផល«វិជ្ជមាន»ដែលមានតិចតួចប៉ុណ្ណោះ។

ក្នុងសន្និសិទនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី កម្ពុជា ក៏បានបង្ហាញ​នូវគោលការណ៍ប្រាំយ៉ាង ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់ ដោយរដ្ឋាភិបាលនិងក្រុមហ៊ុន ត្រូវធ្វើការ​ផ្សព្វ​ផ្សាយ​នៃទិដ្ឋភាពទូទៅនៃគម្រោងទាំងមូល បើកឱកាសឲ្យមានកិច្ចពិភាក្សា បង្ហាញផែនការរុះរើការបំលាស់ទីថ្មី គោល​ការណ៍​សំណងត្រូវធ្វើឡើងស្របតាតម្លៃទីផ្សារ និងបញ្ហានៃជម្រើសមុខរបរ របស់ប្រជាពលរដ្ឋស្រប​តាមសង្គម​វប្បធម៌​នៃការរស់នៅ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...