ហ៊ុន ម៉ាណែត ក្លាយ​ជា​មេទ័ព​នៃ​កងទ័ព​ជើងគោក ជា​ផ្លូវការ!

បន្ទាប់ពីបានដើរ ឆ្លងកាត់បត់បែនច្រើនបែប អស់រយៈពេលជាង ២ខែរួច នៅទីបំផុត លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំង ឲ្យក្លាយជាអគ្គមេបញ្ជាការ កងទ័ពជើងគោក ជាផ្លូវការហើយ។ នាយទាហានពីររូបទៀត ក៏ត្រូវបានតែងតាំង ឲ្យឡើងដឹកនាំកងទ័ពដែរ។
ហ៊ុន ម៉ាណែត ក្លាយ​ជា​មេទ័ព​នៃ​កងទ័ព​ជើងគោក ជា​ផ្លូវការ!
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំង ឲ្យក្លាយជាអគ្គមេបញ្ជាការ កងទ័ពជើងគោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 06, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីយោធាបីរូប ក្នុងនោះ មានម្នាក់ជាកូនប្រុសច្បង របស់លោក ហ៊ុន សែន ត្រូវបានតែងតាំង ឲ្យកាន់តំណែងជាមេទ័ព ជំនួសលោក ប៉ុល សារឿន - លោក គន់ គីម និងលោក មាស សុភា ដែលបានជាប់ធ្វើជាតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា។ នេះ បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨នេះ ដែលត្រូវបានចេញផ្សាយភ្លាមៗ នៅក្រោយការបង្ហាញជាផ្លូវការ នូវសមាសភាព​គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលអាណត្តិថ្មី របស់លោក ហ៊ុន សែន។

នៅក្នុងព្រះរាជក្រិត្យនោះ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិនាយទាហាន ៣រូប តាមសំណើរបស់លោក ហ៊ុន សែន ដែលស្នើសុំទៅព្រះមហាក្សត្រ ក្នុងថ្ងៃតែមួយ តែងតាំងកូនប្រុសច្បង​របស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជាមេបញ្ជាការកងទ័ពជើងគោក តែងតាំងលោក ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរ​ស័ក្ដិលោក វង្ស ពិសេន ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ (មេទ័ពកំពូល)។

ការតំឡើងតំណែង របស់លោក ហ៊ុន ម៉ាណែត ខាងលើ ធ្វើឡើងបន្ទាប់ពីកូនប្រុសលោក ហ៊ុន សែន រូបនេះ បាន​កាន់​តំណែង កាលពីចុងខែមិថុនា ​ជា​​មេ​បញ្ជាការ​ស្ដីទី​ នៃ​កង​ទ័ព​ជើង​គោក ជំនួសលោក មាស សុភា ដែលអ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា បាន​លាលែង ​ពី​តំណែង​ដឹកនាំទ័ព ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ សម្រាប់ការ​បោះ​ឆ្នោតជាតិកន្លងម​ក​នេះ។

ព្រះរាជក្រិត្យមួយមុន ដែលចុះព្រះហស្ថលេខា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៧ ក៏បានត្រាស់បង្គាប់ដែរ តែងតាំងលោក ហ៊ុន ម៉ាណែត ដែលមានឋានន្តរសក្ដិ «ឧត្តមសេនីយ៍ឯក (ផ្កាយបី)» ឲ្យឡើងកាន់តួនាទី ជាអគ្គមេបញ្ជាការរង នៃកងយោធពល​ខេមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ ដូច្នេះ ពេលនេះ កូនប្រុសច្បងនៃបុរសខ្លាំងកម្ពុជា មានតំណែងជាអគ្គមេបញ្ជាការ កងទ័ពជើងគោកផង និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ផង។

លោក ហ៊ុន ម៉ាណែត ថែមទាំងបានកាន់តំណែង ជាមេទ័ពកំពូល សម្រាប់រយៈពេល៣ថ្ងៃផង ចាប់ពី​ថ្ងៃ​ទី២៦ រហូតដល់​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីលោក សៅ សុខា ដែលជាមេទ័ពកំពូលស្ដីទី ត្រូវ​ទៅ​ព្យាបាល​ជំងឺ ​នៅ​ប្រទេស​សឹង្ហបុរី។ ប៉ុន្តែបើតាមព្រះរាជក្រិត្យ ចេញផ្សាយនៅថ្ងៃនេះ តំណែងមេទ័ពកំពូលខាងលើ ត្រូវធ្លាក់ទៅលោក វង្ស ពិសេន ជាផ្លូវការ និងជាស្ថាពរហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...