រាជបណ្ឌិត្យសភាកម្ពុជា ស្នើឲ្យឡាវ ផ្អាកសាងសង់ទំនប់វ៉ារីអគ្គីសនី ដនសាហុង
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 24, 2015
- ប្រធានបទ: វារីអគ្គិសនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាគីប្រទេសឡាវ បានកំពុងឈូសឆាយផ្លូវ សាងសង់ស្ពានមួយ ដែលចំណាយថវិការអស់ជាង ១០០លានដុល្លា សំរាប់ធ្វើដំណើរឆ្លងកាត់ និងដឹកសម្ភារៈ យកទៅសាងសង់ទំនប់វារីអគ្គីសនីដនសាហុង។ នេះជាការបង្ហាញ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសន្និសីទការសែតមួយ ដែលធ្វើឡើង បន្ទាប់ពីក្រុមការងារនៃស្ថាប័នមួយនេះ បានចុះទៅសិក្សារស្រាវជ្រាវនៅក្នុងប្រទេសឡាវ សិ្ថតនៅតំបន់ ដែលមានគម្រោងសាងសង់ ទំនប់វារីអគ្គីសនី ដនសាហុង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ២០១៥ថ្មីៗនេះ។
រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការបកស្រាយ អំពីផលប៉ះពាល់ នៅក្នុងសន្និសីទកាសែត អស់រយៈពេលពេញមួយព្រឹក ដើម្បីផ្សព្វផ្សាយឲ្យសារធារណៈជន បានដឹងពីបញ្ហានៃការសាងសង់ទំនប់វារីអគ្គីសនី និងផ្ញើរសារទៅភាគីប្រទេសឡាវ ឲ្យផ្អាកការដំណើរការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង ជាបន្ទាន់។
លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនង់អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុងសន្និសីទនេះថា ស្ពានដែលឡាវកំពុងសាងសង់នេះ ជិតរួចរាល់អស់ហើយ ពោលគឺនៅតែដាក់សរសរកណ្តាលពីទៀតប៉ុណ្ណោះ។ ស្ពាននេះចំណាយអស់ ប្រមាណជាង ១០០លាន់ដុល្លា ដើម្បីទុកសំរាប់ដឹកជញ្ជូនសម្ភារៈ ធ្វើទំនប់វារីអគ្គីសនីដនសាហុង ដែលតភ្ជាប់ពី វើខាំ ទៅកាន់កោះ សាដាំ។ លោកថា បន្ទាប់ពីបញ្ចប់សន្និសីទនេះរួច លោកនឹងធ្វើលិខិតដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយអំពីបញ្ហានេះ និងប្រាប់ទៅប្រធានាធិបតីឡាវ ខណៈដែលប្រធានាធិតីឡាវ មកប្រទេសកម្ពុជា ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ខាងមុខ។
លោកបន្ថែមថា ប្រសិនបើស្ពាននេះត្រូវបានសាងសង់រួចរាល់នោះ បានន័យថា សម្ភារៈមួយរយភាគរយ គឺបានដឹកទៅ ដនសាហុង ដើម្បីសាងសង់ទំនប់វារីអគ្គីសនីជាមិនខាន ហើយនៅពេលដែលមាន ទំនប់វារីអគ្គីសនីនេះ វានឹងអាចធ្វើឲ្យប្រទេសកម្ពុជាជួបប្រទះ នឹងផលលំបាកច្រើជាមិនខាន។ លោកថា៖ «ខាងធនធានទឹក ខាងបរិស្ថាន លោកខំប្រឹងប្រែងណាស់ ប៉ុន្តែការប្រឹងប្រែងនោះនៅមានកំរិត ព្រោះដល់ឥឡូវ ដល់ពេលរាជបណ្ឌិតសភា ខំប្រឹងប្រែងម្តង ព្រោះដើម្បីប្រយោជន៍ប្រជាជនយើង ស្គាល់ប្រយោជន៍ទាំងមូល ទៅដល់មនុស្សជាតិទូទាំងសកលលោក»។
តាមការសិក្សារស្រាវជ្រាវបឋម ធ្វើឡើងដោយក្រុមស្រាវជ្រាវ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឲ្យឃើញថា ការសិក្សាពីផលប៉ះពាល់ នៃទំនប់វារីអគ្គីសនីដនសាហុង បានសិក្សាស៊ីជម្រៅតែភាគីឡាវប៉ុណ្ណោះ ឯភាគីកម្ពុជា ដែលនៅផ្នែកខាងក្រោម គេមិនទាន់បានសិក្សា ឲ្យបានលម្អិតនៅឡើយ។
ជីវៈចម្រុះទាំងអស់ ត្រូវតែប្រែប្រួល ដែលមិនអាចនិយាយថា មិនប៉ះពាល់ដូចការអះអាង របស់ភាគីប្រទេសឡាវនោះឡើយ។ បើសិក្សាឲ្យស៊ីជម្រៅ ច្រកផ្លូវទឹកដនសាហុងនេះ មានលក្ខណៈសំខាន់ណាស់ ព្រោះវាជាផ្លូវទឹកជ្រៅ ដែលងាយស្រួលក្នុងការបម្លាស់ទីរបស់ត្រី ស្វែងរកចំនី និងពងកូន។ បើសិនជាទំនប់នេះ កើតមានមែននោះ ច្រក ដាំសាហុង និងច្រក សុភ័ក្រមិត្ត មិនប្រាកដថា ចរន្តទឹកនោះមានគ្រប់គ្រាន់ សម្រាប់ការបម្លាស់ទីរបស់ត្រីបានទេ។ ជាពិសេសនោះ ទំនប់នោះមានចម្ងាយតែ ១៥០០មែត្រប៉ុណ្ណោះ ពីព្រំដែនកម្ពុជា វាអាចមានផលប៉ះពាល់ខ្លាំង ចំពោះប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ របស់ការសិក្សាស្រាវជ្រាវ របស់រាជបណ្ឌិត្យសភាកម្ពុជា។
បើសិនជាប្រទេសឡាវ គិតគូរពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ ប្រទេសឡាវគួតែធ្វើទំនប់វារីអគ្គីសនីនេះ នៅខាងលើឲ្យឆ្ងាយពីព្រំដែនប្រទេសទាំងពីរ ដូចជាទំនប់សាយាបូរីជាដើម ទោះបីប៉ះពាល់ដល់កម្ពុជាក៍ពិតមែន តែការប៉ះពាល់នោះមានទំហំតិចតួចជាង៕