ប្រធានបក្សធ្លាក់ឆ្នោត១៤ ឡើងជា«ឯកឧត្ដម-លោកជំទាវ»ឋានៈស្មើទេសរដ្ឋមន្ត្រី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 06, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចបានគ្រោងទុក កាលពីពាក់កណ្ដាលខែសីហា បន្ទាប់ពីមានជំនួប ជាមួយលោក ហ៊ុន សែន នៅក្នុងវិមានសន្តិភាពនោះរួច សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំនួន ៣០នាក់ មកពីគណបក្សប្រជាជនកម្ពុជា ដែលឈ្នះអសនៈសភាទាំងអស់ និងគណបក្ស ចំនួន១៤ ផ្សេងទៀត ដែលមិនបានឈ្នះ សូម្បីមួយអសនៈសភានោះ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកញ្ញានេះ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន ស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។
ព្រះរាជក្រឹត្យបានបង្ហាញឈ្មោះ ប្រធានគណបក្សទាំង១៤ ដែលមិនជាប់ឆ្នោត រាប់ទាំងគណបក្សដែលមានវ័យចំណាស់ និងទាំងគណបក្ស ដែលទើបត្រូវបានបង្កើត បានប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោត ដូចជាលោក ញឹក ប៊ុនឆៃ - លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង - លោក ម៉ម សូណង់ដូ - អ្នកស្រី សុខរ័ត្ន សុវណ្ណ បញ្ចាសីលា - ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ - លោក ពេជ្រ ស្រស់ - អ្នកស្រី ពោធិតី សាវត្ថី - លោក គង់ មូនីកា និងលោក កែម រិទ្ធិសិត ជាដើម ដែលពីថ្ងៃនេះតទៅ នឹងត្រូវគេហៅថា «ឯកឧត្ដម» ឬ «លោកជំទាវ» មានឋានៈស្មើទេសរដ្ឋមន្ត្រី។ មន្ត្រី១៤នាក់ទៀត ដែលមានតួនាទី ជាអនុប្រធាន ឬអគ្គលេខាធិការគណបក្ស ក៏ត្រូវបានបង្ហាញ ក្នុងព្រះរាជក្រឹត្យដដែលដែរ ដោយ«ឯកឧត្ដម-លោកជំទាវ»ទាំងនេះ មានឋានៈស្មើ រដ្ឋមន្ត្រី។
ឋានៈបញ្ច្រាសតួនាទី...
បើតាមការប្រកាស របស់លោក ហ៊ុន សែន កាលពីខែមុន ស្ដីពីសមាសភាព និងយន្តការ នៃការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» គឺ «គណបក្សនីមួយៗ មានតំណាង០២រូប ដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី»។ បន្ទាប់មក លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែម នៅពេលនោះថា៖
«ប្រតិភូមានពីរនាក់ ក្នុងមួយគណបក្សនោះ មានមួយជាប្រធានប្រតិភូ ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ឯអនុប្រធានប្រតិភូ មានឋានៈស្មើនឹងរដ្ឋមន្ត្រី ហើយនឹងមានប្រាក់បៀវត្ស ដែលជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី»។
តែនៅក្នុងព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រ ក្រៅពីមន្ត្រីពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ឯក សំអុល (ប្រធានប្រតិភូ ដែលមិនមែនជាប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្ត្រី) និងលោក អ៊ក គឹមហ៊ាន (អនុប្រធានប្រតិភូ ដែលមិនមែនជាអនុប្រធាន ឬអគ្គលេខាធិការគណបក្ស មានឋានៈស្មើរដ្ឋមន្ត្រី) នោះ ប្រតិភូពីរនាក់ មកពីគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ត្រូវបានតែងតាំងបញ្ច្រាស នឹងមុខតំណែង របស់ពួកគេទៅវិញ។
លោក ប្លាង សីន ដែលជាប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ត្រូវបានតែងតាំង ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី ខណៈលោក ស៊្រូយ ខេត ដែលជាអនុប្រធានគណបក្សនេះ ត្រូវបានតែងតាំង ឲ្យមានឋានៈស្មើទេសរដ្ឋមន្ត្រី ទៅវិញ។ ឬមួយគណបក្សនេះ សម្រេចឲ្យអនុប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈប្រធានគណបក្ស មានឋានៈស្មើរដ្ឋមន្ត្រី?
ប្រាំគណបក្សបដិសេធ...
គួរបញ្ជាក់ដែរថា គណបក្សចំនួនបួន បានបដិសេធក្នុងពេលភ្លាមៗ មិនចូលរួម ក្នុងឧត្ដមក្រុមប្រឹក្សានេះទេ។ គណបក្សទាំងបួនមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា - គណបក្សមាតុភូមិយើង ដឹកនាំដោយលោក ច័ន្ទ ប៊ុនហន - គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយលោក យ៉េង វីរៈ និងគណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន។ រីឯគណបក្សខ្មែរសាធារណៈរដ្ឋ ដែលដឹកនាំដោយលោក លន់ ឬទិ្ធ បានចូលរួមប្រជុំ ជាមួយលោក ហ៊ុន សែន តែពេលក្រោយមក គណបក្សនេះក៏បានបដិសេធ មិនចូលរួមក្នុងស្ថាប័នមួយនេះដែរ៕