មេទ័ពកំពូល វង្ស ពិសេន ជានរណា?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 07, 2018
- ប្រធានបទ: ប្រវត្តិមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន - លោក គន់ គីម និងលោក មាស សុភា។ ចាប់ពីថ្ងៃនេះតទៅ គេត្រូវបើករជ្ជកាលកងទ័ពថ្មី នៃរាជាណាចក្រកម្ពុជា ជាមួយនឹងលោក វង្ស ពិសេន - លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត។
មន្ត្រីយោធាទាំងបី ត្រូវបានព្រះមហាក្សត្រ ត្រាស់តែងតាំង កាលពីម្សិលម៉ិញ ឲ្យក្លាយជា អគ្គមេបញ្ជាការ (មេទ័ពកំពូល) - អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ (មេទ័ពរង) នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (មេទ័ព នៃកងទ័ពជើងគោក) តាមការទូលស្នើសុំ ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។
បន្ទាប់ពីត្រូវបានតែងតាំង លោកមេទ័ពទាំងបី ត្រូវបានប្រកាស ឲ្យចូលកាន់តំណែង ជាផ្លូវការ ក្នុងរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅឯក្រសួងការពារជាតិ។ ពីក្នុងចំណោមនោះ លោក វង្ស ពិសេន ត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្ដមសេនីយ (ផ្កាយបួន)។
គ្មានអ្វីចម្លែកទេ មេដឹកនាំយោធាទាំងបីរូប នឹងត្រូវនៅក្រោមបង្គាប់ របស់ក្រសួងការពារជាតិ ដែលជាសេនាធិការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ បើសង្ខេបឲ្យខ្លី ឬនិយាយឲ្យស្រួលស្ដាប់ មេទ័ពទាំងបីរូប ត្រូវនៅក្រោមបញ្ជា របស់បុរសខ្លាំងតែម្នាក់គត់ ដែលជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងមូល និងជានាយឧត្ដមសេនីយផុតលេខ (ផ្កាយប្រាំ)។
តើ មេទ័ពកំពូលថ្មី ឈ្មោះ វង្ស ពិសេន នេះ ជានរណា?
ផ្ទុយពីលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោក ហ៊ុន សែន និងដែលនរណាៗ ក៏ស្គាល់ដែរនោះ លោកមេទ័ពរពីរូបទៀត មិនសូវត្រូវបានអ្នកផងជជែក រំលឹក ឬដឹងឮច្រើន ពីពួកលោកទេ ជាពិសេស គឺលោក វង្ស ពិសេន តែម្ដង ដែលចាប់ពីថ្ងៃនេះតទៅ លោកត្រូវបញ្ជា និងគ្រប់គ្រងកងទ័ព នៅពេញមួយរាជាណាចក្រ។
បើរំលឹកមកវិញបន្តិច លោក វង្ស ពិសេន គឺជាអ្នកស្រុកព្រៃវែង។ លោកកើតនៅឆ្នាំ ១៩៥៧ ក្នុងភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ចេញពីត្រកូលគ្រូបង្រៀនមួយ (ឪពុកលោកឈ្មោះ ម៉ម ពេញវង្ស ជាគ្រូបង្រៀន និងម្តាយលោកឈ្មោះ សេក យ៉ាន់ ជាមេផ្ទះ)។
នៅមុនឆ្នាំ១៩៧៥ យុវជន វង្ស ពិសេន បានសិក្សារៀនសូត្រ នៅវិទ្យាល័យព្រៃវែង រហូតដល់ចប់ថ្នាក់ ទី០១ចាស់។ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) លោក ពិសេន បានក្លាយខ្លួន ជាកងចល័ត (កម្លាំងយុវជន ដែលត្រូវធ្វើការផ្លាស់ទី និងទទួលបន្ទុកធ្វើការធ្ងន់ៗ) នៅស្រុកស្វាយដូនកែវ ខេត្តពោធិ៍សាត់។
បន្ទាប់ពីចេញពីរបបខ្មែរក្រហម លោកបានចូលបម្រើកងទ័ព ក្នុងឆ្នាំ១៩៧៩ និងទទួលបានការតំឡើងតំណែង តួនាទី និងឋានន្តរស័ក្តិ ជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ ២០០៧ លោកបានក្លាយជាមេបញ្ជាការរង និងជានាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកបានកាន់តំណែងនេះ លុះត្រាលោកត្រូវបានតែងតាំង ឲ្យក្លាយជាមេទ័ពកំពូល កាលពីម្សិលម៉ិញ។
មេទ័ពកំពូលរូបនេះ បានរៀបការជាមួយអ្នកស្រី កែវ បូរី និងមានបុត្របីនាក់ ដែលមានឈ្មោះបន្តបន្ទាប់៖ វង្ស សេនពិសិដ្ឋ - វង្ស សេនពិសី (ស្រី) និង វង្ស សេនវិស្សុត។
លក្ខណៈសម្បត្តិពិសេស ដែលគួរឲ្យកត់សម្គាល់នោះ គឺលោក វង្ស ពិសេន ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សនេះ នៅតាមមូលដ្ឋានជាច្រើន (ព្រៃវែង ស្វាយរៀង...)។ លក្ខណៈពិសេសមួយទៀត គឺលោកទទួលបាន ការសិក្សារៀនសូត្រ និងការបំពាក់បំប៉ន យ៉ាងក្រាស់ក្រែល និងមិនតិចដងទេ ពីប្រទេសវៀតណាមកុម្មុយនីស្ដិ៍។
នៅលើប្រព័ន្ធផ្សព្វផ្សាយ របស់កងរាជអាវុធហត្ថ (គេហទំព័រ - បណ្ដាញសង្គម និងប្រព័ន្ធចែករំលែក វីដេអូ) គេតែងឃើញលោក វង្ស ពិសេន ធ្វើបាឋកថា ឬបទបង្ហាញជាច្រើន នៅចំពោះកងកម្លាំងរាជអាវុធហត្ថ ឬកងទ័ព និងថ្លែងឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ពេល ដែលលោកចុះទៅតាមមូលដ្ឋាន។
ព្រឹត្តិការណ៍មួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍ មកលើរូបលោកខ្លាំងនោះ គឺបទបញ្ជាដាក់ឲ្យកងកម្លាំងទាំងអស់ ត្រៀមលក្ខណៈដើម្បីការពាររដ្ឋាភិបាល«ស្របច្បាប់» និងទប់មិនឲ្យមាន «បដិវត្តន៍ពណ៌» នៅក្នុងប្រទេសកម្ពុជា។ បទបញ្ជានោះ ត្រូវបានលោកថ្លែង នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ពោលគឺនៅមួយថ្ងៃ ក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។
នៅពេលនោះ លោក វង្ស ពិសេន បានបញ្ជាឲ្យកងកម្លាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តទាំង ២៥ ត្រូវគ្រប់គ្រងព័ត៌មាន ទាំងក្នុងប្រទេស និងព័ត៌មានក្រៅប្រទេស ឱ្យបានច្បាស់លាស់ ហើយរាយការណ៍ ឱ្យបានទាន់ពេលវេលា មកមេបញ្ជាការគ្រប់ម៉ោង។ លោកបានបញ្ជា ឲ្យកងកម្លាំងរាជអាវុធហត្ថទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងកម្លាំងទ័ព ប្រតិបត្តិការ ទាំងកម្លាំងសិក្ខាកាម មធ្យោបាយ សម្ភារ គ្រឿងបំពាក់ភ័ស្តុភារ បច្ចេកទេស វិទ្យុទាក់ទង រថយន្ត រថពាសដែក ត្រៀមជាស្រេច នៅពេលមានការអ្វី គឺអាចយកមកប្រើប្រាស់ ឲ្យបានទាន់ពេលវេលា។
ខាងក្រោមនេះ ជាបទពិសោធន៍ នៃតំណែង និងតួនាទីរបស់លោក វង្ស ពិសេន ត្រួសៗមួយចំនួន៖
- ឆ្នាំ១៩៧៩ លោកបានចូលបម្រើកងទ័ព
- ឆ្នាំ១៩៨០ លោកត្រូវបានតែងតាំង ជាប្រធានក្រុម
- ឆ្នាំ១៩៨១ លោកជាសិក្ខាកាមអាកាសចរណ៍ និងជាប្រធាន ខ ជំនួយការប្រធានការិយាល័យសេនាជន ខេត្តព្រៃវែង
- ឆ្នាំ១៩៨៤ លោកត្រូវបានតែងតាំង ជាអនុមន្ទីរសេនាធិការយោធា ខេត្តព្រៃវែង
- ឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំង ជាប្រធានមន្ទីរសេនាធិការយោធា ខេត្តព្រៃវែង
- ឆ្នាំ១៩៨៩ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងយោធា ខេត្តព្រៃវែង ថ្នាក់អនុសេនីយ៍ឯក
- ឆ្នាំ១៩៩១ លោកត្រូវបានតែងតាំង ជាអនុបញ្ជាការ F286 ថ្នាកវរសេនីយ៍ត្រី
- ឆ្នាំ១៩៩៥ លោកត្រូវបានតំឡើងឋានរសក្តិ ពីវរសេនីយ៍ទោ រហូតដល់វរសេនីយ៍ឯក និងតែងតាំង ជាមេបញ្ជាការយោធា ខេត្តព្រៃវែង
- ឆ្នាំ១៩៩៩ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ
- ឆ្នាំ២០០១ លោកត្រូវបានតែងតាំងបន្ថែម ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ
- ឆ្នាំ២០០៣ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងកងរាជអាវុធ លើផ្ទៃប្រទេស និងតំឡើងឋានន្តរស័ក្តិ ដល់ថ្នាក់ឧត្តមសេនីយ៍ទោ
- ចាប់ពីឆ្នាំ២០០៧ រហូតមក លោកត្រូវបានតែងតាំង ជាមេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងតំឡើងឋានន្តរស័ក្តិ ដល់ថ្នាក់ឧត្តមសេនីយ៍ឯក៕
--------------
បញ្ជាក់៖ អត្ថបទនេះ ជាការស្រាវជ្រាវចេញពីឯកសារផ្លូវការ និងមិនផ្លូវការមួយចំនួន ដែលអាចមានចន្លោះប្រហោង ដែលមិនមែនជាចេតនា របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឡើយ។ ទស្សនាវដ្ដី នឹងទទួលយក ការបំពេញចន្លោះប្រហោងនោះ ដោយក្ដីសោមនស្ស។