ភូមិ​ចំនួន​៤​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ ពី​ទំនប់​សេសាន​ក្រោម​ពីរ មាន​អ្វី​ខ្លះ?

ភូមិចំនួនបួន ក្នុងឃុំបី រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគម្រោងទំនប់វារីអគ្គីសនី សេសានក្រោមពីរ។ ក្នុងនោះក៏មានភូមិបី​ផ្សេងទៀត ស្ថិតក្នុងចំនូនឃុំបីផ្សេងគ្នា ក៏រងនូវផលប៉ះពាល់ដោយប្រយោល នៃគម្រោងនេះដែរ។ នេះបើ​តាមការ​បញ្ជាក់របស់មន្ត្រីសង្គមស៊ីវិល លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0១ ខែក្កដា ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេសានក្រោមពីរ - ក្នុងសន្និសិទសារព័ត៌មាន នាទីស្នាក់ការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) រាជធានីភ្នំពេញនាព្រឹកថ្ងៃថ្ងៃទី១ ខែកក្កដានេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិរបស់អង្គការនេះ បាន​បង្ហាញ​តាមរយៈ​របាយការណ៍​មួយ នូវភូមិចំនួនបួនស្ថិត​ក្នុងបីឃុំ ដែលរង​ផលប៉ះពាល់ធ្ងន់ធ្ងរ ពីគម្រោង​ទំនប់​វារីអគ្គីសនី​សេសានក្រោមពីរ។

ភូមិទាំងនោះមាន ភូមិភ្លុក ក្នុងឃុំភ្លុក ភូមិស្រែគរ១ និងស្រែគរ២ ក្នុងឃុំស្រែគរ ភូមិនក្បាលរមាស ភូមិស្រេស្រណុក ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកបានបន្តថា ក្រៅពីភូមិដែលប៉ះពាល់ធ្ងន់ធ្ងរនេះ ក៏នៅមាន​ភូមិដែលរងផលប៉ះពាល់ ដោយប្រយោលបីទៀត មានដូចជា ភូមិខ្សាច់ថ្មី ក្នុងឃុំតាឡាត ភូមិក្របីជ្រុំ ក្នុងឃុំក្បាល​រមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និងភូមិស្រែអង្គ្រង ក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។

ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមលើកយក​ជា​សង្ខេបខ្លះៗ នូវភូមិទាំងបួន ដែលរងផលប៉ះពាល់​ខ្លាំងជាងគេ ពីក្នុង​របាយការណ៍ដែលមានកម្រាស់២២ទំព័រ ចេញផ្សាយតាំងពីខែមករា ឆ្នាំ២០១៤នោះ មកជម្រាប​ដូចខាងក្រោម៖

១- ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ភូមិនេះមានចំងាយ៥៣គីឡូម៉ែត្រពីទីរួមខេត្ត និង​ស្រប​តាម​បណ្តោយទន្លេសេសាន។ ប្រជាពលរដ្ឋបានមកតាំងទីលំនៅក្នុងភូមិនេះជាង៥០ឆ្នាំមកហើយ និងបាន​ប្រើប្រាស់​នូវ​ភាសារឡាវ ខ្មែរ និងភាសាជនជាតិភាគតិច។ ការរស់នៅរបស់ពួកគេក្នុងភូមិនេះ ដោយការចិញ្ចឹមសត្វ ដាំដំណាំ​ និង​នេសាទ។ ការដោះដូរផលិតផល ភ្ជាប់ទំនាក់ទំនងជាមួយនឹងខេត្តរតនគីរី ព្រោះនៅជិត​ជាងខេត្ត​ស្ទឹងត្រែង និង​ស្រួល​ទាំងផ្លូវគោក និងផ្លូវទឹក។ ចាប់តាំងពីឆ្នាំ១៩៩៣ ភូមិនេះបានរងផលប៉ះពាល់ ពីទំនប់​វារីអគ្គីសនី​«យ៉ាលី»​ប្រទេស​វៀតណាម ធ្វើឲ្យជីវភាពរបស់ពួកគាត់មានការថមថយ និងមិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជាទេ។

២- ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ភូមិននេះនេះមានចំងាយ៦៥គីឡូម៉ែត្រ ពីទី​រួម​ខេត្ត និងស្ថិតនៅតាមបណ្តោយដងទន្លេស្រែពក។ ជាជនជាតិភាគតិចព្នង បានបង្កភូមិនេះឡើងក្នុងឆ្នាំ១៩៦២ រហូត​ដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ បង្កបង្កើនផលរួមគ្នា ជាសមូហភាព ការរស់នៅបែបប្រមូលផ្តុំ។ ការរស់​នៅរបស់ពួកគេតាមបែបពនេចរវិលជុំ ចំការអចិន្ត្រៃយ៍ ព្រៃដំណម និងទីកប់ខ្មោចជាដើម។ ពួកគេប្រើប្រាស់ភាសាខ្មែរ ជាផ្លូវការ និងគោរពទំនាមទំលាប់ប្រពៃណីដូនតាណាស់។

៣- ភូមិស្រែស្រណុក ឃុំស្រែស្រណុក ស្រុកក្បាលរមាស ខេត្តស្ទឹងត្រែង។ ភូមិនេះមានចំងាយ៦០គីឡូម៉ែត្រ ពីទីរួម​ខេត្ត និងស្ថិតនៅតាមបណ្តោយដងទន្លេស្រែពក។ ជាជនជាតិព្នង ព្រៅ និងខ្មែរ ដែលរស់នៅអាស្រ័យផលលើរបរ​កសិកម្មជាចំបង ការនេសាទ ចំការវិលជុំ និងប្រម៉ាញ់ក្នុងលក្ខណៈជាគ្រួសារ។ ភូមិនេះបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ប្រើ​ប្រាស់ភាសាព្នង ព្រៅ និងខ្មែរ។ ពួកគេមានជំនឿលើអារក្សអ្នកតា ព្រៃតំណម និងព្រលឹងដូនតាជាដើម។

៤- ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ភូមិនេះមានចំងាយ២៩គីឡូម៉ែត្រពីទីរួមខេត្ត និងស្ថិតជិតជាង​គេទៅនឹង ទំនប់វារីអគ្គីសនីសេសានក្រោមពីរ ត្រឹម៨គីឡូម៉ែត្រ។ អ្នកភូមិប្រកបរបរធ្វើស្រែចំការ និងនេសាទជា​លក្ខណៈគ្រួសារ ជាមួយនិងការលក់ដូរបន្តិចបន្តួច និងចំណូលមួយចំនួនបាន​មកពីតំបន់ទេសចរណ៍ ដែលមាន​ឈ្មោះ​ថា«ទឹកថ្លា បុប្ផា ភ្លុក»។

នាយកប្រតិបត្តិរូបនេះ ក៏បានបង្ហាញឲ្យដឹង ពីកម្លាំងថាមពលអគ្គីសនី ដែលនឹងបានមកទំនប់វារីអគ្គីសនី​សេសាន​ក្រោមពីរ ស្មើនិង៤០០មេហ្គាវ៉ាត់ បំពាក់ដោយទួរប៊ីន៥គ្រឿង។ ទំនប់នេះមានទីតាំងកាត់ដងទន្លេសេសាន​ក្នុងឃុំ​ចំនួន​បួន ឃុំភ្លុក ឃុំស្រែគរ ឃុំតាឡាត និងឃុំក្បាលរមាស ដែលមានចំងាយ១,៥គីឡូម៉ែត្រ ក្រោមចំណុចប្រសព្វ​ទន្លេសេសាន និងទន្លេស្រែពក។ ទំនប់វារីអគ្គីសនីសេសានក្រោមពីរ មានប្រវែងសរុប៨គីឡូម៉ែត្រ កំពស់ខ្នង​ទំនប់​៧៥ម៉ែត្រ និងទទឹងខ្នងលើ៨ម៉ែត្រ ដែលមានចំណុះស្តុកទឹក ១,៧៨ពាន់លានម៉ែត្រគូប លើផ្ទៃលិចទឹកប្រហែល ​៣៦​ពាន់ហិកតា។ សរុបទុនវិនិយោក ប្រហែល៨១៦លានដុល្លាអាមេរិក ដោយក្រុមហ៊ុនវៀតណាម១០ភាគរយ ក្រុមហ៊ុន​ចិន៥០ភាគរយ និងក្រុមហ៊ុនកម្ពុជា៤០ភាគរយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...