កម្ពុជា៖ ក្រសួងការបរទេសប្រតិកម្ម ចំពោះការព្រមានរបស់ស្ថានទូតអាមេរិក
ក្រសួងការបរទេសកម្ពុជា បានធ្វើការប្រតិកម្មចំពោះស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ដែលបានសម្តែងការព្រួយបារម្ភ អំពីស្ថាភាពនយោបាយនៅកម្ពុជា។ ទន្ទឹមនឹងនេះ ស្ថានទូតរបស់ប្រទេសមហាអំណាច ក៏បានព្រមានពលរដ្ឋរបស់ខ្លួន ដែលកំពុងមានវត្តមាននៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ខណៈដែលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។
សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងទៅកាន់អ្នកការសែតនៅព្រឹកនេះថា៖ «អាមេរិកបានលើកឡើងនេះ គឺគ្រាន់តែជាការលើកឡើងដោយខ្លួនឯងទេ ហើយលោកយល់ថា បរទេសផ្សេងទៀត គេមិនមានការព្រួយបារម្ភដូចសហរដ្ឋអាមេរិកនោះទេ»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងខិតខំធ្វើយ៉ាងណា ឲ្យការបោះឆ្នោតនេះអាចប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងសន្តិភាព។ អ្នកនាំពាក្យរូបនេះអះអាងថា៖ «ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រជាធិបតេយ្យ តម្លាភាព មិនមានអ្វីធ្វើឲ្យមានភាពច្របូកច្របល់ដូចអ្នកមួយចំនួនមានការ ព្រួយបារម្ភទេ»។
ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហោះសារអេឡិចត្រូនិក លើទំព័រហ្វេសបុករបស់ខ្លូន។ ដោយធ្វើការព្រមានពលរដ្ឋសហរដ្ឋអាមេរិចទាំងអស់ ដែលកំពុងរស់នៅ និងមានបំណងធ្វើដំណើរចូលមកប្រទេសនេះ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
ស្ថានទូតក៏បានស្មើដល់ពលរដ្ឋអាមេរិចទាំងអស់ មិនត្រូវធ្វើដំណើរទៅកាន់កន្លែងណា ដែលមានហ្វូងមនុស្សប្រមូលផ្តុំគ្នាច្រើន បើទោះជាការប្រមូលផ្តុំរបស់គណបក្សនយោបាយមួយចំនួនកន្លងមក មិនទាន់មានករណីអំពើហិង្សា បាតុកម្ម ឬព្រឹត្តិការណ៍ផ្សេងៗក៏ដោយ។ តែស្ថានទូតនេះបានវាយតម្លៃថាការ ប្រឈមមុខដាក់គ្នា និងអាចឈានទៅដល់ការប្រើអំពើហិង្សា អាចនឹងកើតឡើងជាយថាហេតុ។
នៅថ្ងៃនេះលើទំព័រហ្វេសបុកគេឃើញមានការបង្ហោះ និងចែកចាយបន្តគ្នានូវវីឌីអូមួយមានរយៈពេលមិនលើសពីប្រាំនាទី ដែលបានបង្ហាញឲ្យឃើញពីការប៉ះទង្គិចគ្នា ដោយហិង្សារវាងយុជនរបស់គណៈបក្សនយោបាយធំពីរ។ បន្ទាប់ពីការប៉ះទង្គិចបានបញ្ចប់ គេក៏ឃើញមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
លោក កែម ឡី អ្នកវិភាគឯករាជ្សអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានពន្យល់ថា ការព្រួយបារម្ភរបស់ស្ថានទូតអាមេរិកវាជាការត្រឹមត្រូវ ព្រោះកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លង គេសង្កេតឃើញមានការប៉ះទង្គិចគ្នាទាំងពាក្សសំដី និងហិង្សា។
លោកបន្ថែមថា៖ «កន្លងមានអ្នកដឹកនាំមួយរូប បានព្រមានថាមានសង្រ្គាម ខ្មែរក្រហមអាត្រឡប់មកវិញ ខណៈដែលមានវិទ្យុមួយផ្សាយថាពួកយោធានឹងធ្វើរដ្ឋប្រហារ បើគណបក្សប្រឆាំងឈ្នះឆ្នោត»។ លោកបានសម្តែងការសោកស្តាយថា អ្នកដឹកនាំស្ថាប័នដែលមានកាតព្វកិច្ច ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ តែបែជាផ្ញើរសារគំរាមកំហែងដែលមានលក្ខណៈហឹង្សាទៅវិញ។
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ