ហ៊ុន សែន ប្រាប់មន្ត្រី CNRP ដែលមិនជាប់ឆ្នោត ឲ្យចុះចូល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 22, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់ និងនៅសល់ពេលវេលា តែពីរថ្ងៃទៀតប៉ុណ្ណោះ! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃនេះ តាមប្រព័ន្ធឃោសនារបស់លោក ប្រាប់ទៅបណ្ដាមន្ត្រី ឬសកម្មជន របស់គណបក្សសង្គ្រោះជាតិ ដែលមានវាសនា បានត្រឹមធ្វើជាបេក្ខជន តែមិនបានជាប់ឆ្នោត នៅក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនានេះ ឲ្យ«ចុះចូល» ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន«តំណែង» មកអង្គុយជំនួស មន្ត្រីគណបក្សប្រឆាំង ដែលបានបាត់បង់តំណែង តាមអំណាចសាលក្រមតុលាការកំពូល ដោយអនុលោមតាមច្បាប់ ស្ដីពីគណបក្សនយោបាយ (ឬច្បាប់ស្ដីការបោះឆ្នោត) ដែលទើបត្រូវបាន ធ្វើវិសោធនកម្មថ្មីថ្មោង។
សារព័ត៌មានមួយ ដែលគេស្គាល់ថា ជាអ្នកនាំពាក្យរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានស្រង់សំដីរបស់បុរសខ្លាំងកម្ពុជា មកបញ្ជាក់ថា៖ «អ្នកដែលមិនមែនជា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ តែបានឈរឈ្មោះ ហើយមិនជាប់ឆ្នោត ដូច្នេះយើងនឹងផ្ដល់ការអនុគ្រោះ ឲ្យពួកគេក្លាយ ទៅជាសមាជិកក្រុមប្រឹក្សា ឬជំទប់ ជំនួសកន្លែងអ្នកដែលជាប់ឆ្នោត របស់គណបក្សមួយនេះ ដែលមិនបានចូលរួមជាមួយ គណបក្សប្រជាជន»។
សារព័ត៌មានដដែលនេះ បានហៅការអំពាវនាវឲ្យ«ចុះចូល»នេះ ជា«កាដូដ៏ធំ» ដោយលើកយកការអះអាង របស់លោក ហ៊ុន សែន មកបញ្ជាក់ទៀតថា ក្រុមអ្នកចុះចូល នឹង«ទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមក តុលាការកំពូល ដែលមានសមាសភាពចៅក្រម ភាគច្រើន និងអគ្គព្រះរាជអាជ្ញា ជាមន្ត្រីជំនិត របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចកាត់សេចក្ដី រំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមន្ត្រីចៅក្រមទាំងនេះ បានយល់ឃើញ «ស្របច្បាប់» និង«ធ្វើតាម» បណ្ដឹងរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចូល មកកាន់ស្ថាប័នយុត្តិធម៌ដ៏កំពូលមួយនេះ កាលពីដើមខែមុន។
ភ្លាមៗបន្ទាប់ពីការប្រកាសសាលក្រម របស់តុលាការកំពូល លោក ហ៊ុន សែន បានចេញមកប្រកាសទុកពេល ចំនួន១សប្ដាហ៍ទៀត ដើម្បីឲ្យមន្ត្រី ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ធ្វើការចុះចូល។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ចរន្ដ និងចលនានៃការចុះចូល មានចំនួនតិចតួចបំផុត បើប្រៀបធៀប ទៅនឹងការខិតខំប្រឹងប្រែង និងការព្យាយាមម្ដងហើយម្ដងទៀត របស់លោក ហ៊ុន សែន។
បើតាមច្បាប់ស្ដីពីបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាច្បាប់មួយ ក្នុងចំណោមច្បាប់ទាំង៤ ដែលរងការធ្វើវិសោធនកម្ម យ៉ាងតក់ក្រហល់កាលពីដើមខែតុលា បានចែងថា បើគណបក្សនយោបាយមួយ ត្រូវបានតុលាការរំលាយនោះ អសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សនោះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្ត ហើយត្រូវដកហូត ទៅឲ្យគណបក្សផ្សេង ដែលទទួលបានសម្លេងបន្ទាប់ ឬដែលបានឈរឈ្មោះ នៅក្នុងកន្លែងតែមួយនោះ។
ប៉ុន្តែច្បាប់កែថ្មីទាំងនេះ ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជា «ច្បាប់តិរច្ឆាន» ដែលគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បានបង្កើតឡើង ដើម្បីគ្រាន់តែ«ប្លន់»យកអសនៈស្របច្បាប់ របស់គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។
ការអំពាវនាវជាថ្មី របស់លោក ហ៊ុន សែន មិនទាន់ទទួលបានប្រតិកម្ម ពីមន្ត្រីផ្លូវការរបស់គណបក្សសង្គ្រោះជាតិ នៅឡើយ។ យ៉ាងណា ការអំពាវនាវក្នុងពេលកន្លងមក របស់លោកនាយករដ្ឋមន្ត្រី បានរងការចំអក មិនត្រឹមតែពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំងទេ សូម្បីតែមន្ត្រីនៅតាមមូលដ្ឋាន របស់គណបក្សនេះ ក៏បានចេញជាវីដេអូ ចំអកឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា យ៉ាងចាស់ដៃដែរ។ សាររបស់ក្រុមមន្ត្រីទាំងនោះ មានលក្ខណៈប្រហាក់ប្រហែលគ្នា គឺ«មិនក្បត់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត» ដែលផ្ដល់ការទុកចិត្ត មកលើក្រុមខ្លួន និង«មិនក្បត់» គណបក្សសង្គ្រោះជាតិ ជាដាច់ខាត៕