អគ្គីភ័យឆេះផ្ទះនៅអូឡាំពិក ខូចខាតអស់ប្រមាណ៤៨ម៉ឺនដុល្លារ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 14, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទី យប់ព្រហាម ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ របស់លោក លី សុខលីម ជាម្ចាស់ផ្ទះរងគ្រោះ បានប្រាប់ឱ្យដឹងថា មូលហេតុបណ្តាលមកពី ផ្ទុះប្រអប់ភ្លើងលេខ ២០២ បន្ទាប់មកធ្លាក់រងើកភ្លើង មកលើឥវ៉ាន់ ក្នុងផ្ទះរបស់លោក ទើបបានឆាបឆេះ ជាអណ្ដាតភ្លើងធំតែម្តង។ លោកបន្ថែមថា ក្រុមគ្រួសារប្រពន្ធកូន និងម្តាយលោក មិនបានរងរបួសអ្វីទេ តែទ្រព្យសម្បត្តិ នៅក្នុងមួយល្វែងផ្ទះ បានឆេះស្ទើរទាំងស្រុង ក្នុងនោះមានម៉ូតូ បីគ្រឿង រថយន្តទំនើបមួយគ្រឿង និងសម្ភារៈជាច្រើនទៀត សរុបជាទឹកប្រាក់ ប្រមាណ ៤៨ម៉ឺនដុល្លារ។
លោកបានរៀបរាប់ថា ដើមដំបូងឡើយ លោកមិនបានឃើញ ព្រិត្តិការណ៍ដោយផ្ទាល់ទេ គឺអ្នកស្រីជាម្តាយលោក ជាអ្នកឃើញ រួចបានចូលទៅហៅលោក។ តែពេលភ្ញាក់ឡើង កំឡុងម៉ោងជាង ១ រំលងអាធ្រាតនោះ អណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានឆេះអស់ទ្រព្យសម្បត្តិលោក មួយចំនួនទៅហើយ។ លោកមានតែនាំគ្រួសារ ចេញប៉ុណ្ណោះ។
អ្នកស្រី ជិន ណារី ជាគ្រួសារជនរងគ្រោះមួយទៀត បានឱ្យដឹងថា នៅយប់កើតហេតុ អ្នកស្រីមិនបានចូលសម្រាកឆាប់ ដូចសព្វមួយដងទេ ព្រោះរវល់រៀបចំឥវ៉ាន់ ទៅលក់នៅផ្សារ។ តែនៅពេលបានចូលសម្រាកបន្តិច ក៏ស្រាប់តែ មានហេតុការណ៍នេះកើតឡើងតែម្ដង។ ពេលនោះ ផ្ទះអ្នកស្រីបិទទ្វារជិត មិនអាចចេញបានឡើយ បង្ខំឲ្យអ្នកស្រី និងគ្រួសារ ត្រូវរត់ចេញតាមផ្ទះអ្នកជិតខាង ដើម្បីគេចពីអំណាចភ្លើង។
នៅក្រោយហេតុការណ៍ប្រមាណមួយម៉ោង ក្រុមអ្នកពន្លត់អគ្គីភ័យ បានធ្វើការពន្លត់ភ្លើើងទាំងនេះបានសម្រេច ដោយការប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ អស់ចំនួន៤គ្រឿង ហើយបញ្ចប់នៅម៉ោង២ និង៤០នាទី ទាបភ្លឺ ថ្ងៃដដែល។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់អាចសុំការបញ្ជាក់ ពីខាងមមន្ត្រីជំនាញ ខាងការពន្លត់អគ្គិភ័យ ដើម្បីដឹងពីមូលហេតុផ្លូវការ នៃហេតុការណ៍នេះនៅឡើយ៕