កម្ពុជាប្តេជ្ញា មិនជ្រៀតជ្រែកនយោបាយថៃ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលប្រទេសកម្ពុជា បានធានាអះអាង ចំពោះរដ្ឋាភិបាលយោធា នៃប្រទេសថៃថា កម្ពុជានឹងមិនជ្រៀតជ្រែក ចូលទៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ដែលប្រទេសជិតខាងទេ។
អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ (រូបថត Xinhua)
ការបរទេស - រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុង បានបញ្ជាក់ប្រាប់លោក ស៊ីថាសាក់ ផុងកេតកែន (Sitasak Phuangketkeon) រដ្ឋមន្ត្រីស្តីទីក្រសួងការបទេស នៃរបបយោធាថៃនៅថ្ងៃទី០១ ខែកក្កដា នេះ ថា រដ្ឋាភិបាលកម្ពុជាយល់ពីបញ្ហានយោបាយប្រទេសថៃ។
យោងលើគោលជំហរ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគោលការណ៍អាស៊ាន លោក ហោ ណាំហុង បាន អះអាង ចំពោះមុខលោក ស៊ីថាសាក់ ផុងកេតកែន ក្នុងសន្និសីទការសែត នៅក្រសួងការបរទេសកម្ពុជា ថា ក្នុងនាម ជាប្រទេសជិតខាងគ្នា និងជាសមាជិកអាស៊ានទាំងអស់គ្នា ប្រទេសកម្ពុជាមានគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ រាប់ទាំងប្រទេសថៃ។
កន្លងមករបបយោធាថ្មីថៃ បានស្នើដល់រដ្ឋាភិបាលកម្ពុជា គម្បីឆ្លើយបំភ្លឺជុំវិញមន្ទិលសង្ស័យ ដែលថាក្រុមអាវក្រហម ឬក្រុមដែលមាននិន្នាការប្រឆាំង ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលថៃ ថាបានកំពុងលាក់ខ្លួនលើទឹកដីប្រទេសកម្ពុជា ហើយថាក្រុមនោះ ក៏ចង់បង្កើតចលនាមួយ ឬបង្កើតរដ្ឋាភិបាលស្រមោលមួយ ដើម្បីប្រឆាំងរបបយោធាថៃដែលកំពុងកាន់អំណាច។
បើតាមលោកខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានពន្យល់នៅគ្រានោះ និងពេលបន្តបន្ទាប់មកថា ច្បាប់របស់ប្រទេសកម្ពុជា មិនអនុញាតឲ្យមានជនណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយ ដែលមានដាក់ចំណងការទូតជាមួយប្រទេសកម្ពុជាទេ៕