របាយការណ៍​ខមហ្វេ្រល៖ ពលរដ្ឋ​៥៥.៦%​មិន​ពេញ​ចិត្ត នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល

របាយការណ៍ របស់អង្គការគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខមហ្វ្រេល បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ ដែលរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានពលរដ្ឋភាគច្រើន មិនពេញជាមួយនឹងការអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាលទេ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញ ថ្ងៃទី២៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 24, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណជា២៥០ មកពីខេត្តក្រុងចំនួនពីរ គឺរាជធានីភ្នំពេញ និងសៀមរាប ដែលអង្គការ​ខមហ្វេ្រស យកធ្វើជាគំរូក្នុងអង្កេត មាន ៥៥.៦% មិនពេញចិត្តទៅនឹងការអនុវត្តគោលនយោបាយ ដែលគ្មានសូចនារករ​ច្បាស់​លាស់ របស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងមាន​៤៤.៤% ពេញចិត្ត។

រដ្ឋាភិបាលនីតិកាលទី៥ បានដាក់ចេញ និងប្រកាសគោលនយោបាយ ៤វិស័យធំៗ រួមមានទី១. ការការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ ទី២ ពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ។ ទី៣ ការអភិវឌ្ឍសេដ្ឋកិច្ច និងទី៤ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ ក្នុងការសិក្សាវិស័យទាំង៤នោះ អង្គការខុមហ្វ្រែល បែកចែកជា ២ គឺទី១ គោល​នយោបាយ​មានសូចនាករច្បាស់លាស់ មានចំនួន ១៦ចំណុច និងទី២ គោលនយោបាយគ្មានសូចនាករច្បាស់លាស់ មាន​ចំនួន ៣៣ចំណុច។

របាយការណ៍របស់ខមហ្វ្រេល ស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងឆ្នាំដំបូង នៃនីតិកាលទី៥ ដែលបានប្រកាសនៅថ្ងៃទី២៣ កុម្ភៈនេះ បានបញ្ជាក់ថា គោល​នយោបាយ​ចំនួន០៧ រួមមាន ការរក្សាផ្ទៃទឹកសាប ការចុះបញ្ជីដីធ្លី ការកសាងគោលនយោបាយជាតិ ស្តីពីសិទ្ធិ​លំនៅដ្ឋាន ប្រជាជនទទួលសេវាទឹកស្អាត ពង្រីកការផ្គត់ផ្គង់អគ្គីសនី ពីបណ្តាញជាតិឱ្យដល់ភូមិ បន្តកសាង​អនុ​វិទ្យាល័យ ឱ្យបានគ្រប់ឃុំ និងការរៀបចំគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តន៍ និង​សម្រេច​បាន​ខ្លះ។

ចំណែកគោលនយោបាយចំនួន ៣ទៀត ដែលរដ្ឋាភិបាលអនុវត្ត តែមិនអាចសម្រេចតាមការសន្យាបាន រួមមាន គោល​នយោបាយនាំចេញអង្ករឱ្យបាន ១លានតោននៅឆ្នាំ២០១៥ ការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ និងការដាក់​ឱ្យដំណើរការរបបប្រាក់សោធននិវត្តន៍ សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន។

របាយការដដែលនេះបន្តថា ក្នុងចំណោមគោលនយោបាយទាំង៤ ប្រជាពលរដ្ឋទាំងពីរខេត្តក្រុងពេញចិត្តជាងគេ ចំពោះ​ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គកិច្ច ត្រូវបានប្រជាពលរដ្ឋនៅខេត្តសៀមរាប និងរាជធានី​ភ្នំពេញ ពេញចិត្តច្រើនជាងគេ។ រីឯការអនុវត្ត​គោលនយោបាយការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សារធាណៈ ត្រូវ​បានប្រជាពលរដ្ឋ ក្នុងខេត្តទាំងពីរ មិនពេញចិត្តច្រើនជាងគេមាន៦១.៤% ក្នុងចំណោមគោលនយោបាយទាំងអស់។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៣ កុម្ភៈលោក យង់ គឹមអេង ជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព និងជាសមាជិកគណៈកម្មាធិការនាយក នៃអង្គការខុមហ្វ្រែល បានឱ្យដឹងថា ការដែលរដ្ឋាភិបាលបានដាក់ នូវសូចនាករមិនច្បាស់លាស់នេះ វាក៏បង្ហាញផងដែរថា រដ្ឋាភិបាលមិនបានប្រឹងប្រែង ក្នុងការបំពេញគោល​នយោបាយ​ដែលខ្លួនបានសន្យា។

លោកបន្តថា៖ «មិនសូវបានប្រឹងបំពេញ អញ្ចឹងទៅ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកផ្សេងៗ ពាក់ព័ន្ធនឹងសេវា​សាធារណៈ​អីផ្សេង ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី យើងឃើញ ពាក់ព័ន្ធរឿងព្រៃឈើ ប្រជាពលរដ្ឋឃើញជាក់ស្តែង អាហ្នឹង​គឺបញ្ហា ពាក់ព័ន្ធនឹងការប្រឆាំង អំពើពុករលួយអីជាដើម យើងឃើញហើយថា តើប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទៅ​រក​សេវាសាធារណៈ ត្រូវចំណាយលុយ ហើយអញ្ចឹងយើងអាចវាយតម្លៃបាន ចំពោះបញ្ហាហ្នឹង អញ្ចឹងហើយវាអាចធ្វើឱ្យពិន្ទុ ដែលគាត់ផ្តល់ជូនឱ្យរដ្ឋាភិបាល ក្នុងការបំពេញការងាររបស់រដ្ឋាភិបាលហ្នឹង មិនបានពិន្ទុលើមធ្យមភាគក្រោម៥០%»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...