សម រង្ស៊ី៖ ទាមទារទឹកដីដែលបាត់បង់ដោយសន្តិវិធី និងរកយុត្តិធម៌ឲ្យខ្មែរ
ស្វាយរៀង៖ ថ្លែងទៅកាន់អ្នកគាំទ្រ រាប់ពាន់នាក់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅឯខេត្តស្វាយរៀង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសន្យា បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីការពារបូរណៈភាពទឹកដី និងទាមទារ យកមកវិញ នូវទឹកដីដែលបានបាត់បង់ ក្នុងពេលថ្មីៗនេះដោយសារបរទេសឃ្លានពាន។
លោកសម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រនៅខេត្តស្វាយរៀងនៅថ្ងៃទី២៥ខែកក្កដានេះ។ (រូបថត គណបក្ស)
លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រគណកប្សសង្គ្រោះជាតិ នៅឯវិមានឯករាជ្យស្ថិតក្នុងកណ្តាលក្រុងស្វាយរៀងថា ការត្រឡប់មកវិញរបស់លោក ដែលបានចេញពីប្រទេសអស់រយៈពេលជាង៤ ឆ្នាំ ដោយសារតែតុលាការខេត្តស្វាយរៀងនោះ គឺលោកមកសង្គ្រោះទឹកដីប្រទេសកម្ពុជា សង្គ្រោះដីស្រែដីចំការប្រជាពលរដ្ឋ។ លោកបានបន្លឺតាមប្រដាប់បំពងសម្លេងថា ៖ «យើងនឹងបើកទំព័រថ្មីមួយ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាគឺសរសេរទំព័រថ្មីមួយ អំពីការការពារបូរណៈភាពទឹកដីរបស់ខ្លួន។ យើងទាមទារមកវិញទឹកដីប្រទេសកម្ពុជា ដែលយើងបានបាត់បង់ក្នុងពេលថ្មីៗនេះ ដែលបរទេសឃ្លានពានបានលេបត្របាក់។ យើងនឹងទាមទារមកវិញតាមវិធីអហឹង្សា និងសន្តិវិធី ដើម្បីប្រគល់ជូនប្រទេសកម្ពុជា និងប្រជារាស្ត្រខ្មែរដែលជាម្ចាស់វិញ។»
បន្ទាប់ពីការថ្លែងទៅកាន់អ្នកគាទ្រនៅឯវិមានឯករាជ្យ លោកសម រង្ស៊ីក៏បានដើរទិញនំអន្សម បន្លែ ត្រី សាច់មាន់ រួចក៏បានឡើងលើរថយន្តកូរ៉េដោយកាន់ដៃអ្នកស្រី មាស ស្រី ថ្លែងទៅរកអាជីវករឲ្យដឹងថា ពួកជនខិលខួច ពួកផ្តាច់ការ ពួកពុករលួយបានមកលួចប្លន់ពីដីស្រែចំការ ព្រៃឈើ ភ្នំ បឹងបួរ ស្ទឹង កោះ ពីប្រជារាស្ត្រ យកទៅលក់ឲ្យក្រុមហ៊ុនឯកជន ដូច្នេះ លោកនឹងទាមទារយកមកវិញ ហើយលោកត្រូវតែបោសសំអាតអំពើពុករលួយ ដោយលោកមិនយកលុយធ្វើធំនោះទេ គឺយករាស្ត្រនិងយុត្តិធម៌ធ្វើធំ។ លោកបានថ្លែងថា៖ «ពេលវេលាមកដល់ហើយ ប្តូរចេញទៅដើម្បីផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ ជាពិសេសយុត្តិធម៌ជូនអ្នកក្រ។ យួនវាចូលមកច្រើនណាស់ វាបង្ខិតព្រំដែនចូលមកទឹកដីចូលទឹកដីយើង អាណិតជនជាតិខ្មែរណាស់ បាត់បង់ដីស្រែដោយសារយួនចេះតែចូល។ ហើយរដ្ឋអំណាចយើង អត់មានការពារខ្មែរគ្នាឯងសោះ ការពារតែយួនឈ្លានពាន ឥឡូវគេយកយួនមកបោះឆ្នោតឲ្យហ៊ុន សែន ដូច្នេះខែ្មរបោះឆ្នោតឲ្យសម រង្ស៊ី ដើម្បីការពារទឹកដីយើង។»
លោកបានថ្លែងឲ្យដឹងទៀតថា លោកនឹងសង្គ្រោះជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដោយផ្តល់ប្រាក់ឧបត្ថម្ភដល់លោកយាយ លោកតា ដែលអត់ទីពឹងដោយផ្តល់ប្រាក់ខែជូនមួយខែ៤ម៉ឺនរៀល តំឡើងប្រាក់ខែជូនកម្មករនិយោជិកគ្រប់ស្ថាប័ន គ្រប់រោងចក្រឲ្យបាន១៥០ដុល្លារក្នុង១ខែ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ ប៉ូលីស គ្រូបង្រៀន ឲ្យបាន១លានរៀលក្នុង១ខែ រៀបចំប្រព័ន្ធសុខាភិបាល ដើម្បីឲ្យអ្នកក្រទៅព្យាបាលជំងឺ ដោយមិនចាំបាច់បង់ប្រាក់ រៀបចំអាហារូបករណ៍ឲ្យកូនខ្មែរកូនអ្នកក្រ ឲ្យបានទៅ រៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ដូចកូនអ្នកធំដូចកូនអ្នកមាន រៀបចំប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធអប់រំ ដើម្បីផ្តល់ការងារជូនដល់យុវជនឲ្យមានការងារត្រឹមត្រូវ មានប្រាក់ខែសមរម្យទាំងអស់គ្នា រៀបចំបញ្ចុះថ្លៃទំនិញដើម្បីកុំឲ្យឡើងកប់ពពក រៀបចំកសិកម្មឲ្យកសិករខ្មែរ មានទីផ្សារមិនមែនធ្វើបាបកសិករខ្មែរនោះទេ។
លោកបានប្រកាសទៀតថា ៖ «នៅសល់តែបីថ្ងៃទៀតទេ ខ្ញុំនឹងប្រមូលមកឲ្យប្រជារាស្ត្រខ្មែរវិញ កសិករខ្មែរដូចជាករណីអ្នកស្រី មាស ស្រី ដែលអាជ្ញាធរយួន មកបោះបង្គោលលើដីគាត់តាំងពីដូនតា មកនៅពេលដែលគាត់ចូលរួមដក បែរជាចាប់ដាក់គុក ចុះ ឈូក បណ្ឌិត ស្អីគេនោះ បាញ់កម្មករបីនាក់ឲ្យរបួស បែរជារួចខ្លួនទៅវិញអយុត្តិធម៌ណាស់»។
មុននិងការមកដល់របស់លោកសម រង្ស៊ីនោះសម្លេងដូរមិនដូរ មិនដូរទេ ស្ម័គ្រលុះក្ស័យ វាងអ្នកគាំទ្រគណបក្សទាំងពីរបានស្រែកតថ្លៃគ្នាយ៉ាងតឹងសសៃក ដោយគណកប្សប្រជាជនមានរថយន្តទំនើបៗ តន្ត្រីប្រគុំលើរថយន្តកុងទីន័រ រីឯគណបក្សសង្គ្រោះជាតិចាក់មេក្រូលើម៉ូតូនិងលើគោយន្ត។
លោក ហាស សាយ អាយុ៧៥ ឆ្នាំដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា លោកគាំទ្រលោក សម រង្ស៊ីពីព្រោះគាត់ ជាអ្នកស្នេហាជិត ហើយហាននិយាយនូវការពិត។ លោកបានថ្លែងឲ្យដឹងថា ៖ «មិនឲ្យខ្ញុំគាំទ្រគាត់យ៉ាងម៉េច បើគាត់ហ៊ានប្រឆាំងជាមួយយួន យកដីខ្មែរពីយួនវិញ ផ្ទះខ្ញុំឥឡូវគេបង្ខិតបង្គោលព្រំដែនមកដល់ហើយហ្នឹង បើនៅតែគាំទ្រគណបក្សប្រជាជនទៀត ច្បាស់ជាអស់ទាំងផ្ទះអស់ទាំងដី»។
រីឯអ្នកគាំទ្រគណបក្សប្រជាជន ដែលបានរាំលេងឌឺដងនោះលោក កៅ ភន បានថ្លែងឲ្យដឹងថា លោកស៊ូលុះក្ស័យនឹងមិនផ្លាស់ប្តូរនោះទេ ពីព្រោះគណបក្សប្រជាជនកម្ពុជា បានធ្វើមានការរីកចំរើនមានការអភិវឌ្ឍន៍តាំងពីទីរួមខេត្ត រហូតដល់ភូមិ ឃុំ តើឲ្យផ្លាស់ប្តូរយ៉ាងម៉េច។ លោកបានឲ្យដឹងទៀតថា ៖ «ដូរម៉េចកើតបើមេដឹកនាំចេះតែរត់ចូលស្រុក បានត្រឹមតែសន្យាគ្មាន ខ្ញុំមិនជឿទេ មានតែគណបក្សប្រជាជនកម្ពុជាទេ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណកម្មាការព្រំដែន របស់រដ្ឋាភិបាលលោកវ៉ា គឺមហុង បានថ្លែងឲ្យដឹងថា វាគ្មានអ្វីដែលថ្មីទេ លោកសម រង្ស៊ីតែងតែឃោសនាអញ្ចឹងដើម្បីស្វែងរកសំលេងគាំទ្រ ហើយធ្វើឲ្យប្រជាជនដែលមិនដឹងអីជឿ គាត់គ្មានអំណះអំណាងទេ ហើយលោកនាយករដ្ឋមន្ត្រី ក៏បានបកស្រាយអស់ហើយដែរ ទាក់ទិនទៅនឹងបញ្ហាព្រំដែននេះ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «បើគាត់ថាបាត់តើបាត់ត្រង់ណា ចង្អុលមក បង្ហាញមក ខ្ញុំនឹងចុះទៅមើល ថាតើបាត់មែនរឺក៏មិនមែន កុំចេះតែថាយកសម្លេងឆ្នោត»។
ទាក់ទិនទៅនឹងរឿងព្រំដែននេះ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ តុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ ឲ្យមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាប់គុករយៈពេល ២ឆ្នាំ ក្រោមបទចោទថា លោកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានដឹកនាំ ការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា និងវៀតណាម។ ប៉ុន្តែនៅថ្ងៃទី១២ ខែកក្កដា ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខានៅ លើកលែងទោស ដោយធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកក្កដានោះដដែល។
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ